សន្តិសុខ និង សង្គម

ការធានារ៉ាប់រងសន្តិសុខសង្គម មានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងបរិបទ ដែលប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ

ស្វាយរៀង៖ បេឡាជាតិរបបសន្តិសុខសង្គម ( ប.ស.ស ) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីគោល នយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន ក្រោមអធិបតីភាព លោក តូច ប៉ូលីវ៉ា អភិបាលរង និងជាតំណាង អភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង និង លោក ម៉េង ហុង នាយករង ប.ស.ស តំណាង លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស ព្រមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់ អង្គភាព មន្ទីរ ស្ថាប័ន ពាក់ព័ន្ធនានា និយោជក និងម្ចាស់សហគ្រាស គ្រឹះស្ថាន សរុបប្រមាណជា ១១៧នាក់ ដែលប្រារព្ធធ្វើឡើង នៅសាលប្រជុំផ្ទះសំណាក់ កាកបាទក្រហមស្វាយរៀង នៅព្រឹកថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ។

លោកអភិបាលរង ខេត្តស្វាយរៀង បានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជា មានការរីកចំរើនលើគ្រប់វិស័យ និយាយជារួម និងនិយាយដោយឡែក សម្រាប់កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធ ដែលបម្រើការងារ នៅតាមសហគ្រាស គ្រឹះស្ថាន ដោយផ្អែកលើទស្សនទាន នៃការចែករំលែក និងគោលការណ៍ សាមគ្គីធម៌ក្នុងសង្គម ដោយធានាបាននូវសន្តិសុខប្រាក់ចំណូល។

មានន័យថា គ្មានសមាជិកសង្គមណាម្នាក់ធ្លាក់ ទៅក្នុងហានិភ័យ ដោយមិនអាចងើបរួចបាននោះទេ ដែលនេះជាការរួមចំណែកសម្រាលបន្ទុក សង្គមដ៏ល្អ ដែលកើតចេញពីគោលនយោបាយសន្តិសុខសង្គម ក្នុងការរួមចំណែកយ៉ាងសំខាន់ ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល។

លោកបានជម្រុញឱ្យអង្គភាព មន្ទីរ និងអាជ្ញាធរ ពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ត្រូវចូលរួមសហការជា មួយអង្គភាពបេឡាជាតិរបបសន្តិសុខសង្គម ក្នុងការអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាព ដើម្បីរួមចំណែក អភិវឌ្ឍន៍សង្គមជាតិ យើងឱ្យមានការរីកចំរើន និងភាពសុខដុមរមនា។

លោក ម៉េង ហុង នាយករង បានថ្លែងថា ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលមាន បេសកកម្មបម្រើសេវាសាធារណៈមានលក្ខណៈសង្គម។ លោកបានបន្តថា បច្ចុប្បន្ន ប.ស.ស បាននឹងកំពុងដំណើរការនូវរបបសន្តិសុខសង្គម ចំនួនពីរ គឺផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ហើយនៅឆ្នាំ២០១៩ ខាងមុខនេះ ប.ស.ស នឹងដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនផងដែរ។

លោក ម៉េង ហុង បានបន្ថែមទៀតថា គិតរហូតមកដល់បច្ចុប្បន្ននេះ ប.ស.ស បានចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន ចំនួន ១២ ២៤៣សហគ្រាស និងមានកម្មករនិយោជិតដែលជាសមាជិក ប.ស.ស សរុបចំនួន ១ ៤៧០ ១២៨នាក់ ដែលពួកគាត់ទាំងអស់អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស (មន្ទីរពេទ្យដៃគូ) ដោយឥតបង់ប្រាក់ ព្រមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ដែល ប.ស.ស បានផ្តល់ជូន។

គិតត្រឹមខែកក្កដា ឆ្នាំ២០១៨ នេះ គ្រោះថ្នាក់ការងារទូទាំងប្រទេសសរុបចំនួន ២០៧ ៩២៦នាក់ ក្នុងនោះការផ្តល់តាវកាលិកបាត់បង់សមត្ថភាពអចិន្រៃ្តយ៍ក្រោម ២០% ស្មើនឹង ៥២២នាក់ តាវកាលិកបាត់បង់សមត្ថភាពអចិន្រៃ្តយ៍ក្រោម ២០% ឡើងស្មើនឹង ៣៨៧នាក់ តាវកាលិកឧត្តរជីវីស្មើនឹង ៥៩០គ្រួសារ និងផ្តល់ប្រាក់វិភាជន៍បូជាសពចំនួន ៩៧៧នាក់ ស្មើនឹងទឹកប្រាក់ជាង ៣ពាន់លានរៀល៕

Facebook Comments

To Top