អត្ថបទ

រីករាយឆ្នាំថ្មី ជាមួយណាហ្គាវើលដ៍! តន្ត្រីស្វាគមន៍ឆ្នាំសកល ដ៏អស្ចារ្យ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មានមនុស្សរាប់ពាន់នាក់ បានមកជួបជុំគ្នា និងទស្សនា តន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យរបស់ណាហ្គាវើល៍ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១ ដើម្បីស្វាគមន៍ឆ្នាំថ្មី២០២០ អមដោយពន្លឺកាំជ្រួចដ៏ភ្លឺផ្លេក។ ការប្រគំតន្ត្រីដ៏ធំនេះ មានការចូលរួមសម្តែង ដោយកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញាឯកចក្រវាឡកម្ពុជា កញ្ញាឯកកម្ពុជា និងអ្នកសិល្បៈអន្តរជាតិ ប្រចាំណាហ្គាវើលដ៍។

ទីមួយ គឺកំពូលតារាចម្រៀង សុគន្ធ និសា។ និសា បានធ្វើឲ្យអ្នកគាំទ្ររាំជាមួយបទចម្រៀងពេញនិយមរបស់គាត់ ដូចជា បទ “Check In បេះដូង” “ឃើញជ្រូករាំ” និង “ក្រុងជួបស្រែ” អមដោយក្រុមរាំដែលមានទេពកោសល្យមួយក្រុមរបស់គាត់។ បន្ទាប់មក នីកូ ក៏ទទួលបានការចាប់អារម្មណ៍មិនចាញ់ និសាប៉ុន្មានដែរជាមួយបទ “Like ១” “ម៉ាប់ៗ” ខណៈក្រុមតូចពហុជំនាញ Small World Small Band បានទទួលសំឡេងទះដៃ អបអរសាទរយ៉ាងច្រើនផងដែរជាមួយចង្វាក់ភ្លេង mix និងបទចម្រៀងដើមដែល និពន្ធដោយពួកគេផ្ទាល់។

តន្ត្រីដ៏ធំកណ្តាលរាជធានីភ្នំពេញនេះ បានឈានដល់កម្រិតកំពូលនៅពាក់កណ្តាល់អធ្រាត្រ នៅពេលប៉ុន្មានវិនាទីមុនឈានចូលឆ្នាំថ្មី២០២០! ទស្សនិកជន បានរាប់ថយក្រោយ ដោយផ្ទៀងជាមួយនឹងទ្រនិចនាឡិកានៅលើផ្ទាំង អិលអ៊ីឌីដ៏ធំរបស់ណាហ្គាវើលដ៍។ ទិដ្ឋភាពឆ្លងឆ្នាំក្នុងរាជធានីភ្នំពេញនេះ កាន់តែអស្ចារ្យជាមួយពន្លឺកាំជ្រួចដ៏ភ្លឺផ្លេករបស់ណាហ្គាវើលដ៍ ដែលបានធ្វើឲ្យពន្លឺនៅក្នុងអាកាសទល់មុខណាហ្គាវើលដ៍ ទាំងពីរមានភាពចែងចាំងនៅក្នុងឱកាសបើកទំព័រទី១ នៃឆ្នាំ២០២០! ៕

To Top