ព័ត៌មានជាតិ

SCG​ បន្ត​គាំទ្រ​​ដល់​សិស្ស​អាហារូបករណ៍​ “អេសស៊ីជី​ ចែក​លំលែក​ក្ដីសុបិន” នូវ​អាហារូបករណ៍ ​រយៈពេលវែង​ នៅ​សកល​វិទ្យាល័យ​

ភ្នំពេញ៖​ អេស​ស៊ីជី ដែលជា​ក្រុមហ៊ុន​ ពហុសាជីវកម្ម​ឈាន​មុខ​គេ ​ក្នុង​តំបន់អាស៊ាន ​បាន​ផ្ដល់អាហារូបករណ៍ ថ្នាក់​សកល​វិទ្យាល័យ ​ដល់​និស្សិត​ចំនួន ១០ រូប ដែល​ជា​សិស្ស​ពូកែ ចេះគោរព​ដល់អ្នកដទៃ និង​មាន​ទឹក​ចិត្ត​មុតមាំ ​ក្នុងការ​បន្ត​ការ​សិក្សា​ អាហារូបករណ៍នេះ គឺជា​ផ្នែក​មួយ​ នៃ​កម្មវិធីអាហារូបករណ៍ “អេសស៊ីជី ចែក​រំលែក​ក្ដីសុបិន” ដែលកម្មវិធីនេះ​​បង្ហាញ​ពីការ​ប្ដេជ្ញាចិត្ត​របស់ក្រុមហ៊ុន​ ក្នុងការ​ផ្ដល់​ឱកាស​ សិក្សា​ល្អ​ប្រសើរ ​សម្រាប់​សិស្សានុសិស្ស​ នៅតាម​បណ្ដា​ប្រទេស​ ដែល​ក្រុមហ៊ុន​ធ្វើ​ប្រតិបត្តិការ​។

នាយក​ក្រុមហ៊ុន អេស​ស៊ីជី ប្រចាំប្រទេស​កម្ពុជាលោក ស៊ុមវ៉ាង ម៉ានភីម៉ុនឆាយ (Somwang Manpimonchai) បាន​មានប្រសាសន៍​ ទៅកាន់​ក្រុម​និស្សិត អាហារូបករណ៍​ ក្នុងពិធីប្រគល់​ប្រាក់អាហារូបករណ៍ នៅឯ​ការិយាល័យ ​របស់ក្រុមហ៊ុន អេសស៊ីជី ​ប្រចាំទីក្រុង​ភ្នំពេញ​ ថា ក្រុមហ៊ុន​អេស​ស៊ីជី ​មាន​ការ​តាំង​ចិត្ត ​ក្នុង​ការ​គាំទ្រ ​ដល់​និស្សិត​កម្ពុជា​ ដែល​មានអត្តចរិត​ល្អ និង​មានការ​តាំង​ចិត្ត ​​ក្នុងការ​បន្ត​ការ​សិក្សា​ នៅ​ថ្នាក់​ឧត្តម​សិក្សា​។​

លោក ស៊ុម វ៉ាង បាន​លើកឡើងថា “យើងជឿថា ការអប់រំគឺជា​គន្លឹះសំខាន់​ សម្រាប់​កំណើន​ប្រកប​ ដោយ​ចីរភាព​សម្រាប់តំបន់អាស៊ាន ក៏ដូចជា​ប្រទេស​កម្ពុជា​ គោល​បំណង​របស់យើងគឺធ្វើ​យ៉ាង​ណា ជួយគាំទ្រ​ដល់​និស្សិត​ ដែល​នឹង​ជួយរួម​ចំណែក ​ដល់​សហគមន៍មូលដ្ឋាន​ របស់ខ្លួន​វិញ ទៅថ្ងៃ​ក្រោយ​ យើង​ចង់​ឲ្យ​និស្សិត ​អាហារូបករណ៍​​ បាន​សម្រេច​គោលដៅ​របស់​ខ្លួន និង​ក្លាយជា​ពលរដ្ឋ​ល្អ​ តាមរយៈ​ការ​ប្រើប្រាស់ចំណេះដឹង​របស់ខ្លួន ដើម្បីតប​ស្នង​ ដល់​សង្គម​របស់ខ្លួន​វិញ”។

