នយោបាយ

នាយករដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូ មកដល់កម្ពុជា វិញហើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ របស់កម្ពុជាត្រឡប់មកដល់ មាតុប្រទេសវិញនៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ ក្រោយពីបញ្ចប់ការចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតលើកទី៧៣ របស់អង្គការ សហប្រជាជាតិ (UN)ដោយបាននាំមកវិញនូវលទ្ធផលផ្លែផ្កាជាច្រើនផងដែរ។

សម្តេចតេជោ បានដឹកនាំគណៈប្រតិភូពីកម្ពុជាកាលពីថ្ងៃទី២៧ កញ្ញា ហើយបញ្ចប់នៅថ្ងៃ៣០ កញ្ញា ហើយសម្រាប់ដំណើរទៅដល់ ទឹកដីសហរដ្ឋអាមេរិកថ្ងៃទី២៧ កញ្ញា ម៉ោងនៅអាមេរិក ត្រូវនឹងថ្ងៃទី២៨ កញ្ញា ពុំឃើញមានសកម្មភាពបាតុកម្មក្នុង ទម្រង់ណាមួយកើតមានឡើង នោះទេ ខណៈលោក សម រង្ស៊ី និងកូនចៅជំនិតរបស់លោកមួយចំនួនបានប្រកាសក្តែងៗថា នឹងមានបាតុកម្ម។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ថ្ងៃ២៩ កញ្ញា ក៏មានបាតុកម្ម ប្រឆាំង វត្តមានសម្តេចបានកើតមានឡើងផងដែរ ខណៈសម្តេចតេជោបានអះអាងថា អ្នកធ្វើបាតុកម្មមានមិនដល់១០ភាគរយផង។

ការធ្វើដំណើរទៅដល់របស់សម្តេចតេជោ គឺមានបងប្អូនខ្មែរ ដែលជាតំណាងសហគមន៍ មកពីតាមបណ្តារដ្ឋនានា និងក្រុមគ្រួសារបងប្អូន ដែលគោរពស្រឡាញ់ សម្តេចតេជោ ជាច្រើននាក់បានមកទទួលស្វាគមន៍យ៉ាងរាក់ទាក់និងកក់ក្តៅបំផុត។

ក្នុងឱកាសសម្តេចបានទៅដល់ទីក្រុងញ៉ូវយ៉ក សម្តេចបានជួបថ្នាក់ដឹកនាំជាច្រើន ប្រទេសផងដែរ មុនចូលកិច្ចប្រជុំមហាសន្និបាត និងជួបសំណេះសំណាលជាមួយបង ប្អូនពលរដ្ឋខ្មែរគោរពស្រឡាញ់សម្តេច។

ជាកិច្ចចាប់ផ្តើមសម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញពិសារអាហារការងារ ជាមួយក្រុមហ៊ុន GE Global Growth និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា ស្តីពីការវះ កាត់ប្រកបដោយសុវត្ថិភាពឆ្នាំ២០២០ រវាងកម្ពុជា និងមូលនិធិ GE កាលពីព្រឹក ថ្ងៃទី ២៨ កញ្ញា ២០១៨ (ម៉ោងនៅញ៉ូវយក ) ។ ក្រោយបញ្ចប់ពិធីចុះហត្ថលេខាសម្តេចតេជោ បានវាយ តម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រុមហ៊ុនដែលតែងតែមាន សហប្រតិបត្តិការល្អ ជាមួយរាជ រដ្ឋាភិបាលកម្ពុជា លើបញ្ហាសុខភាពរបស់ប្រជាជន។ ក្រុមហ៊ុននឹងបង្កើនការជួយ ជាបន្តមក កម្ពុជា ជាពិសេសការបណ្តុះបណ្តាល និងការកសាងសមត្ថភាពធនធាន មនុស្សលើបច្ចេក ទេសនៃការវះកាត់ប្រកបដោយសុវត្ថិភាព។

