សន្តិសុខ និង សង្គម

ទស្សនៈ៖ពលរដ្ឋគួរចៀសឲ្យបានកម្រិតខ្ពស់ ចំពោះទង្វើរវាយទាត់ធាក់ និងកោសក់ ជនសង្ស័យដែលចាប់បាន ព្រោះអាចនិងទទួលទោសទណ្ឌ ចំពោះទង្វើរនេះវិញតាមផ្លូវច្បាប់ (វិដេអូ)

ភ្នំពេញ៖ តាមរយៈវិដេអូមួយ ដែលបានបង្ហោះក្នុង បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទៅ១៣ កញ្ញា នេះ បានបង្ហាញពីរូបភាព បងប្អូនអាជីវករក្នុងផ្សារព្រៃទា ក្នុងខណ្ឌមានជ័យ បានចាប់នារីវ័យក្មេងម្នាក់ ដែលសង្ស័យបានបន្លំលួចទូរស័ព្ទ ហើយបានវាយដំ ទាត់ធាក់ខ្លះ និងថែមទាំងបានចាប់កោរសក់ថែមទៀត ជាការព្រមានរួចដោះលែងវិញ។

ជាការអំពាវនាវពីរូបខ្ញុំបាទ ក៏ដូចជាសមត្ថកិច្ច និងអង្គការសង្គមស៊ីវិលមួយចំនួនផងដែរ ចំពោះបងប្អូនអាជីវករ និងបងប្អូនប្រជាពលរដ្ឋដែល ជួបហេតុការណ៍ បែបនេះ ឬស្រដៀងគ្នា គួរចៀសវៀងតាមកម្រិតខ្ពស់បំផុតព្រោះថា ការប្រើហិង្សាបែបនេះ និងការដាក់ទារុណកម្មបែបនេះ ជាទង្វើរមិនគួរគម្បីប្រព្រឹត្ត ដែលជាការអនុវត្តច្បាប់ធម្មជាតិ បំពានទៅនិងច្បាប់សង្គម ហើយអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធអាចនឹងទទួល ទោសទណ្ឌតាមផ្លូវច្បាប់ជាធរមាន ទៅវិញក៏ ថាបាន។

ខ្ញុំរំលឹកហេតុការណ៍បន្តិច តាមរយៈវិដេអូដែលបានបង្ហោះ អាជីវករក្នុងផ្សារនោះបានព័ទ្ធចាប់នារីវ័យក្មេងម្នាក់ ហើយឆែកឆេរបាននូវសម្ភារៈដែលលួចបាន បន្ទាប់មកបាននាំគ្នាចាប់កោរសក់នាង ហើយថែមទាំងបានឆ្លៀតវាយ និងធាក់ផង ដោយមិនបានប្រគល់ឲ្យសមត្ថកិច្ចនោះទេ។ ក្រោយហេតុការណ៍ត្រូវបាន មហាជនមួយចំនួនរិះគន់ទៅលើបុរសម្នាក់ដែលព្យាយាមប្រើហិង្សា និងចាប់កោរសក់នារីជាចោរម្នាក់នោះ ដែលមើលទៅហាក់បីដូចជាមិនសូវ សមភ្នែក ទាល់តែសោះ ដោយមានមតិមួយចំនួនមានការលើកឡើងថា មិនគួរប្រើអំពើហិង្សាបែបនោះទេ គួរតែទុកឲ្យសមត្ថកិច្ចមកធ្វើការឃាត់ខ្លួនវិញ។

តាមពិតទៅការរិះគន់នេះ គឺពិតជាមិនខុសនោះទេ ចំពោះការសម្រេចចិត្តដាក់ទោសអ្នកណាម្នាក់ដោយចិត្តឯង វាជាទង្វើរប្រាស់ចាកអំពីច្បាប់ ហើយការ ប្រើហិង្សា និងទារុណកម្មបែបនេះ អ្នកប្រព្រឹត្តអាចនិងជាប់ទោសទណ្ឌក៏ថាបាន ព្រោះថា មិនត្រឹមតែប្រជាពលរដ្ឋធម្មតានោះទេ សូម្បីតែកម្លាំងសមត្ថកិច្ច ផ្ទាល់ក៏ពុំសិទ្ធិអ្វី ទៅធ្វើទារុណកម្មចំពោះអ្នកណាម្នាក់ ឬជនសង្ស័យណាម្នាក់នោះទេ ពោលគឺមានសិទ្ធិក្នុងការឃាត់ខ្លួនដើម្បីកសាង សំណុំរឿងប្រគល់ ជូនតុលាការដើម្បីសម្រេចផ្តន្ទាទោស។

បើតាមអ្នកច្បាប់មួយរូបបានប្រាប់ឲ្យដឹងថា ករណីដែលនារីវ័យក្មេងនោះប្រព្រឹត្តបទល្មើសលួច វាជារឿងមួយផ្សេងដែលត្រូវចាប់បញ្ជូនឲ្យសមត្ថកិច្ចចាត់ វិធានការណ៍ តាមផ្លូវច្បាប់ ដោយឡែកករណីដែលបុរសម្នាក់ចាប់កោរសក់ និងវាយដំជនសង្ស័យដែលខ្លួនចាប់បាននោះ វាជារឿងដាច់ដោយឡែក ការវាយដំ ការទាត់ធាក់ វាជាករណីហិង្សាលើអ្នកដទៃ ឯការចាប់កោរសក់វាអាចចាត់ទុកថា ជាទារុណកម្មក៏ថាបាន ដូចយើងដឹងហើយថា មនុស្សស្រីម្នាក់ៗគឺស្រឡាញ់ សក់ខ្លាំងណាស់ ហើយការចាប់កោរសក់កណ្តាលហ្វូងមនុស្សវាធ្វើឲ្យអាម៉ាសជាទីបំផុត។

