ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយការងារជំនាញ និងចែកជូននូវ បាវចនា អភិក្រម និង អនុសាសន៍១០ចំណុច របស់សម្តេចតេជោ ដល់មូលដ្ឋានអាវុធហត្ថទូទាំង រាជធានីភ្នំពេញ!

ភ្នំពេញៈ នៅរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារជំនាញ ដល់មន្ត្រី ការិយាល័យជំនាញ និង មូលដ្ឋានអាវុធហត្ថ ខណ្ឌទាំង១២ ដើម្បីដាស់តឿនរំលឹកនិងពង្រឹង នូវនិតិវិធី ក្នុងការអនុវត្តច្បាប់ ព្រមទាំងដាក់ចេញ នូវផែនការ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានរំលឹកបន្ថែម ដល់នាយទាហាន នាយទាហានរង ទាំងអស់ ឲ្យយកចិត្តទុកដាក់ លើការរៀបចំ សេដ្ឋកិច្ចគ្រួសារ ថែរក្សាសុខភាពឲ្យបានល្អ ហាត់ប្រាពឲ្យបានទៀងទាត់ ជាពិសេសត្រូវទៅឲ្យគ្រូពេទ្យ ពិនិត្យសុខភាព យ៉ាងហោចណាស់មួយ ឬពីរដងក្នុងមួយឆ្នាំ។

ឆ្លៀតក្នុងឱកាស ប្រជុំផ្សព្វផ្សាយនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តួចផ្តើមគំនិតផ្តិតនូវ បាវចនា អភិក្រម និង អនុសាសន៍១០ចំណុច របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជធាណាចក្រកម្ពុជា ចែកជូនដល់បណ្តា មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ ក៏ដូចជាទីបញ្ជាការរាជធានីផ្ទាល់ ដើម្បីយកទៅដាក់តាំងជានិមិត្តរូប ក្នុងការដាស់តឿនក្រើនរំលឹក ដល់កិច្ចអនុវត្តិ ការងារប្រចាំថ្ងៃរបស់ខ្លួន ដែលរួមមានខ្លឹមសារ ដូចខាងក្រោម៖

– បាវចនា ០២
១. កែទម្រង់ខាងក្នុង
២. បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ

– អភិក្រម ០៥
១. ឆ្លុះកញ្ចក់
២. ងូតទឹក
៣. ដុសក្អែល
៤. ព្យាបាល
៥. និងវះកាត់

– អនុសាសន៍ ១០ចំណុច

១- ត្រៀមខ្លួនជាស្រេចការពារឯករាជ្យ អធិបតេយ្យជាតិ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវខឿនការពារជាតិ របស់ប្រជាជន ព្រោះកងទ័ពបានកើតចេញពីប្រជាជន និងធ្វើអ្វីៗ ដើម្បីសេចក្តីសុខរបស់ប្រជាជន។

២- រួមជាមួយកម្លាំងផ្សេងទៀត រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ចូលរួមអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព ប្រយុទ្ធប្រឆាំងជាមួយចោរកម្ម គ្រឿងញៀន ជួញដូរមនុស្ស និងអំពើអសកម្មផ្សេងៗ ត្រូវធ្វើឲ្យប្រទេសរបស់យើងទៅជាប្រទេស ដែលមានសុខសន្តិភាពពិតប្រាកដ ដោយតម្លៃណាក៏ដោយ មិនត្រូវអនុញ្ញាតឲ្យអ្នកណាមួយបំផ្លាញនូវសន្តិភាពដែលរកបានដោយលំបាក។

៣- ខិតខំប្រយុទ្ធប្រឆាំងភេវរកម្ម និងវាយកម្ទេចចោល ឲ្យទាន់ពេលវេលា នូវឧបាយកលបដិវត្តន៍ពណ៌ ដែលប៉ុនប៉ង ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរយ:មធ្យោបាយ មិនប្រជាធិបតេយ្យ និងផ្ទុយជាមួយរដ្ឋធម្មនុញ្ញ ។ កម្លាំងប្រដាប់អាវុធ មានភារកិច្ចការពាររដ្ឋ ដូចនេះមិនមានពាក្យ អព្យាក្រិតជាមួយពួកឧទ្ទាម ទាំងឧទ្ទាមក្នុងព្រៃ និងឧទ្ទាមទីក្រុងនោះទេ ។ យើងត្រូវតែកម្ចាត់ចោលជាបន្ទាន់ ដោយមិនចាំបាច់រង់ចាំបទបញ្ជា នូវទង្វើណាក៏ដោយ ដែលប៉ុនប៉ងដណ្ដើមអំណាច ក្រៅប្រព័ន្ធប្រជាធិបតេយ្យ ក្រៅការបោះឆ្នោត ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ។