ក្នុងឱកាសជួបពិភាក្សាការងារ រវាងសម្ដេចតេជោ និងលោក អាឡេកសាន់ឌ័រ ហ្វេលមែន ប្រធាននិងជានាយកប្រតិបត្តិក្រុម ប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នៅថ្ងៃ២៨ កញ្ញា ដដែល សម្ដេចតេជោ បានថ្លែងរំលឹកឡើងវិញថា ប្រសិនបើអាមេរិកបើក ទិដ្ឋការជូនដល់មន្រ្តីកម្ពុជាដូចដើម ការបន្តរុករកអដ្ឋិធាតុទាហាន អាមេរិក បាត់ខ្លួននឹងបន្តឡើងវិញដូចអ្វីដែល ធ្លាប់បានអនុវត្តរួមគ្នា កាលពីពេលកន្លងមក ។ សម្តេចតេជោថ្លែងថា “ប្រសិនបើអាមេរិកបើកទិដ្ឋការជូនដល់មន្រ្តីកម្ពុជាដូចដើមឡើងវិញនោះ ការបន្តរុករកអដ្ឋិធាតុទាហានបាត់ខ្លួនអាមេរិក នឹងបន្តឡើងវិញដូចអ្វីដែលយើងធ្លាប់ បានអនុវត្តរួមគ្នាកាលពីពេលមុន”។

កម្ពុជា-អាមេរិកបានផ្អាកការរុករអដ្ឋិធាតុអាមេរិកកាលពីអំឡុងឆ្នាំ២០១៧ នៅពេលដែល ប្រទេស ទាំងពីរហាក់មានការខ្វែងគំនិតគ្នា ទៅលើបញ្ហាមួយចំនួន។ ប៉ុន្តែទោះបីជាយ៉ាងណា លោក អាឡេកសាន់ឌ័រ មិនទាន់ឆ្លើយតបភ្លាមទេ ដោយលោកគ្រាន់តែលើកឡើងថា ចង់ឃើញអាមេរិក-កម្ពុជាមានទំនាក់ទំនងល្អប្រសើរឡើងវិញ ពិសេសក្រោយពេល អាមេរិកតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជានាពេលខាងមុខ។

ចំពោះទំនាក់ទំនងរវាង កម្ពុជា-អាមេរិក សម្តេចតេជោបន្តថា សម្តេចផ្ទាល់ជាអ្នកខិតខំជំរុញ ការកសាងនូវទំនាក់ទំនងរវាងកម្ពុជា-អាមេរិក គឺកម្ពុជាចង់ធ្វើមិត្តដ៏ល្អជាមួយ អាមេរិក ។ នៅពេលខាងមុខ អ្វីដែលសម្តេចចង់ឃើញនោះគឺការទំនាក់ទំនងនៃប្រទេសទាំងពីរ មានភាពកាន់តែល្អប្រសើរឡើង ពិសេសរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលដូចអ្វីដែល ផ្នែកធុកិច្ចសហរដ្ឋអាមេរិកចង់បានដែរ ។

សម្រាប់ជំនួបជាមួយ លោក ខាតហ្កា ប្រាសាដ សាម៉ាអូលី នាយករដ្ឋមន្រ្តីនេប៉ាល់ជាមួយ សម្តេចតេជោ ភាគីទាំងពីរបានអះអាងថា នឹងចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋការ លើលិខិតឆ្លងដែនការទូត និងផ្លូវការ ព្រមទាងកិច្ចព្រមព្រៀងសំខាន់មួយចំនួនទៀត ក្នុងឱកាសសម្ដេចនឹងអញ្ជើញបំពេញទស្សនកិច្ចនៅនេប៉ាល់ នាចុងឆ្នាំ២០១៨។

សម្តេចតេជោ បានថ្លែងអំណរគុណប្រទេសនេប៉ាល ដែលបានបញ្ជូនអ្នកអង្កេតការណ៍ របស់ខ្លួនពិនិត្យមើលដំណើរការបោះឆ្នោតនៅកម្ពុជា។

