ព័ត៌មានជាតិ

កម្មវិធីសិក្សា លំដាប់ថ្នាក់ពិភពលោក​ ពីសហរដ្ឋអាមេរិក អ​ប់រំបែបស្ទែម (STEM) ឈ្មោះ RoboThink ត្រូវបានដាក់ចូល ក្នុងប្រព័ន្ធអប់រំ ដល់ក្មេងៗ ពីថ្នាក់ទី១-៨ តាមសាលាមួយចំនួន នៅកម្ពុជា

ភ្នំពេញ៖ កម្មវិធីសិក្សាអប់រំបែបស្ទែម (STEM) លំដាប់ថ្នាក់ពិភពលោកតែមួយគត់ កំពុងមកដល់ប្រទេសកម្ពុជា ដែលមានឈ្មោះថា រ៉ូបូស៊ីង (RoboThink) ពីសហរដ្ឋអាមេរិក ដែលនាំចូលតាមរយៈក្រុមហ៊ុន រៀលលាននែរ ខូអិលធីដី ដោយបានដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ នាសណ្ឋាគារ សូហ្វីថែល ភ្នំពេញ ក្រោមវត្តមានលោក សាន្ត វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាងគណៈគ្រប់គ្រង ក្រុមហ៊ុន រៀលលាននែរ អគ្គនាយកក្រុមហ៊ុន RoboThink មកពីសហរដ្ឋអាមេរិក ដៃគូសហការជាច្រើនចូលរួមផងដែរ ត្រូវបានដាក់បញ្ចូល ក្នុងប្រព័ន្ធអប់រំ ដល់ក្មេងៗ អាយុចាប់ពី៦ ដល់១៤ឆ្នាំ (ថ្នាក់ទី១ដល់ទី៨) នៅកម្ពុជាហើយ ។

រ៉ូបូស៊ីង (RoboThink) ត្រូវបានគេដឹងថា ជាកម្មវិធីសិក្សាអប់រំ ដ៏មានប្រជាប្រិយភាព និងរីកចម្រើនឆាប់រហ័ស ដែលមានការិយាល័យ នៅសហរដ្ឋអាមេរិក កាណាដា កូរ៉េខាងត្បូង ម៉ាឡេស៊ី ប៉ាណាម៉ា អាហ្វ្រិចខាងត្បូង ប្រទេសអែរឡង់ និងប្រទេសចិន ។ ហើយប​ច្ចុប្បន្ន រ៉ូបូស៊ីង (RoboThink) កំពុងតែអប់រំ មនុស្សជំនាន់ក្រោយ អំពីការកែច្នៃ ផ្នែកបច្ចេកវិទ្យា វិស្វកម្ម និងសរសេរកូដ ដល់កុមារ នៅក្នុងប្រទេស​ និងជំរុញ ឲ្យពួកគេក្លាយជាអ្នកដឹកនាំ នៅក្នុងវិស័យបច្ចេកវិទ្យា នៅតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោក ។

រ៉ូបូស៊ីង (RoboThink) នឹងត្រូវបានដាក់ដំណើរការ បង្រៀនដល់ក្មេងៗ ដែលមានអាយុចាប់ពី៦ ដល់១៤ឆ្នាំ (ថ្នាក់ទី១ដល់ទី៨) កម្មវិធីអប់រំបែបស្ទែម (STEM) តែមួយគត់ របស់ រ៉ូបូស៊ីង (RoboThink) ត្រូវបានផ្តោតលើ វិធីសាស្ត្រសិក្សាចុងក្រោយ របស់ស្ទែម (STEM) ផ្នែក Hardware និងផ្នែក Software និងជាកម្មវិធីសិក្សា លំដាប់ថ្នាក់ពិភពលោក ដែលបង្កើតឡើង​ ដោយក្រុមអ្នកស្រាវជ្រាវ ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក និងកូរ៉េ ។

តាមរយៈការសិក្សា កម្មវិធី រ៉ូបូស៊ីង (RoboThink) កុមារនឹងទទួលបាន ចំណេះដឹងទាក់ទងនឹង ការច្នៃប្រឌិត ក្នុងការសាងសង់គ្រឿងយន្ត ការសរសេរកូដ អភិវឌ្ឍសមត្ថភាព ខួរក្បាលកុមារ បានយ៉ាងមានប្រសិទ្ធិភាព ដោយអនុវត្តផ្ទាល់ ជាមួយនឹងឧបករណ៍រ៉ូបូស៊ីង (RoboThink) លាយឡំ ការសិក្សាបែបកម្សាន្ត យ៉ាងសប្បាយរីករាយផងដែរ ។

លើសពីនេះទៅទៀត ក្រុមហ៊ុន បានសម្រិតសម្រាំង លោកគ្រូ អ្នកគ្រូ​ដែលមានបទពិសោធន៍ខ្ពស់ ដែលបានបញ្ចប់វគ្គ បណ្តុះបណ្តាល ជាមួយនឹងគ្រូជំនាញ មកពីសហរដ្ឋអេមេរិកផងដែរ ។

គួររំលឹកថា ក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រ និងអនុញ្ញាតិ ឲ្យកម្មវិធី រ៉ូបូស៊ីង (RoboThink) ដាក់ដំណើរការសាកល្បង នៅសាលារៀនបឋមសិក្សា ព្រះនរោត្តម រាជធានីភ្នំពេញ តាមរយៈលិខិតលេខ ២៣០១ អយក.ផក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

គួរបញ្ជាក់ថា ក្រុមហ៊ុនរៀលលាននែរ ដែលបាននាំយក កម្មវិធីសិក្សា រ៉ូបូស៊ីង (RoboThink) នេះបាននឹងកំពុង ចាប់ដៃគូសហការ ជាមួយសាលារៀនជាតិ និងអន្តរជាតិធំៗជាច្រើន នៅព្រះរាជាណាចក្រកម្ពុជា មានមជ្ឈមណ្ឌកម្សាន្តកុមារ Urban Space សាលាអន្តរជាតិហ្គ្រេនម៉ោន សាលាអន្តរជាតិ យូ អេស អេ (USA) សាលាអន្តរជាតិ បញ្ញាសាស្ត្របាត់ដំបងជាដើម៕ ដោយ៖ ដារាត់ 

Facebook Comments

To Top