ព័ត៌មានជាតិ

KW Cambodia សហការលក់ផ្ដាច់មុខ គម្រោងខុនដូ Urban Village ជាមួយកិច្ចសន្យាប្លែក មិនធ្លាប់មាន

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី របស់អាមេរិកប្រចាំកម្ពុជា Keller Williams Cambodia(KW Cambodia) បានទទួលសិទ្ធផ្ដាច់មុខ លក់គម្រោងខុនដូ របស់ក្រុមហ៊ុន Urban Village មួយទៀតហើយ ជាមួយកិច្ចសន្យាប្លែក មិនធ្លាប់មាន គឺកិច្ចសន្យាលក់ ឲ្យតែអ្នកប្រើប្រាស់ប៉ាស្ព័រថៃ និងវៀតណាម ឬជនជាតិថៃ និងវៀតណាមប៉ុណ្ណោះ ។

នេះបើតាមការអះអាង របស់លោកបណ្ឌិត គីម ហ៊ាង ម្ចាស់ក្រុមហ៊ុន KW Cambodia ក្រោយពិធីចុះអនុស្សារណៈ យោគយល់គ្នា (MOU) ជាមួយលោក Ben Li នាយកប្រតិបត្តិក្រុមហ៊ុន Urban Village Phnom Penh នៅទីស្នាក់ការគម្រោង Urban Village ដើម្បីទទួលបានសិទ្ធលក់ខុនដូ ផ្ដាច់មុខរបស់គម្រោងដ៏ធំនេះ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ។

លោកបណ្ឌិត គីម ហ៊ាង បញ្ជាក់ថា នេះគឺជាគម្រោងទី៥ ដែលក្រុមហ៊ុនខ្លួនបានចុះកិច្ចសន្យា ទទួលសិទ្ធលក់ផ្ដាច់មុខ តែគម្រោង Urban Village មានលក្ខណៈពិសេស ហើយប្លែក ដែលអាចនិយាយបានថា មិនធ្លាប់មានពីមុន ។ លោកថា «ថ្ងៃនេះ យើងចុះកិច្ចសន្យាលក់ផ្ដាច់មុខ សម្រាប់អ្នកទិញ ជាជនជាតិថៃ និងវៀតណាម ។ វាប្រហែលជាប្លែកបន្ដិច ប៉ុន្ដែវានឹងមិនប្លែកទេ សម្រាប់រយៈពេល ៣ឆ្នាំក្រោយ ។ ខ្ញុំតែងនិយាយ KW តែងធ្វើអ្វី ដែលអ្នកដទៃមិនទាន់ធ្វើ យើងគឺជាអ្នកដឹកនាំគេធ្វើមុន អ្វីដែលយើងធ្វើ ថ្ងៃក្រោយគេធ្វើតាមយើង» ។

លោកបន្ដថា «ខុនដូក្នុងស្រុកខ្មែរយើងបច្ចុប្បន្ន អ្នកទិញច្រើនជាងគេ មានចិន តៃវ៉ាន់ សិង្ហបុរី ហុងកុង ម៉ាកាវ កូរ៉េ ជប៉ុន វៀតណាម ថៃ និងខ្មែរជាដើម ។ ប៉ុន្ដែគម្រោងនេះ មានកិច្ចសន្យា រយៈពេល ២ឆ្នាំ ដើម្បីលក់ផ្ដាច់មុខ លើខុនដូ តែយើងលក់ ឲ្យអ្នកប្រើប៉ាស្ព័រថៃ និងវៀតណាម ។ មានន័យថា ក្នុង Urban Village ទាំងមូល សម្រាប់ ២ឆ្នាំពីឥលូវ ចំពោះអ្នកទិញ ដោយប្រើប៉ាស្ព័រថៃ និងវៀតណាម គឺជាភ្ញៀវរបស់ KW Cambodia ។ យើងធ្វើបែបនេះ ដើម្បីងាយសិក្សា ពីបរទេស ព្រោះយើងត្រូវសិក្សា ជាមួយក្រុមហ៊ុនធំៗ របស់បរទេសទៀត ដើម្បីបន្ដសហការ នាថ្ងៃអនាគត» ។

ជាមួយគ្នានោះ លោក Ben Li បានបញ្ជាក់ថា ការសម្រេចចិត្តសហការ ជាមួយក្រុមហ៊ុន KW Cambodia ព្រោះលោកជឿជាក់ លើកេរ្ដិ៍ឈ្មោះ របស់ក្រុមហ៊ុននាំចូល ពីសហរដ្ឋអាមេរិកនេះ ដែលជាក្រុមហ៊ុន មានសមាជិកច្រើន រហូតជិត ២១ម៉ឺនាក់ លើពិភពលោក ។ មួយវិញទៀត លោកក៏ទុកចិត្ត លោកបណ្ឌិត គីម ហ៊ាង ដែលជាអ្នកមាន បទពិសោធន៍ចាស់វស្សា ក្នុងវិស័យដ៏មានសក្ដានុពលនេះផងដែរ ។ ដូច្នេះលោករំពឹងថា Urban Village នឹងទទួលបានជោគជ័យ ហើយមានការគាំទ្រច្រើន ពីអតិថិជន តាមរយៈកិច្ចសហការមួយនេះ ៕

Facebook Comments

To Top