បន្ទាប់បានជួបនាយករដ្ឋមន្រ្តីនេប៉ាល់ សម្តេចតេជោក៏បន្តជួបពិភាក្សាការងារ ទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីប៊ុលហ្ការី លោក ប៊ួយកូ បូរីសូវ ។ ក្នុងជំនួបពិភាក្សានោះ សម្តេចតេជោ បានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរឲ្យកាន់ តែរឹងមាំទ្វេឡើង ទាំងក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជំរាបថា នៅឆ្នាំ២០១៩ កម្ពុជានឹងរៀបចំ បើកស្ថានឯកអគ្គរាជទូតកម្ពុជានៅប៊ុលហ្ការីជាថ្មីឡើងវិញ បន្ទាប់ពីបានបិទមួយរយៈដោយ ស្ថាន ភាពនយោបាយរបស់ប្រទេសប៊ុលហ្ការី។ នាយករដ្ឋមន្រ្តី លោក ប៊ុលហ្ការី ក៏បាន ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ក្នុងការបើកស្ថានឯកអគ្គរាជទូត របស់ខ្លួននៅប្រទេសប៊ុលហ្ការី។

មុនមកជួបលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិសម្ដេចតេជោ បានចំអកទៅកាន់ក្រុមប្រឆាំងដោយចោទ ជាសំណួរថា ឯណាទៅអាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ ត្រូវបានព្យូរ? ឯណាទៅអាមេរិក មិនឲ្យជាន់ដី? ក្រោយពីបក្សប្រឆាំងបានលើកថា នឹងមានការដកអាសនៈកម្ពុជានៅUN។

សម្ដេចតេជោបានសរសេរក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី២៨ កញ្ញា ថា “ជូនបងប្អូនជនរួមជាតិពេលនេះ ខ្ញុំកំពុងអង្គុយនៅលើកៅអីកម្ពុជា ក្នុងមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៣។ ថ្ងៃត្រង់នេះខ្ញុំនឹងឡើងថ្លែង សុន្ទរកថា និង ពេលល្ងាចខ្ញុំនឹងជួបអគ្គលេខាអង្គការសហប្រជាជាតិ”។

សម្ដេចបានបញ្ជាក់ថា “ពាក្យខ្មែរថា ដេញទាន់កុំជាន់កែងប៉ុន្តែពួកបោកប្រាស់ នៅកម្ពុជាពិសេស ទណ្ឌិតរត់ចោលគុក បើមិនជាន់កែងមិនរាងចាលទេ។ ឯណាទៅអាមេរិក មិនអោយជាន់ដី? ឯណាទៅដែលអសនៈនៅអង្គការសហប្រជាជាតិត្រូវបានព្យូរ? ឯណាទៅដែលគេមិនឲ្យប្រតិភូលោកហ៊ុន សែនចូលរួមប្រជុំ? អ្នកបោកប្រាស់ គេគួរទៅរៀន ថែមទៀត។ ឯអ្នកជឿគេបោកគួរមានការអៀនខ្មាស់ផងដែរ”។

ក្នុងពេលសម្តេចជួបអគ្គលេខាធិការUNនៅថ្ងៃ២៩ កញ្ញា  លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានលើកឡើងថា កម្ពុជាពិតជាមានឆន្ទៈ ពិតប្រាកដក្នុងការជួយដល់អង្គការសហប្រជាជាតិ ពិសេសវត្តមានកងទ័ពមួកខៀវដែលពោរពេញទៅដោយវិន័យ និងមសមត្ថភាពពេញលេញ ក្នុងសកម្មភាពមនុស្សធម៌ និងថែរក្សាសន្តិភាពក្រោមឆ័ត្ររបស់ អង្គការសហប្រជាជាតិ ។

សម្តេចតេជោក៏បានលើកសំណើរចំនួន៣ស្នើទៅកាន់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលទទួលបានការឯកភាពពី លោកអគ្គលេខាធិការ UN ក្នុងនោះគឺ៖១)ពាក់ព័ន្ធការិយា ល័យ អង្គការសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ដែលនឹងចប់កិច្ចព្រមព្រៀង នៅចុងឆ្នាំ២០១៨ សម្តេចបានអនុញ្ញាតឲ្យបន្ត ២ឆ្នាំទៀត ហើយនៅក្នុងខែតុលាខាងមុខ នៅពេលដែលសម្តេចអញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងហ្សឺណែវ នឹងមានការចុះហត្ថ លេខារវាងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា ជាមួយតំណាងស្នងការ សិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ។

