អន្តរជាតិ

ប្រធានាធិបតី ស៊ូដង់ខាងត្បូង និងមេដឹកនាំពួក ឧទ្ទាម ចុះហត្ថលេខា កិច្ចព្រមព្រៀងសន្តិភាព

បរទេស៖ ប្រធានាធិបតី ស៊ូដង់ខាងត្បូង លោក Salva Kiir តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខា កិច្ចព្រមព្រៀងសន្តិភាព មួយជាមួយពួកឧទ្ទាម ក្នុងរដ្ឋធានីនៃប្រទេសអេត្យូពី នៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីបញ្ចប់សង្គ្រាម ស៊ីវិល ដែលសម្លាប់មនុស្សតិចបំផុត ៥០.០០០នាក់ ធ្វើឲ្យមនុស្ស២លាននាក់ បោះបង់ចោលផ្ទះសម្បែង និងរារាំងភាពរីកចម្រើន ចាប់តាំងពីប្រទេស ទទួលបានឯករាជ្យភាព កាលពី៧ឆ្នាំមុន។

យោងតាមសេចក្តីរាយការណ៍ ពីកាសែត រ៉យទ័រ បានឲ្យដឹងថា លោក Riek Machar ជាមេដឹកនាំនៃក្រុមឧទ្ទាមដ៏ ចម្បងក្នុងតំបន់ ឈ្មោះ SPLM-IO និងក្រុមបះបោរផ្សេងទៀត បានចុះហត្ថលេខា កិច្ចព្រមព្រៀងថ្មី ជាមួយរដ្ឋាភិបាលនៃ ទីក្រុងជូបា បន្ទាប់ពីមានការធានាថា កិច្ចព្រមព្រៀងបែងចែក អំណាច នឹងត្រូវបានគោរព។

គួរបញ្ជាក់ថា ប្រទេសស៊ូដង់ខាងត្បូង បានធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម ក្រោយ២ឆ្នាំបន្ទាប់ឯករាជ្យពី ប្រទេសស៊ូដង់ ក្នុងឆ្នាំ២០១១ នៅពេលដែលជម្លោះ នយោបាយមួយ រវាងលោកប្រធានាធិបតី Kiir និងលោក Riek Machar ដែលជាអនុប្រធានាធិបតីនៅពេលនោះ បានផ្ទុះទៅជាការប្រឈម មុខដាក់គ្នាដោយអាវុធ៕

Facebook Comments

To Top