ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ជីវិតមនុស្សអាចប្រែប្រួល ប៉ុន្តែការ ការពារជាតិមិនអាច ប្រែប្រួលបាននោះទេ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ជីវិតមនុស្សអាចប្រែប្រួល ប៉ុន្តែការ ការពារជាតិមិនអាច ប្រែប្រួលបាននោះទេ គឺត្រូវពង្រឹងបន្ថែម ដូច្នេះកងទ័ពសម័យបច្ចុប្បន្ន និងគ្រប់ជំនាន់ត្រូវតែបន្ត ថែរក្សាការពារសន្តិសុខ និងសមទ្ធិផលនានា ដែលរៀបច្បងបន្សល់ទុកឲ្យ។

ការលើកឡើងរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បែបនេះ គឺធ្វើឡើង ក្នុងពិធីសំណេះសំណាល ជាមួយអតីត នាយទាហាន មកពីសាលាហ្វឹកហ្វឺន នាយទាហាន (ង៥០ ដីឥដ្ឋ) នៅទីបញ្ជាការ បញ្ជាការដ្ឋាន កងពលតូច លេខ៧០ នាថ្ងៃសៅរ៍ទី២២ ខែកញ្ញា ២០១៨។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “ភារកិច្ចកាតព្វកិច្ចរបស់កងទ័ពសម័យនេះ មិនខុសពីភារកិច្ច កាតព្វកិច្ច របស់កងទ័ពសម័យមុននោះទេ គឺការពារជាតិ ការពារទឹកដី និងប្រជាជន។ ជីវិតមនុស្សអាចប្រែប្រួល ប៉ុន្តែការការពារជាតិ មិនអាចប្រែប្រួលបាននោះទេ គឺត្រូវពង្រឹងបន្ថែម។ ដូច្នេះកងទ័ពសម័យនេះ និងកងទ័ពគ្រប់ជំនាន់ ត្រូវការពារសុខសន្តិភាព និងសមទ្ធិផលដែលរៀមច្បង បានបន្សល់ទុកឲ្យ និងចូលរួមថែរក្សាការពារ សម្រាប់មនុស្សជំនាន់ក្រោយៗទៀត”។

លោកឧត្តមសេនីយ៍ឯក បានបន្តទៀតថា “ស្នាដៃជាច្រើនរបស់កងទ័ព បានចូលរួមក្នុងបុព្វហេតុជាតិ ជាច្រើនដូចជា ទប់ស្កាត់ ការវិលត្រលប់មកវិញ របបខ្មែរក្រហម កិច្ចព្រមព្រៀង ២៣តុលា១៩៩៣ និងបញ្ចប់សង្គ្រាម ឆ្នាំ១៩៩៨ និងការពារថែរក្សាសុខសន្តិភាព ដល់សព្វថ្ងៃនេះ”។

មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះនាយទាហានស្ម័គ្រចិត្ត ចូលរួមក្នុងការ បម្រើកងទ័ព នាសម័យនោះ ព្រោះការចូលបម្រើកងទ័ព ក្នុងសម័យសង្គ្រាម គឺជាកាលះបង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិ ដែលយុវជនជំនាន់ក្រោយត្រូវតែដឹងគុណ ដោយសារតែការលះបង់ នេះហើយ ដែលធ្វើឲ្យយើង មានសន្តិភាព មានឱកាសក្នុងការកសាង និងអភិវឌ្ឍប្រទេស រហូតមកដល់សព្វថ្ងៃ៕

 

 

 

 

 

ដោយ៖ស៊ាន កុសល

Facebook Comments

To Top