ទី២) សម្តេចតេជោនាយករដ្ឋមន្រ្តី លើកពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងអង្គការ សហប្រជាជាតិ ស្តីពីសាលាក្តីខ្មែរក្រហមនៅកម្ពុជា។ សម្តេចមានប្រសាសន៍ថា កម្ពុជានឹងបន្តសកម្មភាពទាំងនោះដូចអ្វី ដែលកម្ពុជាធ្លាប់បានធ្វើ និងអនុវត្តន៍ពីពេលមុនៗ។

ទី៣) រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តចូលរួមឲ្យកាន់តែសំរេចបានថែមទៀត លើបេសកកម្មការ ថែរក្សាសន្តិភាពរបស់ UN ។

សម្រាប់ក្នុងឱកាស នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងមហាសន្និបាតអង្គការប្រជាជាតិលើកទី៧៣ ក្នុងទីស្នាក់ការអង្គការសហប្រជាជាតិ កាលពីម៉ោងជាង១ រំលងអាធ្រាត្រថ្ងៃទី២៩ កញ្ញា ម៉ោងនៅកម្ពុជា សម្តេចបានថ្លែងថា ប្រទេសដែលចិញ្ចឹមជាប់នូវមហិច្ឆតាប៉ុនប៉ងជ្រៀត ជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា នៅតែធ្វើជាមើលមិនឃើញគុណភាព និងសុចរិតភាព នៃដំណើរការបោះឆ្នោតនៅកម្ពុជា ។

សម្ដេចបញ្ជាក់ថា “ក៏ប៉ុន្តែមជ្ឈដ្ឋានខាងក្រៅមួយចំនួន ដែលចិញ្ចឹមជាប់នូវមហិច្ចតាប៉ុនប៉ង ជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នៅតែធ្វើជាមិននឃើញនូវគុណភាព និងសុចរិតភាព នៃដំណើរការបោះឆ្នោតរបស់យើង តាមរយៈការចេញសេចក្ដីថ្លែងការណ៍ នានា ប្រឆាំងនឹងវាយប្រហារលើលទ្ធផលនៃការបោះឆ្នោតនេះ ដែលទង្វើបែបនេះ គឺជាប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះឆន្ទៈរបស់ប្រជាជនកម្ពុជា”។

សម្តេចតេជោបន្តថា ក្នុងការបោះឆ្នោតសកល អ្នកបោះឆ្នោតកម្ពុជាជិត៧លាននាក់ ឬស្មើនឹង ៨៣,០២% នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុប បានទៅបោះឆ្នោត និងបានសម្រេចយកនូវ ជម្រើសនយោបាយរបស់ពួកគេ ដោយសេរី និងដោយគ្មានការបង្វិតបង្ខំ ឬការគំរាមកំហែង ឬអំពើហិង្សាណាមួយឡើយ ។

សម្តេចបន្តទៀតថា “ខ្ញុំសូមទាញអារម្មណ៍សមាជិក អង្គការសហប្រជាជាតិទាំងអស់ អំពីសារៈ សំខាន់នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ វាអាស្រ័យលើយើងគ្តបគ្នា នៅក្នុងការផ្ដល់ការ គោរព ដ៏ត្រឹមត្រូវចំពោះធម្មនុញ្ញដ៏មានសារៈសំខាន់នេះ ដោយត្រូវចៀសវាងការជ្រៀតជ្រែក ការធ្វើឲ្យអន្តរាយ ឬការរំខានដល់កិច្ចការ អធិបតេយ្យ របស់រដ្ឋឯករាជ្យ ។ យើងមានការសោកស្ដាយជាពន់ពេក ក្នុងការរំលេចនូវតថភាពដែលថា សិទ្ធិមនុស្សនាពេល បច្ចុប្បន្ន នេះ បានក្លាយទៅជា បេសកកម្មដើម្បី បំពាក់អរិយធម៌ សម្រាប់ប្រទេស មាន អំណាចមួយចំនួន ឬក៏អាចនិយាយបានថា ជានិយាមប្រតិបត្តិថ្មីរបស់ពួកគេ ដែលជាលេស សម្រាប់ រាល់ការលូកដៃជ្រៀតជ្រែក ក្រោមផ្លាកការពារសិទ្ធិ នយោបាយ”។

