ព័ត៌មានជាតិ

ផ្លូវជាតិលេខ៤៨ គ្រោងនឹងបញ្ចប់ ជួសជុល នៅពាក់កណ្ដាលខែធ្នូ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ គ្រោងនឹងបញ្ចប់ការជួសជុលបឋម នៅពាក់ កណ្ដាលខែធ្នូឆ្នាំ២០១៨ ខាងមុខ ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើចរាចរ ទៅចូលរួមអបអរសាទរពិធីបុណ្យ សមុទ្រនៅខេត្តកោះកុង និងដឹកទំនិញទៅកាន់ទីផ្សារ យ៉ាងឆាប់រហ័ស។

ក្នុងពិធីចុះពិនិត្យ ស្ថានភាពការដ្ឋានជួសជុលថែទាំផ្លូវជាតិលេខ៤៨ ដែលទទួលរងការខូចខាត ដោយជំនន់ទឹកភ្លៀង កន្លងមក ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល បានលើកឡើងថា ផ្លូវជាតិលេខ៤៨ផ្លូវនេះ មានប្រវែង១៥០គីឡូម៉ែត្រចាប់ពីផ្លូវបំបែកស្រែអំបិល ទៅដល់ទីរួមខេត្តកោះកុង ។ ក្នុងចម្ងាយផ្លូវ ១៥០គីឡូម៉ែត្រនេះ ផ្លូវប្រវែង៦៣គីឡូម៉ែត្រ ត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងៗទៀត។

លោកបញ្ជាក់ថា កំណាត់ផ្លូវដែលរងការខូចខាតប្រវែង ៦៣ គីឡូម៉ែត្រនេះ ត្រូវបានចែកចេញជា៩១កំណាត់ ដើម្បីជួសជុល ដោយអង្គភាពធំៗចំនួនបី រួមមាន ៖ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និងនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ដោយប្រើប្រាស់គ្រឿងចក្រ សម្រាប់ជួសជុលប្រមាណ៤០០គ្រឿង និងប្រើប្រាស់ថវិកាជាតិ សរុបប្រមាណ១២លានដុល្លារអាមេរិក សម្រាប់ធានាការជួសជុល និងថែទាំផ្លូវនេះ រហូតដល់ការចាប់ផ្តើមអនុវត្តគម្រោង ស្តារ និងធ្វើឱ្យប្រសើរឡើង ក្រោមឥណទានប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េ(EDCF) ។

លោកបញ្ជាក់ថា “ផ្លូវនេះនឹងត្រូវបានជួសជុលចប់សព្វ គ្រប់ទាំងស្រុងនៅពាក់ កណ្ដាលខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីឱ្យប្រជាពលរដ្ឋ អាចធ្វើចរាចរណ៍ និងដឹកទំនិញទៅកាន់ទីផ្សារ បានឆាប់រហ័ស និងមានបរិមាណកើនឡើង ជាពិសេសដើម្បីអបអរសាទរ ពិធីបុណ្យសមុទ្រដែលនឹងត្រូវ ប្រារព្ធឡើងនៅលើទឹកដីខេត្តកោះកុង នាចុងខែធ្នូខាងមុខ”។

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងសាធារណការ ក៏សង្ឃឹមថា ផ្លូវល្អនាំមកនូវភ្ញៀវទេសចរ វិនិយោគិន និង ការដឹកជញ្ជូនកើនឡើង ដែលជាកត្តាជំរុញដល់ការបង្កើតការងារធ្វើជូន ពលរដ្ឋ និងការរីកចម្រើន សេដ្ឋកិច្ចជាតិសំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

ជាមួយគ្នានេះផងដែរលោក រដ្ឋមន្ត្រី ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ក៏ជាក្រុមហ៊ុនដឹកជញ្ជូនចូលរួមថែរក្សាក្នុង ស្មារតីភាពជាម្ចាស់ការ ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ និងបានក្រើនរំលឹកដល់មន្ត្រីតាមស្ថានីយជញ្ជីងទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ជៀសវាងការប្រព្រឹត្ត អំពើខុសប្រក្រតី ដែលជាហេតុនាំឱ្យបំផ្លាញខ្លួនឯង ដោយហេតុថារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង រកថវិកាកសាងដោយលំបាក៕

ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top