ព័ត៌មានជាតិ

ប.ស.ស ផ្សព្វផ្សាយគោយនយោបាយ របបសន្តិសុខសង្គម ដល់កម្មករ-កម្មការិនី បម្រើការរោងចក្រ Pilot Knit Sport Wear ខណ្ឌដង្កោ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ០៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ បេឡាជាតិ របបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមអធិបតីភាព លោក ម៉េង ហុង នាយករង ប.ស.ស បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ អំពីគោលនយោបាយ នៃការអនុវត្ត របបសន្តិសុខសង្គម ដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងកម្មករ កម្មការិនី ចំនួន ៥២នាក់ នៅរោងចក្រ Pilot Knit Sport Wear (Cambodia) Co.,Ltd. ដែលមានទីតាំង ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ម៉េង ហុង នាយករង ប.ស.ស បានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពី គោលនយោបាយ នៃការអនុវត្ត របបសន្តិសុខសង្គម បញ្ហាប្រឈម ជាពិសេសធ្វើការពង្រឹងសេវា នៃការផ្តល់តាវកាលិក ជូនកម្មករនិយោជិត ដោយបានពន្យល់បញ្ជាក់ ឱ្យកាន់តែច្បាស់ ពីរបបសន្តិសុខសង្គម៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលត្រូវចាប់ផ្តើម ដាក់ឱ្យអនុវត្តន៍នៅឆ្នាំ ២០១៩ ខាងមុខ។

ក្នុងនោះផងដែរ លោកនាយករង បានសំណូមពរឲ្យម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ទាំងក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ដែលមានកម្មករ និយោជិតចាប់ពី ១នាក់ឡើងទៅ សូមឲ្យឆាប់រួសរាន់ មកចុះបញ្ជីកម្មករ និយោជិតមកក្នុង បេឡាជាតិរបបសន្តិសុខសង្គម ដើម្បីឱ្យកម្មករនិយោជិតទាំងអស់ ដែលកំពុងបម្រើការងារ នៅក្នុងសហគ្រាស គ្រឹះស្ថាន មានសិទ្ធិទទួលបាន ការប្រើប្រាស់សេវា របបសន្តិសុខសង្គម ដែលបេឡាជាតិ របបសន្តិសុខសង្គមផ្តល់ជូន៕

 

 

 

 

To Top