ព័ត៌មានជាតិ

ក្រសួងដែនដី បង្កើតក្រុមការងារ ចំពោះកិច្ច ៦ក្រុម ចុះតាមដាន និងត្រួតពិនិត្យការដ្ឋានសំណង់ ក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ក្រោយពីសង្កេតឃើញមានការសាងសង់ នូវអគារខ្ពស់យ៉ាងស្កេះស្កះ ពីសំណាក អ្នកវិនិយោគមកពីបណ្តាប្រទេស ជាច្រើន ជាពិសេសពីថៅកែជនជាតិចិនដោយគ្មានការដឹងលឺ ពីក្រសួងមានសមត្ថកិច្ច ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានផ្ញើលិខិត ទៅអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ដើម្បីឲ្យបញ្ឈប់ ការចេញលិខិតអនុញ្ញាតជាគោលការណ៍ ដល់ម្ចាស់សំណង់ឲ្យដំណើរការ សាងសង់ មុនទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័ន មានសមត្ថកិច្ច ។

លិខិតដែលចុះហត្ថលេខាដោយ លោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងដែនដី ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្នុងរដ្ឋបាលខេត្តត្រូវពង្រឹងការគ្រប់គ្រងការដ្ឋានសំណង់ឲ្យគោរពច្បាប់បទដ្ឋានគតិយុត្ត និងបច្ចេកទេសជាធរមាន។

លិខិតដ៏កម្រចេញដោយក្រសួងដែនដីនេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា ការដ្ឋានសំណង់ជាច្រើនក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ បាននិងកំពុងដំណើរការសាងសង់ខ្លះជិតរួចទាំងស្រុងទៅហើយ ដោយពុំមានលិខិតអនុញ្ញាតសាងសង់ មានតែគោលការណ៍ឲ្យដំណើរការសាងសង់ មុនទទួលបានលិខិតអនុញ្ញាតសាងសង់ចេញដោយរដ្ឋបាលខេត្តព្រះសីហនុ ផ្ទុយទៅនឹងស្មារតីនៃអនុក្រឹត្យចេញកាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការអនុញ្ញាតសាងសង់ បណ្តាលឲ្យកើតមានបទល្មើសសំណង់ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សោភណ្ឌភាព និងគុណភាពសំណង់។

លិខិតបានរៀបរាប់បន្តថា “ក្នុងន័យនេះ ក្រសួងស្នើរដ្ឋបាលខេត្តព្រះសីហនុបញ្ឈប់ការចេញលិខិតអនុញ្ញាតជាគោលការណ៍ដល់ម្ចាស់សំណង់ឲ្យដំណើរការសាងសង់មុនទទួលបានលខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច និងត្រូវពង្រឹងការគ្រប់គ្រងការដ្ឋានសំណង់ឲ្យគោរពតាមច្បាប់ បទដ្ឋានគតិយុត្តិ និងបច្ចេកទេសជាធរមាន”។

ជាការកត់សំគាល់ការចេញលិខិតរបស់ក្រសួងដែនដែលមានភារកិច្ចមើលការខុសត្រូវលើការសាងសង់នេះ បានចេញក្រោយមួយថ្ងៃ បន្ទាប់ពីក្រុមការងារនៃគណៈកម្មការដែលប្រកាសបង្កើតឡើងដោយសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំដោយ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំជាលើកដំបូង នៅព្រឹកថ្ងៃទី៣ តុលា ដើម្បីចុះពិនិត្យខេត្តព្រះសីហនុ ដើម្បីដាក់ចេញវិធានការទប់ស្កាត់នូវបញ្ហាអសកម្មនានាដែលបានកើតមានឡើងនាពេលកន្លងមក ។

