នយោបាយ

អតីតមន្រ្តី CNRP៖ មិនថាអាមេរិក ចិន ជប៉ុន ថៃ យួន បារាំង អង់គ្លេស កម្ពុជា ត្រូវចងសម្ព័ន្ធមិត្តទាំងអស់

ភ្នំពេញ៖ អតីតអ្នកនាំពាក្យ អតីតគណបក្សសង្រ្គោះជាតិ (CNRP) លោក យ៉ែម បុញ្ញឬទ្ធិ បានឲ្យដឹងថា ប្រទេសកម្ពុជាត្រូវចងសម្ព័ន្ធមិត្ត ជាមួយប្រទេសនានា នៅលើសកលលោក មិនមែនត្រឹមតែជាមួយ មហាអំណាចអាមេរិក ចិន ជប៉ុន ថៃ យួន បារាំង ឬប្រទេសអង់គ្លេសនោះទេ ព្រោះការចងសម្ព័ន្ធមិត្តដើម្បី ទាញយកផលចំណេញ និងដើម្បីពង្រឹងកម្លាំង សេដ្ឋកិច្ចជាតិផងដែរ ។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់លោក យ៉ែម បុញ្ញឬទ្ធិ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ បានឲ្យដឹងថា ឥទ្ធិពលរបស់មហាអំណាចពិត ជាមានដែលបានបង្កើត និងដោះស្រាយបញ្ហាជាហូរហែ ក្នុងតំបន់នានាលើសកលលោក។

លោកបន្តថា ក្នុងសមាជិកអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិ (អាមេរិក ចិន រុស្ស៊ី បារាំង អង់គ្លេស) និងប្រទេសហត្ថលេខីដទៃទៀត ជាពិសេសភាគីអ្នកនយោបាយ អ្នកដឹកនាំខ្មែរ គ្រប់និន្នាការបាននាំ មកនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១សម្រាប់កម្ពុជា ជាឧទាហរណ៍មួយស្រាប់ ។

លោកបន្តទៀតថា ឥទ្ធិពលទាំងនេះ អាចជាភ្លៀងផ្គររន្ទះ ឬជាមេឃខៀវស្រឡះភ្លឺថ្លា អាស្រ័យទៅលើភាពឈ្លាសវៃ ទន់ភ្លន់បត់បែនតាមសភាពការណ៍ កាលៈទសៈរបស់អ្នកនយោបាយ អ្នកដឹកនាំនៃប្រទេសតូចតាច ដែលតែងតែរងឥទ្ធិពលទាំងនោះ ។

លោកបន្ថែមថា “ ដូច្នេះមិនថា អាមេរិក ចិន ជប៉ុន សៀម យួន បារាំង អង់គ្លេស គឺកម្ពុជាត្រូវការ ចងសម្ព័ន្ធមិត្តទាំងអស់ ទាញយកផលចំណេញជូនជាតិ ដើម្បីពង្រឹងកម្លាំងសេដ្ឋកិច្ច កម្លាំងយោធា កម្លាំងសង្គម និងកម្លាំងនយោបាយដែលខ្មែរ ត្រូវតែខ្លាំងព្រមគ្នាក្នុងការប្រកួតប្រជែង សម័យសាកលភាវូបនីយកម្ម និងក្នុងសង្គ្រាម ភូមិសាស្ត្រនយោបាយ សង្គ្រាមសេដ្ឋកិច្ច-ពាណិជ្ជកម្ម”៕

ដោយ៖ ធី លីថូ

Facebook Comments

To Top