សម្តេចតេជោបន្តថា ស្របពេលសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សចិន-អាមរិក កំពុងមានភាព តាន តឹងការដាក់ទណ្ឌកម្មជាឯកតោភាគី បានក្លាយទៅជាអាវុធដ៏ពេញនិយម របស់ប្រទេស មានអំណាចក្នុងការគ្រប់គ្រងនយោបាយអន្តរជាតិ ដែលស្ថិតនៅក្រោមរបៀបវារៈ ភូមិសាស្ត្រនយោបាយរបស់ពួកគេ។

នាយករដ្ឋមន្រ្តីបន្ថែមថា “ជាលទ្ធផលការដាក់ទណ្ឌកម្មជាឯកតោភាគី បានក្លាយទៅជាអាវុធ ដ៏ពេញនិយម របស់ប្រទេស មានអំណាច នៅក្នុងការគ្រប់គ្រងនយោបាយអន្តរជាតិ ដែលស្ថិតនៅក្រោមរបៀបវារៈ ភូមិសាស្ត្រនយោបាយរបសើគេ ។ ទាំងនេះ គឺគ្មានអ្វីក្រៅពីការ ប្រើ អំណាចដោយ កំរោលរបស់រដ្ឋមួយ ដើម្បីបន្តុបឆន្ទៈរបស់ខ្លួនទៅលើ រដ្ឋអធិបតេយ្យភាព ដទៃនោះឡើយ“។ ខ្ញុំសូមទាញអារម្មណ៍សមាជិក អង្គការសហប្រជាជាតិទាំងអស់ អំពីសារៈ សំខាន់នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ វាអាស្រ័យលើយើងគ្រប់គ្នា នៅក្នុងការផ្ដល់ការ គោរព ដ៏ត្រឹមត្រូវចំពោះធម្មនុញ្ញដ៏មានសារៈសំខាន់នេះ ដោយត្រូវចៀសវាងការជ្រៀតជ្រែក ការធ្វើឲ្យអន្តរាយ ឬការរំខានដល់កិច្ចការអធិបតេយ្យ របស់រដ្ឋឯករាជ្យ” ។

សម្ដេចបន្ថែមទៀតថា សម្តេចបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងដែលបង្កឡើង ដោយ មហាអំណាចពិភពលោក លំដាប់ទីមួយក្នុងរង្វង់ទំនាក់ទំនងការទូត និងជម្លោះផ្ទៃក្នុងជា ច្រើនកន្លែង ដែលកំពុងកើតឡើង ដោយសារការជ្រៀត ជ្រែកពីសំណាក់មហាអំណាចនេះ ។ ប្រទេសធំៗមិនគួរដាក់បន្តុបប្រព័ន្ធគ្រប់គ្រងរដ្ឋរបស់ពួកគេមកលើប្រទេសនានា ដែលតូចជាង ខ្លួនឡើយ ព្រោះប្រទេសតូចៗទាំងនោះក៏មាន អធិបតេយ្យភាពនិងមានសេចក្ដី ប្រាថ្នាស្របច្បាប់ ក្នុងការរក្សាអត្តសញ្ញាណរបស់ខ្លួនដែរ ។

