ព័ត៌មានជាតិ

នាយកសាលាតិចណូ និងÉcole Polytechnique នឹងចុះកិច្ចព្រមព្រៀងស្តីពី Co-supervise ដែលគ្របដណ្តប់លើកម្មវិធី ថ្នាក់បណ្ឌិតរួមគ្នា

ភ្នំពេញ៖ លោកបណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងលោកឧត្តមសេនីយ៍ Prof. Eric Lebaye នាយក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាលា École Polytechnique (X) នឹងចុះកិច្ចព្រមព្រៀងជាមួយគ្នាស្តីពី Co-supervise ដែលគ្របដណ្តប់លើកម្មវិធីថ្នាក់បណ្ឌិត និងពង្រីកកិច្ចសហការស្រាវជ្រាវរួមគ្នា ។

កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ លោកបណ្ឌិត អ៊ុម រម្យណី បានអញ្ជើញទៅធ្វើ ទស្សនកិច្ចនៅសាលា École Polytechnique ជាសាលាមួយដែលមានអាយុ ២២៥ឆ្នាំ បង្កើតឡើងដោយស្តេចណាប៉ូលេអុងទី១ (Napoleon 1er) ។ សាលា École Polytechnique​ ជាសាលាដែលតម្រូវ ឲ្យមានប្រឡងចូលតឹងតែងបំផុត និងមានភាពល្បីល្បាញ ពេញពិភពលោក មានលំនាំដូច សាលាបណ្ឌិតសភាយោធា Westpoint University នៅអាមេរិក។

នាយកសាលាតិចណូ បានមានប្រសាសន៍ថា «នៅទស្សវត្សរ៍៤០ មានលោកបណ្ឌិត ជួន មុំ ដែលបានរៀននៅទីនេះ ហើយមានឈ្មោះល្បីល្បាញ ពេញស្រុកខ្មែរ។ តែពេលនេះមាននិស្សិតតិចណូចំនួន ២៤នាក់ដែលកំពុងរៀននៅទីនេះ»។

គួរកត់សម្គាល់ថា ក្នុងចំណោមនិសិ្សត ២៤នាក់នោះមាន ត្រូវបានបែកចែកទៅ ក្នុងសាលាដូចខាងក្រោម៖
១- ១៥នាក់កំពុងរៀន នៅ École Polytechnique (X)
២- ៣នាក់ កំពុងរៀន នៅ École nationale supérieure d’informatique pour l’industrie et l’entreprise (ENSIIE)
៣- ៣នាក់ កំពុងរៀន នៅ École nationale supérieure de techniques avancées (ENSTA)
៤- ១នាក់ កំពុងរៀន នៅ École supérieure de physique et de chimie industrielles de la ville de Paris (ESPCI)
៥- ១នាក់ បានរៀនចប់បញ្ញាប័ត្រ នៅ (X)
៦- ១នាក់ទៀត បានរៀនចប់ថ្នាក់បណ្ឌិតនៅ (X)

នាយកសាលាតិចណូបានរំលឹកថា នេះគឺជាដំណើរទស្សនកិច្ចមួយ ធ្វើឡើងបន្ទាប់ពីសាលាតិចណូ បានចុះហត្ថលេខាលើ អនុសារណ:យោគយល់គ្នា (MOU) កាលពីឆ្នាំ២០០៨ ជាមួយឧត្តមសេនីយ៍ឯក អគ្គនាយក នៃសាលានេះ។

នាយកសាលាតិចណូបញ្ជាក់ថា «ផ្លែផ្កាមួយទៀតគឺ គ្រឹះស្ថានទាំងពីរនឹងមានចុះកិច្ចព្រមព្រៀងជាមួយគ្នាស្តីពី Co-supervise ដែលគ្របដណ្តប់លើកម្មវិធី ថ្នាក់បណ្ឌិតរួមគ្នា និង ពង្រីកកិច្ចសហការស្រាវជ្រាវរួមគ្នា។ នេះជាសំណើដែលបានទទួល ការឯកភាពពីលោកឧត្តមសេនីយ៍ Prof. Eric Lebaye ជានាយកនិងជាប្រធាន ក្រុមប្រឹក្សាភិបាលនៃ (X)» ។

ក្នុងពេលជាមួយគ្នានោះដែរ នាយកសាលាតិចណូ បានបន្តដំណើរទស្សនកិច្ច នៅក្នុងសាលាធំៗចំនួន ពីរទៀតគឺ សាលា ENSIIE និង សាលា Télécom Sud Paris ក្នុងបំណងស្វែងយល់ពីការរៀបចំ Start-Up program សម្រាប់នាំមកដាក់នៅតិចណូ ក្នុងពេលអនាគត ៕

Facebook Comments

To Top