អត្ថបទ

វីឡាលំហែរកាយថ្មី​​ នឹងផុសឡើង​ ក្នុងខេត្តកំពត ​ក្រោមទុនវិនិយោគ ជិត២០លានដុល្លារ

ភ្នំពេញ៖​ គម្រោងផ្ទះវីឡាលំហែរកាយ បែបទំនើប ​Forest Hamony​​ លើកដំបូង នឹងត្រូវសាងសង់ឡើង លើផ្ទៃដី១៣ហិកតា នាខេត្តកំពត ក្រោមការវិនិយោគ របស់វិនិយោគិនមួយក្រុម ដែលបានចាប់ដៃសហការគ្នា បោះទុន១៨លានដុល្លារ ដែលទើបបើកដំណើរការ សាងសង់នៅដើមខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងភូមិផារី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត និងមានចម្ងាយត្រឹម ១៨គីឡូម៉ែត្រប៉ុណ្ណោះ ពីទីរួមខេត្តកំពត។

អ្នកជំនាញអចលនទ្រព្យ លោក SERAJ Sutton ដែលជា COO របស់ Century 21 Cambodia លើកឡើងថា ខេត្តកំពតកំពុងមានការរីកចម្រើនខ្លាំង និងមានសក្តានុពលជាច្រើន សំរាប់ការអភិវឌ្ឍ លើវិស័យសំណង់ និងអចលនទ្រព្យ ដោយសារខេត្តនេះ​ មានភាពអំណោយផលមួយចំនួនដូចជា មានចម្ងាយជិតនឹងរាជធានីភ្នំពេញ មានការកសាងហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ មានការសាងសង់កំពង់ផែទឹកជ្រៅធំមួយ ដែលជាកំពង់ផែធំមួយ បន្ទាប់ពីក្រុងព្រះសីហនុ។

លោកបន្តថា ជាមួយគ្នានេះថ្នាក់ដឹកនាំខេត្តកំពត មានឆន្ទៈយ៉ាងមុតមាំ​ក្នុងការជួយជំរុញ និងសម្រួលការវិនិយោគនៅក្នុងខេត្ត ឲ្យមានភាពរីកចម្រើមនខ្លាំង។ ក្រៅពីមានសក្តានុពលលើទីតាំងភូមិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ឋ វិស័យកសិកម្មរបស់ខេត្ត ក៏មានភាពល្បីល្បាញ ដូចជាម្រេច ធូរ៉េនជាដើម ពិសេសវិស័យទេសចរណ៍ក្នុងខេត្ត ក៏មានភាពរីកចម្រើនខ្លាំង។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong និងជាសហភាគហ៊ុនិក​ក្នុងគំរោង Forest Hamony បានសម្តែងភាពសប្បាយរីករាយ ដែលបានចូលរួមចំណែក​ វិនិយោគគំរោងនេះ ពិសេសជាការចូលរួមចំណែក ក្នុងការជំរុញការអភិវឌ្ឍ វិស័យអចលនទ្រព្យ ក្នុងខេត្តកំពត ឲ្យកាន់តែមាន​ភាពរីកចម្រើនបន្ថែមទៀត។

លោកថា «នេះជាគំរោងប្រវត្តិសាស្រ្តសំរាប់ខេត្ត ដែលនឹងជួយលើកកំពស់ការអភិវឌ្ឍ ក៏ដូចជាជំរុញឲ្យខេត្ត កាន់តែមានភាពទាក់ទាញ ដោយសារគំរោង Forest Hamony សាងសង់ឡើងប្រកបដោយ បទដ្ឋានអន្តរជាតិ និងផ្តោតលើការរស់នៅ ប្រកបដោយភាពបៃតង និងការលំហែរប្រកបដោយ ស្តង់ដាអន្តរជាតិ»។

គម្រោងថ្មី Forest Hamony នេះ បាន និងកំពុងជួយជំរុញបន្ថែមទៀត លើសក្តានុពល ដែលមានស្រាប់ នៅក្នុងខេត្តកំពត ដែលជាតំបន់កំពុងមានការវិនិយោគ យ៉ាងច្រើនលើលំនៅដ្ឋាន និងរមណីយដ្ឋានទេសចរណ៍ ប៉ុន្តែសម្រាប់ទស្សនទាន នៃការអភិវឌ្ឍរបស់គំរោង Forest Hamony ជាស្ទីលថ្មីមួយ ដែលផ្តល់ឲ្យអ្នកវិនិយោគ ទទួលបានប្រាក់ចំណេញ និងសំរាប់ការលំហែរកំសាន្ត ប្រកបភាពស្រស់ស្រាយ។

គំរោង Forest Hamony មានផ្ទះវីឡាលំហែរ ដែលសាងសង់ នៅប្របនឹងជើងភ្នំតូចៗ ដែលមានទេសភាពស្រស់បំព្រង ជាមួយនឹងបឹងទំហំ ៤០០០ម៉ែត្រការ៉េ ដែលផ្តល់ឲ្យនូវខ្យល់អាកាសបរិសុទ្ធ។

គំរោងនេះមានផ្ទះសរុបចំនួន៩០ ដោយផ្ទះនីមួយៗ មានអាងហែលទឹក ជាលក្ខណៈផ្ទាល់ខ្លួន មានសួនច្បារផ្ទាល់ខ្លួន ជាមួយទំហំដី ២៤គុណនឹង៣០ម៉ែត្រការ៉េ។ ដោយផ្តោតលើការសម្របខ្លួន ជាមួយនឹងលក្ខខណ្ឌ ប្រែប្រួលអាកាសធាតុ ។ គំរោងនេះ ត្រូវបានស្ថាបត្យករគូរ និងសាងសង់ឡើង ដោយឈរលើភាពបៃតង ដែលជួយសន្សំសំចៃអគ្គិសនី ដើម្បីធ្វើឲ្យអ្នករស់នៅ មានផាសុខភាព។

ផ្ទះនិមួយៗក្នុងគំរោងនេះ នឹងសាងសង់ឡើង លើផ្ទៃដីធំទូលាយ មានរបងព័ទ្ឋជុំវិញ ដោយមានទំហំចាប់ពី ៣៦០ ទៅ ៧២០ម៉ែត្រការ៉េ កំពស់២ជាន់ និងមានការរៀបចំ សួនច្បារ យ៉ាងស្រស់ស្អាតសំរាប់ផ្ទះនិមួយៗ។ ចំណែកវីឡា លំហែកាយវិញ ចាប់ផ្តើមពីតម្លៃ១៧ម៉ឺនដុល្លារអាមេរិក ដល់ជាង២២ម៉ឺនដុល្លារ ហើយតម្លៃផ្ទះនិមួយៗ មានភាពខុសគ្នា អាស្រ័យលើទំហំដី ទីតាំង និងរចនាបទនិមួយៗ៕

To Top