ការមានវិធានការថ្មីៗ ពីសំណាកក្រសួងពាក់ព័ន្ធ ទៅលើវិធានការរដ្ឋបាលរបស់ខេត្តព្រះសីហនុ ដែលលរដ្ឋទូទាំងប្រទេសបានចាត់ទុកជាខេត្តសំបូរទៅដោយសក្តានុពល ជាឆ្អឹងខ្នងរបស់ប្រទេសជាតិនោះ បានទទួលការសាទរពីពលរដ្ឋនៅក្នុងខេត្តទាំងមូលក៏ដូចជានៅទូទាំងប្រទេសដែរ ដោយពលរដ្ឋបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា រាល់ចំណាត់ការរបស់គ្រប់ភាគីពាក់ព័ន្ធ នឹងនាំឲ្យខេត្តព្រះសីហនុដែលជាឆ្អឹងខ្នងនៃប្រទេសជាតិមកដូចស្ថានភាពដើមវិញ ខណៈខេត្តនេះ បច្ចុប្បន្នមានភាពស្ងប់ស្ងាត់មិនសូវមានអ្នកទេសចរណ៍ជាតិ-អន្តរជាតិចូលទៅទស្សនាទេ ដោយសារវត្តមានជនជាតិចិនដែលមកវិនិយោគនៅខេត្តយ៉ាងច្រើន ដែលជាហេតុនាំឲ្យកើតមានបញ្ហាកើតឡើងមិនចេះមិនចេះហើយ ។

ក្រោយចេញលិខិតផ្ញើទៅអាជ្ញាធរខេត្តព្រះសីហនុ មិនបានមួយថ្ងៃស្រួលបួលផង ក្រសួងដែនដី នៅថ្ងៃ៤ តុលា នេះ ក៏បានបង្កើតក្រុមការងារចំពោះកិច្ច៦ក្រុម ចុះតាមដាន និងត្រួតពិនិត្យការដ្ឋានសំណង់ក្នុងខេត្តផងដែរ។

យោងតាមសេចក្តីសម្រេចនៃការបង្កើតក្រុមការងារនេះ បានឲ្យដឹងថា “ក្រុមការងារត្រូវមានភារកិច្ចចុះតាមដាន និងត្រួតពិនិត្យការដ្ឋានសំណង់ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ឲ្យអនុវត្តស្របតាមលិខិតអនុញ្ញាតសាងសង់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនិងបច្ចេកទេស ។ ធ្វើរបាយការណ៍ការងារផ្ញើជូនអគ្គនាយកដ្ឋានរៀបចំដែនដី ដើម្បីបូកសរុបជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ និងសម្រេច”។

សម្តេច ស ខេង កាលពីពេលថ្មីនេះ បានប្រកាសបង្កើតក្រុមការងារកម្រិតស្រាលមួយ ដើម្បីចុះពិនិត្យខេត្តព្រះសីហនុ ក្រោយមានបញ្ហាជាច្រើនបានកើតមានឡើង ទាំងចារកម្ម ការសម្លាប់គ្នា ជួញដូរគ្រឿងញៀន និងបញ្ហាសម្រាម ព្រមទាំងជនជាតិចិនជាដើម ហើយថា មូលហេតុដែលកំពុងកើតមានឡើងដូចសព្វថ្ងៃនេះ ដោយសារមិនទាន់បានរៀបចំខេត្តឲ្យបានត្រឹមត្រូវនៅឡើយតាមការវិវត្តន៍ជាក់ស្តែង ។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ មួយរយៈពេលចុងក្រោយនេះ ឃើញមានជនជាតិចិនជាច្រើន បាននាំគ្នាសម្រុកទៅដាក់ទុនវិនិយោគ លើវិស័យសំណងយ៉ាងច្រើនកកកុញ ។ ការនាំឲ្យមានជនជាតិជាច្រើននៅខេត្តនេះ ក៏បានធ្វើឲ្យមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋ ដែលជាភ្ញៀវទេសចរណ៍ធ្លាប់ទៅលេងកំសាន្តក្នុងខេត្តដែលខ្មែរចាត់ទុកជាតំបន់ទេសចរណ៍សំខាន់របស់កម្ពុជា ត្រូវបានបំផ្លាញដោយជនជាតិចិន ព្រោះបញ្ហាអសកម្មទាំងអស់កើតឡើងពីជនជាតិចិនជាអ្នកបង្កឡើង៕

Facebook Comments

To Top