ព័ត៌មានជាតិ

ទូតកម្ពុជា នៅឥណ្ឌូនេស៊ី ហាមពលករខ្មែរ មិនឲ្យធ្វើដំណើរ ទៅតំបន់ជួប គ្រោះធម្មជាតិ និង រលកស៊ូណាមិ

ភ្នំពេញ ៖ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី បានអំពាវនាវ មិនឲ្យប្រជាពលរដ្ឋនិងពលករខ្មែរ ដែលកំពុងរស់នៅនិងធ្វើការ ក្នុងប្រទេសឥណ្ឌូនេស៊ី ធ្វើដំណើរទៅតំបន់ មានគ្រោះ ធម្មជាតិរញ្ជូយដី និងរលកស៊ូណាមិ នៅទីក្រុងប៉ាលូ និងដុងខាឡា ភាគកណ្ដាល នៃខេត្តស៊ូឡាវ៉េស៊ី ប្រទេសឥណ្ឌូនេស៊ី។

យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១ តុលា ឆ្នាំ២០១៨ បានឲ្យដឹងថា “ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណៈរដ្ឋឥណ្ឌូនេស៊ី មានកិត្តិយសសូមជម្រាប ជូនបងប្អូនពលរដ្ឋកម្ពុជាដែល កំពុងមានវត្តមាននៅប្រទេស ឥណ្ឌូនេស៊ីជ្រាបថា កាលពីថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ មានគ្រោះធម្មជាតិរញ្ជួយដី និងរលកស៊ូណាមិ នៅទីក្រុងប៉ាលូ និងដុងខាឡា ភាគកណ្ដាល នៃខេត្ត ស៊ូឡាវ៉េស៊ី ប្រទេសឥណ្ឌូនេស៊ី បណ្ដាល ឲ្យមនុស្សស្លាប់ ប្រមាណជា៨៣២នាក់ និងរបួសប្រមាណ ៥៤០នាក់”។

ទូតឥណ្ឌូនស៊ី ប្រចាំកម្ពុជា បន្ដថា បច្ចុប្បន្ន ចំនួនអ្នកស្លាប់ និងអ្នករងរបួស នៅបន្ដកើនឡើង ហើយព្រលានយន្ដហោះ នៅទីក្រុងប៉ាលូពុំទាន់ដំណើរការបាននៅឡើយទេ រីឯហេដ្ឋារចនាសម្ព័ន្ធ ត្រូវបាន ខូចខាតយ៉ាងខ្លាំង។

ទូតកម្ពុជាបញ្ជាក់ថា “យោងលើស្ថានភាពខាង លើនេះស្ថានទូត សូមបងប្អូនជនរួមជាតិបើគ្មានភារកិច្ចចាំបាច់ សូមផ្អាកការធ្វើដំណើរទៅកាន់ តំបន់ខាងលើនេះរហូតដល់ស្ថានភាព បានប្រសើរឡើងវិញ”៕ដោយ អេង ប៊ូឆេង

To Top