ព័ត៌មានជាតិ

ឃាត់ខ្លួន​ មេក្លោងជួញដូរគ្រឿងញៀន ម្នាក់​រឹបអូស​ថ្នាំញៀន ជាងកន្លះគីឡូក្រាម

ភ្នំពេញ​​ ៖​ កម្លាំង​មន្ទីរ​ប្រឆាំង ​គ្រឿង​ញៀន​បានធ្វើការ ស្រាវជ្រាវ និង​បង្រ្កាបមុខសញ្ញាជាមេ​ក្លោងជួញដូរ ​នូវសារធាតុញៀន ខុសច្បាប់​ នៅចំណុច​ភូមិអង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង កាលពី​វេលាម៉ោង ១៦​ និង​ ៣០នាទី នាថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ​២០១៨ ព្រម​ទាំង​រឹបអូស ​ថ្នាំ​ញៀន​ជាង​កន្លះ​គីឡូក្រាម​។

តាមការបញ្ជាក់​ពី នគរបាល​ នៃ​មន្ទីរប្រឆាំងគ្រឿងញៀន​ ដែលចុះដឹក​នាំកិច្ចប្រតិបត្ដិការ​ផ្ទាល់​ បាន​ឲ្យដឹង​ថា មុខសញ្ញា​សង្ស័យ​ ជាអ្នកជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀនខាងលើនេះ មានឈ្មោះ ឡោ សុខហួរ ភេទ ប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ​ភូមិចំប៉ី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ​ មានមុខរបរ​ មិនពិតប្រាកដ​​ ​ជាមុខ​សញ្ញាជួញ ដូរថ្នាំ​ញៀនដ៏សកម្ម ដែលធ្វើសកម្ម​ភាព​ចល័ត ​ពីតំបន់មួយទៅចែកចាយបន្ដ​ទៀត។ ក្នុង​ប្រតិបត្តិការ​សមត្ថកិច្ច​ រក​ឃើញ​និង​ដកហូតគ្រឿងញៀន ប្រភេទម៉ាទឹកកក ១​ កញ្ចប់ធំ ទម្ងន់ ៥១១,៩​ ក្រាម ក្នុង​នោះ​ មានជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន​ ១ , ម៉ូតូ ១ គ្រឿង​ , ទូរស័ព្ទដៃ ១ គ្រឿង​រួមជាមួយ​នឹងឧបករណ៍ប្រើប្រាស់គ្រឿង​ញៀនមួយចំនួនផ្សេងទៀត។

បច្ចុប្បន្ន​ជនសង្ស័យ​ រួមជាមួយ​វត្ថុតាង​ បានប្រគល់ជូនជំនាញ ប្រឆាំងគ្រឿង​ញៀនខេត្ដ​ កសាង​សំណុំ​រឿង​ ចាត់ការតាមនីតិវិធី ៕

To Top