ព័ត៌មានជាតិ

ម៉ាឡេស៊ីកែលំអរ លក្ខខណ្ឌស្រួលជាងមុន ដើម្បីជ្រើសរើសពលករខ្មែរ ទៅធ្វើការ

ភ្នំពេញ៖ លោក ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ម៉ាឡេស៊ីបានកែលំអរនូវលក្ខខណ្ឌដែលមានការងាយស្រួលជាងពេលមុន ដើម្បីជ្រើសរើសពលរដ្ឋខ្មែរទៅធ្វើការ ដូចជាការតំឡើងប្រាក់ឈ្នួលខ្ពស់ជាងមុន ដើម្បីទាក់ទាញពលករបរទេស ពិសេសពលករកម្ពុជា ឲ្យទៅធ្វើការនៅប្រទេសរបស់ខ្លួ​ន ឲ្យកាន់តែច្រើនថែមទៀត។

លោកថ្លែងបែបនេះ ក្រោយជំនួបពិភាក្សាការងាររវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ជាមួយទីភ្នាក់ងារជ្រើសរើសពលករម៉ាឡេស៊ីចំនួនបី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ លោក ហ៊ូ វុឌ្ឍី បន្តថា នីតិវិធីជ្រើសរើសពលករថ្មី គឺពលករមិនចាំបាច់ចំណាយពេលវេលាយូរដូចមុនទេ ពោលឲ្យតែភាគីម៉ាឡេស៊ីត្រូវការពលករអាចបញ្ជូនទៅធ្វើការបានខណៈ កាលពីមុន ពលករត្រូវមានកិច្ចសន្យាការងារ និងបំពេញបែបបទផ្សេងៗទៀត ទើបអាចបញ្ជូនទៅបាន ត្រូវប្រើពេលយូរ។

ទន្ទឹមនឹងនេះម៉ាឡេស៊ី បានតំឡើងប្រាក់ឈ្នួលដល់ពលករបរទេសដែលទៅធ្វើការនៅម៉ាឡេស៊ីប្រមាណជាង៣០០ដុល្លារក្នុង១ខែ ដើម្បីឲ្យពលករទទួលប្រាក់ចំណូលខ្ពស់ ជាងមុនក្នុងការ ដោះស្រាយជីវភាពប្រចាំថ្ងៃ និងផ្ញើត្រឡប់មកស្រុកកំណើតផងដែរ។

ឱកាសនោះ លោក អ៊ិត សំហេង បានស្នើឲ្យទីភ្នាក់ងារជ្រើសរើសពលករម៉ាឡេស៊ីទាំងបី សហការជាមួយទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ត្រូវធ្វើការរួមគ្នាជាឯកច្ឆ័នក្នុងសំលេង តែមួយជាមុនសិន ពាក់ព័ន្ធទៅនឹងលក្ខខណ្ឌការងារថ្មីៗ ហើយបន្ទាប់ពីបានលទ្ធផលហើយ ក្រុមការងារបច្ចេកទេស នៃប្រទេសទាំងពីរ ត្រូវពិភាក្សាគ្នាឡើងវិញ លើកិច្ចការងារទាំងនេះ មុននឹងដាក់ឲ្យរដ្ឋមន្ត្រីប្រទេសទាំងពីរសម្រេច ចុងក្រោយ។

លោករដ្ឋមន្ត្រីបន្តថា ប្រាក់ឈ្នួលនៅកម្ពុជាក៏មានការកើនឡើងខ្ពស់ ដូច្នេះម៉ាឡេស៊ីត្រូវផ្តល់ផលប្រយោជន៍ដល់ពលករកម្ពុជា តាមរយៈប្រាក់ឈ្នួលខ្ពស់ និងលក្ខខណ្ឌការងារល្អ ទើបអាចទាក់ទាញពលករកម្ពុជាចេញទៅធ្វើការនៅទីនោះបាន។ រីឯប្រទេសដែលជាគោលដៅប្រកួតប្រជែងក៏មានច្រើនផងដែរ ដូចជាកូរ៉េ ជប៉ុន សិង្ហបុរី ថៃជាដើម។

សូមបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានផ្អាកការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការនៅម៉ាឡេស៊ី កម្ពុជាបានរៀបចំយន្តការ និងបទដ្ឋានគតិយុត្តិជាច្រើន សម្រាប់ការពារគ្រប់គ្រង និងលើកកម្ពស់សិទ្ធិដល់ពលករខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅម៉ាឡេស៊ី។

កម្ពុជានិងម៉ាឡេស៊ី កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ រួមមាន៖១- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការជ្រើសរើស និងប្រើប្រាស់ពលករ , ទី២-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការជ្រើស រើស និងប្រើប្រាស់ពលករការងារផ្ទះ។

បច្ចុប្បន្នទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាដែលទទួលបានកាអនុញ្ញាតពីក្រសួងការងារមានចំនួន១០៣ ឲ្យធ្វើការជ្រើសរើសបណ្តុះបណ្តាលបញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស។ ក្នុងនោះម៉ាឡេស៊ីមានចំនួន ៦៩ ក្រុមហ៊ុន(គិតត្រឹម ខែតុលា ឆ្នាំ២០១៨)៕

Facebook Comments

To Top