នយោបាយ

លោក សម រង្ស៉ី ត្រូវផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ៨ឆ្នាំ និងពិន័យទឹកប្រាក់ ២០លានរៀល

ភ្នំពេញ ៖ នៅទីស្នាក់ការអតីត គណបក្សសង្គ្រោះជាតិ សមត្ថកិច្ចបានយកសាលក្រមផ្ដន្ទាទោស ទណ្ឌិតសម រង្ស៊ី ចំនួន២ករណី ឲ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ និងពិន័យជាទឹកប្រាក់ ២០លានរៀល ។ សាលក្រមទាំងពីរនេះ ត្រូវបានសមត្ថកិច្ចចម្រុះយកទៅបិទ នៅទីស្នាក់ការ អតីតគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ។

សាលក្រមទាំង២- អង្កជំនុំជម្រះចោទពីបទ ញុះញង់ឱ្យកងទ័ព កុំស្តាប់បញ្ជារាជរដ្ឋាភិបាលស្របច្បាប់ ដែលតុលាការបានកាត់ទោស លោក សម រង្ស៉ី ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ និងពិន័យប្រាក់១០លានរៀល និង ប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ កាត់ទោសលោក សម រង្ស៉ី ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ និងពិន័យប្រាក់១០លានរៀលដូចគ្នា។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ កងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី ញុះញង់កុំឲ្យយោធិន ស្តាប់បង្គាប់រាជរដ្ឋាភិបាលស្របច្បាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ការអំពាវនាវរបស់លោក សម រង្ស៊ី ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែង នៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត។

ការដាក់ពាក្យប្តឹងនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ អំពាវនាវឲ្យកងទ័ពបង្វែរកាណុង មកលើរាជរដ្ឋាភិបាល ហើយបង្គាប់ឲ្យកងទ័ព ឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ៕

Facebook Comments

To Top