កញ្ញា ឈន សុខអាយ ជា​និស្សិត​អាហារូបករណ៍​ អេស​ស៊ីជី ដែល​បច្ចុប្បន្ន​កំពុង​សិក្សា ​មុខ​វិជ្ជា​វេជ្ជសាស្ត្រ​​ នៅ​សកល​វិទ្យាល័យន័រតុន បាន​ចែក​រំលែកពីដំណើរ​រឿង ​​របស់​គាត់ ក្រោយពេលចប់ ពិធីប្រគល់​អាហារូបករណ៍ ដល់​និស្សិតទាំងនោះ។

កញ្ញា បាន​ថ្លែងថា “អាហារូបករណ៍នេះគឺជា​ស្ពាន ​ដើម្បីសម្រេច​ក្ដីសុបិន​ របស់ខ្ញុំ​ឲ្យ​បាន​ ខ្ញុំ​ចង់​ក្លាយជា​គ្រូពេទ្យ​ បន្ទាប់ពីមើលឃើញថា មនុស្សជា​ច្រើន​ មិនមានលទ្ធភាព​ចំណាយ​លើ​ថ្លៃព្យាបាល​បាន​ ប៉ុន្តែការ​សិក្សា​មុខវិជ្ជាវេជ្ជសាស្ត្រ​នេះ ត្រូវការ​ប្រាក់ ដើម្បីចំណាយ​ច្រើន ធ្វើ​ឲ្យ​គ្រួសារ​ពិបាក​ នេះជា​រឿង​លំបាក​សម្រាប់ខ្ញុំ ដូច្នេះ ខ្ញុំ​បាន​ចំណាយពេល​ទំនេរ​ ដើម្បី​រក​ប្រាក់ខ្លះដោយធ្វើការ​ក្រៅម៉ោង​ ខ្ញុំ​សូមអរគុណដល់​កម្មវិធី អាហារូបករណ៍ អេសស៊ីជី ចែក​រំលែក​ក្ដីសុបិន ដែល​បាន​ផ្ដល់​អាហារូបករណ៍​នេះ មក​ដល់​រូបខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ផ្ដោត​លើ​ការ​សិក្សា​បាន​កាន់តែ​ខ្លាំង និង​សម្រេច​គោលដៅ ​ក្លាយជា​វេជ្ជ​បណ្ឌិត​ល្អ​ម្នាក់”។

និស្សិតម្នាក់ទៀតឈ្មោះ​ ខាន់ សំណាង ​​បានទទួល​ការ​គាំទ្រ​ ពី​កម្មវិធី​អាហារូបករណ៍ “អេស​ស៊ីជី ចែក​រំលែក​ក្ដីសុបិន” តាំងពី​វិទ្យាល័យ​មក ហើយ​បច្ចុប្បន្ន ​ក៏បានទទួលអាហារូបករណ៍ពី​អេស​ស៊ីជី​​សម្រាប់ ​ថ្នាក់​សកល​វិទ្យាល័យ​បន្តទៀត​។

សំណាង​បាន​និយាយថា “ខ្ញុំ​មានបំណង​ក្លាយជាវិស្វករ ​សំណង់ស៊ីវិល​មួយរូប​ ហើយ​ចង់​ប្រើប្រាស់​ជំនាញ និង​ចំណេះដឹង​របស់ខ្ញុំ​ដើម្បីចូលរួមចំណែក​ ដល់​ប្រទេស​របស់ខ្ញុំ ក្នុងការ​អភិវឌ្ឍ និង​ពង្រឹង​ហេដ្ឋារចនា​សម្ព័ន្ធ​ ក្រោយពីទទួលបាន​អាហារូបករណ៍​​ សម្រាប់​ការ​សិក្សា​នៅវិទ្យាល័យ ទើប​ខ្ញុំ​មាន​ទឹក​ចិត្ត និង​បាន​ដឹង​ពីរបៀប​ ដើម្បីតប​ស្នង​ដល់​សង្គម​វិញ​ សព្វថ្ងៃ ខ្ញុំ​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ ហើយ​ខ្ញុំ​កំពុងខិត​ទៅរក​ ការ​សម្រេច​បាន​ក្ដីសុបិន ​របស់ខ្ញុំហើយ”។

គួរបញ្ជាក់ថា​ និស្សិត​អាហារូបករណ៍ សកល​វិទ្យាល័យទាំង​ ១០ រូបនេះ សុទ្ធតែធ្លាប់ទទួលបាន អាហារូបករណ៍ ​​នៅ​ថ្នាក់វិទ្យា​ល័យ​ ​ក្រោម​កម្មវិធីអាហារូបករណ៍ “អេសស៊ីជី ចែក​រំលែក​ក្ដីសុបិន”៕

ដោយ​ ឈូក​ បូរ៉ា

To Top