៤- សូមឲ្យកងទ័ពទាំងអស់ ចូលរួមជាមួយកម្លាំងផ្សេងទៀត ដើម្បីជួយដល់ប្រជាជន ពិសេសពេលមាន គ្រោះមហន្តរាយ កងទ័ពជាកូនចៅប្រជាជន នៅទីកន្លែងណាក៏ដោយ ត្រូវមើលត្រូវដឹងសុខទុក្ខប្រជាពលរដ្ឋ ជួយដល់ ប្រជាពលរដ្ឋ ដែលមានការលំបាក ខិតខំធ្វើ នូវកិច្ចការដែលយើង អាចធ្វើទៅរួច ជួយដល់ប្រជាជន ជាពិសេសប្រជាជន ដែលមានជីវភាពក្រីក្រជួបការលំបាក ហើយកុំធ្វើឲ្យប្រជាជនស្រក់ទឹកភ្នែក ដោយសារតែទង្វើ មិនគប្បីនៃកងទ័ពរបស់យើង។

៥- ត្រូវគាំទ្រដល់កម្លាំងអនុវត្តច្បាប់ ដើម្បីធានាទៅដល់ការ ការពារព្រៃឈើ ជលផល និងធនធានធម្មជាតិដទៃទៀត។ កងទ័ពទាំងអស់ ត្រូវចូលរួមរក្សាព្រៃឈើ មិនត្រូវក្លាយជាអ្នកកាប់ឈើ ឬជាអ្នកការពារឈ្មួញកាប់ឈើ នោះទេ។ ចូលរួមរក្សានូវត្រី ធនធានជលផលដ៏កម្ររបស់យើង មិនត្រូវចូលរួមនឹងអំពើអសកម្មនានា ទាក់ទងនឹងវិស័យ ជលផលដែលធ្វើការនេសាទ ដោយខុសច្បាប់នោះទេ។ ត្រូវចូលរួមរក្សា នូវធនធានធម្មជាតិដទៃទៀត ដែលមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

៦- គាំទ្រដល់ការ ប្រមូលចំណូលថវិកាជាតិ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ខិតខំទប់ស្កាត់ការរកស៊ីគេចពន្ធ និង ឧក្រិដ្ឋកម្មឆ្លងដែន ។ ត្រូវរួមគ្នា មិនមែនជាភារកិច្ចដាច់ដោយឡែក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពគយ ឬ អង្គភាពពន្ធដារនោះទេ ប៉ុន្តែត្រូវមាន ការជួយគាំទ្រទាំងអស់គ្នា ហើយខ្លួនយើងម្នាក់ៗ ក៏ត្រូវបំពេញកាតព្វកិច្ចពន្ធដារដូចគ្នា។

៧- ខិតខំពង្រឹងវិន័យកងទ័ព បង្កើនសមត្ថភាពលើគ្រប់ផ្នែក ការហ្វឹកហ្វឺន ត្រូវធ្វើជាប្រចាំគ្រប់មុខជំនាញទាំងអស់ សម្ភារៈកាន់តែទំនើប បើមនុស្សមិនទំនើប គឺស្មើនិងគ្មានសម្ភារ:ទាំងនោះទេ ។ ស៊ូបង្ហូរញើសលើទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាម លើទីលានប្រយុទ្ធ មានន័យថា ហូរញើសនៅទីលានហ្វឹកហាត់ គឺកាត់បន្ថយការហូរឈាម និង ការស្លាប់នៅទីលានប្រយុទ្ធ ហើយសុំយកឱកាសនេះផ្តាំផ្ញើ សុំខិតខំសម្រកក្បាលពោះ៕

Facebook Comments

To Top