បើតាមប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គម លោក សន ជ័យ ក៏បានលើកឡើងចំពោះករណីនេះផងដែរថា “យើងគ្មានច្បាប់ដែលចែងថា លួចគេត្រូវចាប់ កោរសក់នោះទេ លួចគឺជាបទល្មើសមួយ អីញ្ចឹងអ្វីដែល មហាជនឃើញមិនល្អកើតឡើង គឺអាចចាប់បញ្ជូនទៅសមត្ថកិច្ច ដែលមានទីតាំងនៅក្បែរនោះជាជាង អន្តរគមន៍ដោយមធ្យោបាយដោយហិង្សា (មានការទាត់ធាត់ និងចាប់កោរសក់) ហើយករណីនេះមិនមែនជាករណីអនុវត្តន៍ច្បាប់បែបបុរាណ ឬច្បាប់ធម្មជាតិ នោះទេ ដែលចាប់កោរសក់ឲ្យរាងចាល”។

លោក សន ជ័យ ក៏បានចាត់ទុក ទង្វើរការធ្វើនៃការកោរសក់នេះ គឺជាការធ្វើទារុណកម្ម ហើយទង្វើបែបនេះគួរឲ្យជៀសវៀងបានកម្រិតមួយខ្ពស់បំផុត ប៉ុន្តែលោកលើកទឹកចិត្តឲ្យពលរដ្ឋចាប់ជនសង្ស័យ បញ្ជូនឲ្យសមត្ថកិច្ច ជាជៀងមហាជនបង្ហាញនូវកំហឹងទាំងកម្រោល ដែលអាចនិងមានទោសទណ្ឌ។

លោក សន ជ័យ ក៏បានលើកឡើងថែមទៀតថា ការចាប់ជនសង្ស័យ ហើយប្រលែងវិញជាថ្នូរនៃការវាយដំ និងកោរសក់នេះ វាជាទិដ្ឋភាពមួយនៃច្បាប់ធម្មជាតិ របស់ហ្វូងមនុស្ស វាមិនទាន់ឈាន ដល់ការអនុវត្តន៍ច្បាប់សង្គមនោះទេ។ ជួនកាលអ្នករងគ្រោះ នៃទង្វើរលួចនេះមិនមានជំនឿលើសមត្ថកិច្ច មិនជឿ សមត្ថកិច្ចអនុវត្តបានល្អ ហើយក៏សម្រេចចិត្តអនុវត្តច្បាប់ ធម្មជាតិ ដើម្បីជាការព្រមាន ដាក់ពិន័យទៅលើជនបង្ក ដែលនេះជាសំណួរដែលសួរថា តើហ្វូង មនុស្សនៅអនុវត្តច្បាប់ធម្មជាតិដល់ណា ដែលបំពានច្បាប់សង្គម។

ប្រធានអង្គការសម្ព័ន្ធ គណនេយ្យភាពសង្គ ក៏បានបង្ហាញជាទស្សនៈ ថាក្នុងករណីសង្ស័យអ្នកណាម្នាក់ប្រុងលួច ប្រុងឆក់មហាជនគួររកវិធីបង្កា ឬទប់ស្កាត់កុំឲ្យមានការលួច ឬឆក់កើតឡើង ហើយអាចរាយការណ៍ជនសង្ស័យទៅកាន់សមត្ថកិច្ច។ ហើយការធ្វេសប្រហែស នាំឲ្យអំពើលួចកើតឡើង អ្នករងគ្រោះនាំគ្នាប្រើហិង្សា ឬការដាក់ទណ្ឌកម្មរបៀបនេះ វាជារូបភាពមិនល្អ។

អ្វីជាការលើកឡើងខាងនេះ មិនមែនជាការគាំទ្រ ឬកាន់ជើងជនសង្ស័យនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ទាញអារម្មដល់ បងប្អូនប្រជាពលរដ្ឋ ឲ្យមានការ ប្រុងប្រយ័ត្នជៀសវៀងការដាក់ទោស ជនណាម្នាក់ដោយចិត្តឯង ដោយប្រើតុលាការប្រជាជន ហើយនាំគ្នាមកអនុវត្តច្បាប់ ធម្មជាតិបែបនេះ ដែលវាអាច និងធ្វើឲ្យខ្លួនឯងធ្លាក់ខ្លួនទៅជាជនសង្ស័យដែលប្រឈម និងទោសទណ្ឌតាមច្បាប់ ដូច្នេះអ្វីដែរគួរគម្បីធ្វើក្នុងកាលទេសៈ នេះគឺអាចនាំគ្នាព័ទ្ធចាប់ ឃាត់ខ្លួនបាន រួចរាយការណ៍ទៅសមត្ថកិច្ចដែលនៅក្បែរ កន្លែងកើតហេតុ ដើម្បីឲ្យសមត្ថកិច្ចយកជនសង្ស័យទៅសួរនាំ កសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់៕ ដោយ៖ស៊ាន កុសល

 

Facebook Comments

To Top