អន្តរជាតិ

ចិនគម្រាមអាមេរិក លើបញ្ហាទណ្ឌកម្ម ដែលពាក់ព័ន្ធនឹង Huawei តែមិនបានបញ្ជាក់ថា នឹងត្រូវតបតបែបណានោះទេ

បរទេស: BBC ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៨ ខែឧសភានេះ បានឲ្យដឹងថា ប្រទេសចិនមកដល់ពេលនេះ បានធ្វើការគម្រាមកំហែងតបវិញ ជុំវិញទៅនឹងបញ្ហា ដែលអាមេរិកនឹងចាប់ផ្តើម ប្រកាសទណ្ឌកម្មថ្មី គោលបំណងប្រឆាំង ទៅនឹងមុខជំនួញដ៏ធំ របស់ក្រុមហ៊ុនយក្ស Huawei។

លោកអ្នកនាំពាក្យ របស់ក្រសួងការបរទេសចិន Lu Kang បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងធ្វើការប្រឆាំងតបតដាច់ខាត ចំពោះប្រទេសទាំងឡាយណា ដែលនឹងធ្វើការដាក់ទណ្ឌកម្ម ដោយឯកតោភាគី ទៅលើក្រុមហ៊ុនទាំងឡាយ របស់ប្រទេសចិន។ ការប្រកាសនេះ ត្រូវបានធ្វើឡើង នៅក្រោយការបញ្ជាក់ច្បាស់ ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ត្រាំ កាលពីថ្ងៃពុធ ដែលនឹងបិទចោលសេវាទាំងអស់ នៃផលិតទាំងឡាយរបស់ Huawei។

ទោះបីជាការប្រកាស ទណ្ឌកម្មពីសំណាក់អាមេរិកនេះ មិនបានធ្វើការបញ្ជាក់ចំឈ្មោះ ក្រុមហ៊ុនHuaweiក្តី ប៉ុន្តែគេជឿជាក់ថា ខ្លួនមានបំណង សំដៅទៅលើមុខជំនួញ របស់ក្រុមហ៊ុននេះ ដែលកន្លងមក អាមេរិកតែងតែចោទប្រកាន់ថា Huawei ជាអ្នកធ្វើឲ្យមានហនិភ័យ ដល់ប្រព័ន្ធសន្តិសុខជាតិ របស់អាមេរិក។

លោក Lu Kang បាននិយាយថា ពួកយើងជំរុញឲ្យចិន គួរតែបញ្ឈប់ ការអនុវត្តសកម្មភាពទាំងនេះភ្លាម ហើយបង្កើត ឲ្យមានស្ថានភាព ល្អប្រសើរមួយឡើងវិញរវាងគ្នា ហើយបន្តថា ចិននឹងឆ្លើយតប ប្រសិនបើអាមេរិកនៅតែបន្ត ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិត ពីវិធីនៃការឆ្លើយតបរបស់ចិនឡើយ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top