ព័ត៌មានជាតិ

ក្រសួងអប់រំ កំពុងដោះស្រាយ ករណីបិទរូបថត ខុស ឈ្មោះម្ចាស់ដើម និងខុស ថ្ងៃ ខែ ឆ្នាំកំណើត

ភ្នំពេញ៖ ថ្មីៗនេះ សង្កេតឃើញថា ក្រសួងអប់រំ យុវជន និងកីឡា បានកើតមានបញ្ហា មិនចេះ ចប់មិនចេះហើយ គឺរឿងមួយមិនទាន់សព្វគ្រប់ផង ចប់ចូលរឿងមួយទៀត ដែលបញ្ហាទាំង អស់នេះ អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានបកស្រាយថា បញ្ហាដែលកើត មានឡើងថ្មីៗនេះ គឺជាអ្វីដែលស្ថិតនៅក្នុងការងាររបស់ក្រសួង ហើយបាននឹងកំពុង បន្តយកចិត្តទុកដាក់ ក្នុងការត្រួតពិនិត្យឲ្យបានកាន់តែប្រសើរ ដើម្បីធានាគុណភាពដល់ សិស្សានុសិស្ស ក៏ដូចជាអណាព្យាបាល របស់សិស្សមិនឲ្យមានការ អាក់អន់ចិត្តឡើយ។

ប៉ុន្មានថ្ងៃមកនេះ មានការបង្ហោះរឿងពិតមួយដោយមានសិស្សម្នាក់ ដែលទទួលបាន វិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឈ្មោះខ្លួនឯង ប៉ុន្តែបែរជាមានរូប ថតគេបិទទៅវិញ។

បើតាមការរៀបរាប់ពីយុវជនសិស្សរូបនោះផ្ទាល់ បានឲ្យដឹងថា អ្វីដែលកាន់តែធ្វើឲ្យខ្លួន អន់ចិត្តថែមទៀតនោះ ក្រោយពីរកឃើញកំហុសនេះហើយ បានយកវិញ្ញាបនបត្រទៅធ្វើថ្មីមួយ ទៀត ដើម្បីដាក់រូបថតឲ្យត្រូវវិញ ប៉ុន្តែបែរជាត្រូវក្រសួងឲ្យបង់លុយ១០ដុល្លារ ដើម្បីដោះ ស្រាយរឿងនេះ។

ក្នុងនោះ ក៏មានការលើកឡើងថា វិញ្ញាបនបត្រចេញដោយក្រសួង ក៏មានដាក់ថ្ងៃខែឆ្នាំ កំណើតខុសផងដែរ ដែលចំណុចនេះ បានធ្វើឲ្យមានការរិះគន់ជាខ្លាំងផងដែរ។

លោក រស់ សុវាចា ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមម្ពិល នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៨ថា “បញ្ហាដែលកើតមានឡើងនេះ គឺជាអ្វីដែលស្ថិតនៅក្នុងការងារដែលក្រសួង ជាពិសេស គឺថ្នាក់ដឹកនាំក្រសួងបានបន្តយកចិត្តទុកដាក់ ពិនិត្យឲ្យបានរឹតតែប្រសើរ ដើម្បីបន្ត ធានាគុណភាពដល់សិស្សានុសិស្ស ក៏ដូចជាមជ្ឈដ្ឋានទូទៅ អាណាព្យាបាល ហើយនិងឪពុក-ម្ដាយរបស់សិស្ស”។

លោកសង្កត់ធ្ងន់ថា ក្រសួងបានធ្វើកំណែទម្រង់ វិស័យអប់រំជាច្រើនមកហើយ ជាពិសេសក្នុង រយៈ៥ឆ្នាំកន្លងមក ក្រសួងក៏បានបន្តយកចិត្តទុកដាក់ទៅលើការងារ ដែលក្រសួងបាន ធ្វើផងដែរ។

អ្នកនាំពាក្យបានឲ្យដឹងទៀតថា សម្រាប់៥ឆ្នាំទៅមុខទៀត ក្រសួងក៏បានដាក់ចេញផែនការ យុទ្ធសាស្រ្តដើម្បីបន្តពង្រឹង ក្នុងន័យលើកកម្ពស់គុណភាពអប់រំ ឲ្យកាន់តែមានភាពល្អប្រសើរ ឡើងបន្ថែមទៀត ៕

ដោយ៖ធី លីថូ

Facebook Comments

To Top