ក្រោយកិច្ចប្រជុំមហាសន្និបាតអង្គការ សហប្រជាជាតិ (UN) លើកទី៧៣ រួចមក សម្ដេចតេជោ ហ៊ុន សែន ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិក ក្នុងនោះសម្តេច មាន ប្រសាសន៍ថា អតីតមេដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការ កំពូល រំលាយកាលពីចុងឆ្នាំ២០១៧ តែងតែដើរបោកប្រាស់លុយពីពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស ដោយសន្យាថា នឹងផ្ដល់តំណែងនៅពេលគណបក្សខ្លួនឈ្នះឆ្នោត។

ក្នុងឱកាសជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ-អាមេរិកាំង រស់នៅអាមេរិក និងកាណាដា ថ្ងៃទី២៩ កញ្ញា ឈានចូលថ្ងៃទី៣០ កញ្ញា ម៉ោងនៅកម្ពុជា សម្ដេចមានប្រសាសន៍ថា “តាមដែរ ខ្ញុំដឹងមកសន្យានៅទីនេះ (នៅអាមេរិក) បើគេឈ្នះឲ្យទៅធ្វើចៅហ្វាយខេត្ត ឲ្យទៅធ្វើចៅហ្វាយ ស្រុក ឲ្យទៅធ្វើមេប៉ូលីស ធ្វើមេប៉េអឹម មកនៅស្រុកនេះ បោកគេនៅស្រុកនេះ ដើម្បីយក លុយ។ ទៅស្រុកខ្មែរ សន្យាជាមួយខ្មែរ ម៉ាស្រុក មានចៅហ្វាយស្រុកប្រហែលជា១០០ ចឹងទេបានជាខ្ញុំថា ចឹងទាល់ពេលឈ្នះមែនទែន ចុងទីបញ្ចប់កាប់ដាវ”។

សម្ដេចបន្ដប្រាប់ពលរដ្ឋខ្មែរថា ក្រុមអតីតបក្សសង្គ្រោះជាតិនៅអាមេរិក ពេលបោះឆ្នោត នឹងមានហិបដាក់លុយ បន្ទាប់មកមានពលរដ្ឋខ្មែរមួយចំនួនចោទសួរថា តើយកលុយមួយឆ្នាំៗ ទៅស្រុកខ្មែរទៅធ្វើអី? រួចមិនយកលុយនឹងកសាងកម្ពុជា? មេដឹកនាំអតីតបក្សសង្គ្រោះជាតិ ឆ្លើយវិញថា នេះគឺភារៈកិច្ចរបស់រាជរដ្ឋាភិបាលដែលត្រូវកសាងប្រទេសជាតិ។

សម្ដេចតេជោបន្ថែមទៀតថា មេដឹកនាំអតីតបក្សសង្គ្រោះជាតិនៅអាមេរិកពូកែ ជេររាជរដ្ឋាភិ បាល ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ អះអាងថា កន្លងមកក្រុមប្រឆាំងតែងតែកេង ចំណេញខាងនយោបាយ តាមរយៈការវាយប្រហារ លើរាជរដ្ឋាភិបាល ពាក់ព័ន្ធតម្លៃកសិផល ។ ក្នុងឱកាសមកដល់ទឹកដីអាមេរិកដ៏កម្រនេះ សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា ពលរដ្ឋអាមេរិកម្នាក់បានជំពាក់លុយគេជាង៤ម៉ឺនដុល្លារតាំងពីចាប់កំណើតមក ប៉ុន្តែពលរដ្ឋកម្ពុជាវិញជំពាក់គេត្រឹមតែ៤០០ដុល្លារប៉ុណ្ណោះ។

នាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា “ពលរដ្ឋអាមេរិកម្នាក់ជំពាក់លុយគេជាង៤ម៉ឺនដុល្លារ ម៉េចក៏មិនថាផង ខ្មែរទើបនឹងជំពាក់គេ៤០០ទេ”។

