ព័ត៌មានជាតិ

អ្នកជំនាញ ខាងកសិកម្ម ៖ ១ថ្ងៃ កម្ពុជា នាំចូលផ្លែផាសិន ពីវៀតណាម ៥តោន

ភ្នំពេញ៖ ប្រធានសមាគម មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍ កសិកម្មកម្ពុជាលោក យ៉ង សាំងកុមារ បានឲ្យដឹងថា កម្ពុជាបាននាំចូលផ្លែក្រូចវល្លិ៍ (ផាសិន) ពីប្រទេសវៀតណាម យកមកលក់ក្នុង១ថ្ងៃៗ ចំនួន៥តោន ខណៈតម្រូវនៅទូទាំងប្រទេសចំនួន១០តោន ។

ក្នុងឱកាសចុះទស្សនា ចំការផ្លែផាសិន របស់ជនជាតិដើមភាគិត ស្ថិតនៅស្រុកដាក់ដាំ ខេត្តមណ្ឌលគិរី នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក យ៉ង សាំងកុមារ បានថ្លែងថា “តាមខ្ញុំដឹង យើងយកតួលេខតាមការនាំចូល ។ នាំចូលខាងក្រៅពីវៀតណាម ក្នុង១ថ្ងៃប្រហែលជា៥តោន ប៉ុន្តែយើងអាចថា តម្រូវការខ្ទង់១ថ្ងៃ ប្រហែលជា១០តោនទូទាំងប្រទេស”។

ដើម្បីកាត់បន្ថយការ នាំចូលផ្លែក្រូចវល្លិ៍ លោកបានជំរុញប្រជាកសិករនៅតាមតំបន់នានា ក្នុងខេត្តកោះកុង មណ្ឌលគិរី កំពង់ស្ពឺ បាត់ដំបង និងកំពតជាដើម ដាំដុះផ្លែក្រូចវល្លិ៍ឲ្យបានច្រើន ហើយលោកក៏បាននឹងកំពុងរៀបចំ ជាសមាគមក្រុមអ្នកដាំផងដែរ។

លោកថា ក្រៅពីការងារជាមួយជនជាតិ ដើមភាគតិច នៅខេត្តមណ្ឌលគិរី លោកនឹងពង្រឹងពង្រីកជាមួយកសិករនៅខេត្តផ្សេងទៀតដែរ។

ប្រធានសមាគមមជ្ឈមណ្ឌលសិក្សាបន្តទៀតថា មិនត្រឹមតែដាំកសិកម្មជំនួសការនាំចូលទេ តែក៏ដាំសម្រាប់ការនាំចេញទៅក្រៅប្រទេសដែរ តែសំខាន់នោះ ជំហ៊ានទី១គឺផលិតឲ្យបានគ្រប់គ្រាន់ ជំនួសឲ្យការនាំចូលសិន ។

លោកបញ្ជាក់ថា ផាសិន មានពីរប្រភេទ គឺពណ៌លឿងនិងក្រហម ។ សម្រាប់ពណ៌លឿងអាចដាំបានគ្រប់កន្លែង មានរស់ជាតិជូរល្មម និងផ្អែម ហើយការដាំក៏អាស្រ័យទៅតាមដី ទឹកនិងការថែទាំ ។ ក្នុងនោះនៅកម្ពុជាពណ៌លឿងមានការពេញនិយមច្រើន ។ កន្លងមកផាសិននេះ អត់សូវនិយមបរិភោគឡើយ តែបច្ចុប្បន្ននេះ មានការនិយមបរិភោគ គួរឲ្យកត់សម្គាល់ដែលនេះជាឱកាសដ៏ល្អមួយ សម្រាប់កសិករចង់ចាប់យកអាជីពការដាំដុះ។

លោកជឿជាក់ថា ២-៣ឆ្នាំទៀត នឹងសម្បូរដំណាំផាសិន ដើម្បីផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក នឹងអាចឈានដល់ការនាំ ចេញទៅក្រៅប្រទេសផងដែរ។

ចំណែក លោក លីឡាំ ប្រជាកសិករជនជាតិភាគតិចដែលដាំដើមផាសិន បានឲ្យដឹងថា លោកបានដាំដើមផាសិនរយៈពេល២ឆ្នាំហើយ ។ ឆ្នាំនេះប្រមូលផលបានច្រើន រហូតដល់១តោន ដោយមួយគីឡូលក់បាន៥០០០រៀល ៕

ដោយ៖ធី លីថូ

Facebook Comments

To Top