ព័ត៌មានជាតិ

ស្ថាប័នគរុភ័ណ្ឌអារ៉ាប៊ីសាអូឌីត ត្រៀមខ្លួនជានិច្ចសហការ នឹងកម្ពុជាដើម្បីចូលរួមអភិវឌ្ឍន៍ វិស័យនានា ដែលចាំបាច់

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូស្ថាប័នគរុភ័ណ្ឌ ហ្សៃខ សឡេះ អាល់រ៉ុចហ៊ី  អារ៉ាប៊ីសាអូឌីត ដឹកនាំដោយ ប្រធានការិយាល័យក្រុមប្រឹក្សាសាសនាឥស្លាម នៃស្ថានកុងស៊ុល អារ៉ាប៊ីសាអូឌីត ប្រចាំក្រុងបាងកក បានអញ្ជើញចូលជួប សម្តែងការគួសម និងពិភាក្សាការងារជាមួយ លោក ឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។

តំណាង ស្ថាប័នគរុភ័ណ្ឌ ហ្សៃខ សឡេះ អាល់រ៉ុចហ៊ី  អារ៉ាប៊ីសាអូឌីត លោក បណ្ឌិត Abdullah Mohamed Al Yahya បានសម្តែងការកោតសរសើរ ពីគោលនយោបាយ សុខដមបនីយកម្ម ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលដឹកនាំនាវាសន្តិភាព សុខដមបនីយកម្ម នៅកម្ពុជា អស់រយៈពេលជាង ៣ទសវត្សរ៍ បានប្រែក្លាយទៅជាប្រទេស ដែលមានសេរីភាព សប្បូរសប្បាយ រីកចម្រើនរុងរឿង នឹងត្រូវបានកោតសរសើរ នៅលើឆាកអន្តរជាតិ។ ក្នុងនាមគរុភ័ណ្ឌ ហ្សៃខ សឡេះ អាល់រ៉ុចហ៊ី លោករីករាយនឹងរួម សហការជាមួយថ្នាក់ដឹកនាំឥស្លាម នៅកម្ពុជាលើវិស័យគរុភ័ណ្ឌ ដើម្បីចូលរួមចំណែកបន្តការអភិវឌ្ឍន៍ វិស័យចាំបាច់នានាដែលរាជរដ្ឋាភិបាលកម្ពុជា មានតម្រូវការ ក្នុងការអភិវឌ្ឍន៍ប្រទេស និងសហគមន៍របស់ខ្លួន។ លោកសំណូមពរដល់ភាគីកម្ពុជា ដែលមាន លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជាដៃគូរ គិតគូរពីការបង្កើត អោយមានស្ថាប័ន គរុភណ្ឌមួយនេះ ដោយស្របច្បាប់របស់រដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលដល់កិច្ចសហការជាវិជ្ជមាន លើគម្រោងអភិវឌ្ឍន៍នានា ជាបន្តទៅមុខ ព្រោះ ស្ថាប័នគរុភ័ណ្ឌ ហ្សៃខ សឡេះ អាល់រ៉ុចហ៊ី   គឺជាលំដាប់គរុភ័ណ្ឌដែលឈរ ក្នុងចំណោមលំដាប់ គរុភ័ណ្ឌនានារបស់ អារ៉ាំប៊ីសាអូឌីត ដែលមានដើមទុន និងគម្រោងធំៗជាច្រើន កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមផ្តល់ គម្រោងអភិវឌ្ឍន៍ផ្សេងៗ របស់រាជរដ្ឋាភិបាល អារ៉ាំប៊ីសាអូឌីត និង បណ្តាប្រទេសដៃគូរ ជាមិត្តផ្សេងៗ។ សម្រាប់កម្ពុជា ក៏ជាទិសដៅមួយ ដែលស្ថាប័នគរុភណ្ឌនេះ កំពុងផ្តោតការយកចិត្តទុកដាក់ និងរីករាយនឹងផ្តល់ជំនួយផ្សេងៗ តាមតម្រូវការចាំបាច់។

បន្ទាប់ពីថ្លែងអំណរគុណ ដល់គណៈប្រតិភូ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានវាយតម្លៃខ្ពស់ ចំពោះគោលបំណងរបស់ភាគី ស្ថាប័នគរុភ័ណ្ឌ ហ្សៃខ សឡេះ អាល់រ៉ុចហ៊ី   ដែលមើលឃើញនិងកោតសរសើរការដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងនាមភាគីកម្ពុជា រីករាយនឹងសហការជាដៃគូរដើ ម្បីទទួលអនុវត្តគម្រោង មនុស្សធម៍របស់ស្ថាប័ន គរុភណ្ឌសាសនាមួយនេះ អោយដំណើរការឆ្ពោះទៅមុខនៅកម្ពុជា ដើម្បីចូលរួមលើកស្ទួយអភិវឌ្ឍន៍ វិស័យចាំបាច់ផ្សេងៗ ជាពិសេសវិស័យអប់រំ និងវិស័យដទៃទៀត ដែលសហគមន៍ខ្មែរឥស្លាម នៅតែមានតម្រូវការ ដល់ភាគីគរុភ័ណ្ឌ ចូលរួម លើកស្ទួយ៕

Facebook Comments

To Top