សម្ដេចថា ពីមុនសម្ដេចធ្លាប់បានស្នើអាមេរិក ផ្ទេរបំណុលដែលលន់ នល់ បានជំពាក់ឲ្យទៅជា ការអភិវឌ្ឍកម្ពុជាវិញ ប៉ុន្តែអតីតប្រធានាធិបតីអាមរិក លោក បារ៉ាក់ អូបាម៉ា បានឆ្លើយតបថា លោកពិបាកនឹងពន្យល់ជាមួយសភារបស់លោក។ នាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលបន្តប្រាប់ពលរដ្ឋទៀតថា កន្លងមកមានស្ថាប័នមួយចំនួន បានឲ្យសម្តេចលក់វិស័យគយ៥០% ទៅឲ្យគេគ្រប់គ្រង តែសម្តេចមិនយល់ព្រមនោះទេ ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកពីរចនាសម្ព័ន្ធពីស្ថាប័ន គយនៅក្នុង ទស្សសវត្សរ៍៩០ ថាចំណូលបានមកពីគយបាន៨០ភាគរយ ចំណូលបានមកពីកិច្ចការផ្ទៃ ក្នុង២០ភាគរយ ។ ចំណែកបច្ចុប្បន្នចំណូលបានមកពីគយ មានការប្រែប្រួលគឺ ចំណូលបាន មកពីគយ៤០% ចំណូលផ្ទៃក្នុង៦០ភាគរយ ។ ប្រាក់ចំណូលបានមកពីស្ថាប័នគយចំនួន៨០% ទទួលបានប្រាក់ពី២០ ទៅ៣០លានដុល្លារប៉ុណ្ណោះក្នុងមួយខែ  ។ បើប្រៀបធៀប និងបច្ចុប្បន្ននេះមានតែ៤០% ក្នុងមួយខែទទួលបានជាង២០០លានដុល្លារ ។

សម្រាប់បញ្ហាព្រៃឈើដែលមតិប្រឆាំងតែងតែរិះគន់មកសម្តេចនោះ សម្តេចបានថ្លែង បកស្រាយថា សម្តេចកំពុងតែបញ្ជាឲ្យឧទ្ធម្ភាចក្រតាមដានអ្នកដែលចូលលួចកាប់ព្រៃឈើ ខណៈការកាប់ព្រៃឈើនៅតែកើតមានឡើងជាបន្តបន្ទាប់។ បន្ថែមពីលើនេះទៀត សម្តេចតេជោទទួលស្គាល់ពីការបាត់បង់ព្រៃឈើដូចមនុស្សចំនួនលើកឡើងផងដែរ តែសម្តេចក៏បានចោទសំណួរថា តើព្រៃឈើជំនួសឲ្យអ្វី?  សម្តេចថា តែបានជំនួសមកវិញនូវ ចម្កាកៅស៊ូ ហើយដោយសារចំនួនប្រជាពលរដ្ឋមានការកើនឡើង។ បញ្ហាកាប់ព្រៃឈើសម្តេចក៏បានឲ្យដឹងថា សម្តេចកំពុងតែឲ្យឧទ្ធម្ភាចក្រដើម្បីបាញ់ ថតរូបពីលើផងដែរ។

សម្តេចតេជោ “ខ្ញុំទទួលស្គាល់អាចោរលួចកាប់ព្រៃឈើខុស ខ្ញុំកំពុងឲ្យឧទ្ធម្ភាចក្រ បាញ់ពីលើផង ឥឡូវហ្នឹង។ ខ្ញុំស្អប់អាចោរលួយចកាប់ឈើ ក៏ប៉ុន្តែករណីរាប់លានហិតា ដែលប្រជាពលរដ្ឋទៅកាប់ដើម្បីធ្វើស្រែចំការ អាហ្នឹងវាជាការបាត់បង់ព្រៃឈើ ។ ដីហ្នឹងអាណាជីកយកទៅណា វានៅហ្នឹង  រាប់ទាំងពួកប្រឆាំងផងហ្នឹងនៅវា នៅនឹង  បើចិត្តសឿងឲ្យដីវិញមក”។

សម្តេចក៏បានអះអាងថា ដីដែលត្រូវបានកាប់យកឈើនោះសុទ្ធតែមានការ ដាំដុះឡើងវិញទាំងអស់ ៕

ដោយ ៖ អេង គឹមជាង

 

 

 

 

 

 

 

 

 

 

 

 

 

Facebook Comments

To Top