អន្តរជាតិ

កូរ៉េខាងជើងនិយាយថា គ្មានវិធីលុបបំបាត់អាវុធ ដោយឯកតោភាគី ដោយគ្មានការទុកចិត្តគ្នានោះទេ

បរទេស៖រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ បាននិយាយប្រាប់ អង្គការសហប្រជាជាតិថា ទណ្ឌកម្មដែល កំពុងតែបន្ត នឹងធ្វើឲ្យខ្លួនគ្មានការទុកចិត្ត ចំពោះសហរដ្ឋអាមេរិកកាន់តែខ្លាំង ហើយគ្មានផ្លូវដែលប្រទេសរបស់លោក នឹងបោះបង់ចោលអាវុធនុយក្លេអ៊ែ ជាឯកតោភាគី នៅក្រោមកាលៈទេសៈបែបនេះនោះទេ។

លោក រី យ៉ុងហូ តាមសេចក្តីរាយការណ៍ បានប្រាប់មហាសន្និបាត អង្គការសហប្រជាជាតិថា ប្រទេសកូរ៉េខាងជើង បានចាត់វិធានការសុឆន្ទៈដ៏សំខាន់ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ដូចជាបញ្ឈប់ការធ្វើតេស្តនុយក្លេអ៊ែនិងមីស៊ីល រុះរើចោលកន្លែងតេស្តនុយក្លេអ៊ែ និងការប្តេជ្ញាមិនធ្វើឲ្យសាយភាព នូវអាវុធនុយក្លេអ៊ែ និងបច្ចេកវិទ្យាអាវុធនុយក្លេអ៊ែជាដើម។

យោងតាមកាសែត រ៉យទ័រ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងរូបនេះ បាននិយាយបន្ថែមទៀតដូច្នេះថា “ប៉ុន្តែយើងមិនឃើញមានការឆ្លើយតប សមស្របណាមួយ ពីអាមេរិកឡើយ។ ដោយគ្មានការទុកចិត្ត ចំពោះសហរដ្ឋអាមេរិកនោះ នឹងគ្មានទំនុកចិត្តក្នុងសន្តិសុខជាតិរបស់យើង ហើយស្ថិតក្រោមកាលៈទេសៈបែបនេះ គ្មានផ្លូវដែលយើងនឹងបោះបង់អាវុធខ្លួនឯង ចោលជាមុននោះទេ”៕
ប្រែសម្រួល៖ប៉ាង កុង

To Top