អន្តរជាតិ

លោក ត្រាំ និយាយត្រង់ៗថា គ្មានសម្ព័ន្ធមិត្តណាអាក្រក់ជាង សហភាពអឺរ៉ុបនោះទេ

បរទេស៖ នៅក្នុងបទសម្ភាសន៍ ជាមួយលោកស្រី Lesley Stahl ក្នុងកម្មវិធី “៦០នាទី” របស់ទូរទស្សន៍ CBS ដែលចាក់ផ្សាយ កាលពីយប់ថ្ងៃអាទិត្យ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ត្រូវបានចោទសួរជាមួយ នឹងប្រធានបទជាច្រើនដូចជា ប្រទេសចិន អារ៉ាប៊ីសាអ៊ូឌីត លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី, ការប្រែប្រួលអាកាសធាតុ និងរដ្ឋបាលរបស់លោកផ្ទាល់។ នៅក្នុងកិច្ចសម្ភាសន៍នោះ ប្រធានាធិបតីអាម៉េរិក ក៏បានប្រើវោហាសាស្រ្តវាយប្រហារ យ៉ាងសាហាវផងដែរដោយលោកថា «ដៃគូអាក្រក់បំផុតនៅសហភាពអ៊ឺរ៉ុប»។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា នៅក្នុងកិច្ចសម្ភាសន៍នោះ លោក ត្រាំ បានរិះគន់ជាថ្មីម្តងទៀត ចំពោះដៃគូឆ្លងកាត់ មហាសមុទ្រអាត្លង់ទិច នៅពេលដែលរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប្រ៊ូសស៊ុល បានរសាត់ដាច់ពីគ្នា ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម តម្លើងពន្ធនាំចូល នៃការការពារនិយមរបស់លោក។

លោកថា «ខ្ញុំចង់និយាយថា តើសម្ព័ន្ធមិត្តមានអ្វីខ្លះ? យើងមានទំនាក់ទំនងដ៏ អស្ចារ្យជាមួយមនុស្សជាច្រើន ប៉ុន្តែគ្មាននរណាម្នាក់ធ្វើបាប យើងច្រើនជាងសហភាពអឺរ៉ុបឡើយ។ សហភាពអឺរ៉ុបត្រូវបានបង្កើត ឡើងដើម្បីទាញយកផលប្រយោជន៍ ពីពាណិជ្ជកម្មរបស់យើង ហើយនោះគឺជាអ្វី ដែលពួកគេបានធ្វើ»។

អ្នកសំភាសន៍បានឆ្លើយថា “វាស្តាប់ទៅដូចជា មានភាពចងសត្រូវនឹងគ្នា” ។ លោក ដូណាល់ ត្រាំ ឆ្លើយតបវិញថា «វាមិនមែនជាអរិភាពទេ អ្នកដឹងថា អ្វីទៅជាអរិយភាពទេ? ជាវិធីដែលពួកគេធ្វើមកលើយើង។ យើងមិនបានចងសត្រូវនោះទេ យើងជាប្រទេសឆោតល្ងង់ អស់រយៈពេលជាច្រើនឆ្នាំ មកហើយ»៕

ដោយ៖​ ណៃ តុលា

To Top