ព័ត៌មានជាតិ

សេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងមានកំណើនមធ្យម ពេលស្ថានភាពសេដ្ឋកិច្ចពិភពលោកបន្តបញ្ហាប្រឈម

ភ្នំពេញ៖ ធនាគារពិភពលោក បានប្រកាសពីកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ត្រូវបានគន់គូរថា នឹងថមថយសន្ទុះធ្លាក់មកនៅត្រឹម៦% ក្នុងឆ្នាំ២០១៩-២០២០ បើប្រៀបធៀបទៅនឹង៦,៣%ក្នុងឆ្នាំ២០១៨ ដោយសារ តែបញ្ហាប្រឈមដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះនិងការដាក់ចេញគោលនយោបាយ ដោយរដ្ឋាភិបាលចិន ក្នុងការបន្ថយល្បឿនជាជំហានៗ នូវកំណើនសេដ្ឋកិច្ចកន្លងមក។

យ៉ាងណាក៏ដោយបណ្តាសេដ្ឋកិច្ចក្នុងតំបន់នេះ បានប្រឹងជម្នះផុតពីស្ថានភាពផ្លាស់ប្តូរយ៉ាងរហ័សរបស់ផ្សារហិរញ្ញវត្ថុក្នុងឆ្នាំ២០១៨បានល្អគួរសមដោយសារតែមានក្របខណ្ឌ គោលនយោបាយ ប្រកបដោយប្រសិទ្ធភាព និងគោលការណ៍គ្រឹះរឹងមាំ ដែលក្នុងនោះរួមមាន ៖ សេដ្ឋកិច្ចដែលមានសមាសភាពសម្បូរបែប, អត្រាប្តូរប្រាក់មានលក្ខណៈបត់បែនបាន និងគោលនយោបាយគាំទ្រដ៏រឹងប៉ឹង។

ក្នុងសន្និសីទសារព័ត៌មានរបស់ធនាគារពិភពលោក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ លោកស្រី វិចតូរីយ៉ា ក្វាក្វា អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា «កំណើនសេដ្ឋកិច្ចមានភាពធន់របស់តំបន់នេះ គួរតែជួយកាត់បន្ថយភាពក្រីក្រដែលបានធ្លាក់មកនៅកម្រិតទាបរួចទៅហើយក្នុងប្រវត្តិសាស្រ្តឲ្យមកនៅកាន់តែទាប ថែមទៀត។ តាមពិតទៅ យើងរំពឹងទុកថា នៅត្រឹមឆ្នាំ២០២១ ភាពក្រីក្រធ្ងន់ធ្ងរនឹងធ្លាក់ច្រើនមកនៅក្រោម៣%»។

លោកបន្ដថា យ៉ាងណាក៏ដោយស្របពេលគ្នានេះ ប្រជាពលរដ្ឋប្រហែល៥០០លាននាក់ ក្នុងតំបន់នេះ នៅតែបន្តខ្វះសន្តិសុខផ្នែកសេដ្ឋកិច្ច ហើយប្រឈមហានិភ័យដែលងាយធ្លាក់ចុះ ទៅក្នុងភាពក្រីក្រវិញ ។

ចំណែកលោក អេនឌ្រូ ម៉េសុន នាយកស្តីទីផ្នែកសេដ្ឋកិច្ចរបស់ធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានថ្លែងថា “ខណៈចក្ខុវិស័យសេដ្ឋកិច្ច សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ជារួមនៅតែបន្តមានភាពវិជ្ជមានក៏ពិតមែន សំខាន់គេត្រូវទទួលស្គាល់ថា តំបន់នេះ បន្តប្រឈមមុខទៅនឹងសម្ពាធកាន់តែច្រើនឡើង ដែលចាប់មានតាំងពីឆ្នាំ២០១៨មកម្ល៉េះ ដែលនឹងអាចនៅតែជះផលមិនល្អទៅលើសេដ្ឋកិច្ច”។

លោកបន្ថែមថា បញ្ហាប្រឈមដែលកំពុងកើតមានទាំងប៉ុន្មាន ចាំបាច់ត្រូវតែមានការគ្រប់គ្រងឲ្យបានស្វាហាប់បំផុត។ ភាពប្រកួតប្រជែងឲ្យខ្លាំងក្លាឡើងបង្កើតឱកាសឲ្យ កាន់តែប្រសើរឡើងសម្រាប់វិស័យឯកជន និងពង្រឹងមូលធនមនុស្សក្នុងប្រទេស។បច្ចុប្បន្ននេះ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកកំពុងអភិវឌ្ឍន៍មានអត្រាគ្របដណ្តប់របស់ ជំនួយផ្នែកសង្គមកិច្ចទាបជាងគេ ក្នុងចំណោមពលរដ្ឋ២០% ដែលក្រីក្របំផុតបើប្រៀបទៅនឹងតំបន់កំពុងអភិវឌ្ឍន៍ដទៃទៀត៕ ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top