អន្តរជាតិ

លោក គីម ជុងអ៊ុន ចាកចេញទៅកាន់រុស្ស៊ី តាមរថភ្លើង ដើម្បីធ្វើ កិច្ចប្រជុំកំពូលជា មួយលោក ពូទីន

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើដំណើរទៅប្រទេសរុស្ស៊ី តាមរថភ្លើងនៅថ្ងៃពុធនេះ សម្រាប់កិច្ចប្រជុំកំពូលលើកដំបូងរបស់លោក ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េបានចុះផ្សាយថា រថភ្លើងពិសេសរបស់លោក គីម បានចាកចេញទៅកាន់ ប្រទេសរុស្ស៊ី កាលពីពេលមុន ប៉ុន្ដែមិនបានបញ្ជាក់ពីកន្លែង ដែលបានចាកចេញ និងកន្លែងដែលត្រូវឆ្ពោះទៅបន្ដនោះទេ។

វិមានក្រឹមឡាំងមុននេះបានឲ្យដឹងថា កិច្ចប្រជុំកំពូលនេះនឹងត្រូវគេប្រារព្ធ ធ្វើឡើងនៅទីក្រុងភាគខាងកើត ប្រទេសរុស្ស៊ីនៃទីក្រុងវ្ល៉ាឌីស្ដុក Vladivostok នៅថ្ងៃព្រហស្បតិ៍។

ប្រសិនបើរថភ្លើងចាកចេញពីទីក្រុងព្យុងយ៉ាង វាអាចនឹងចំណាយពេល យ៉ាងហោចណាស់ ២០ ម៉ោង ដើម្បីទៅដល់ទីក្រុងវ្ល៉ាឌីស្ដុក Vladivostok ។

រថភ្លើងរបស់លោក គីម ត្រូវបានគេរំពឹងថានឹងរត់នៅលើផ្លូវឆ្លង កាត់ស្ពានផ្លូវដែកតភ្ជាប់ទីក្រុង Rason ភាគឦសានរបស់កូរ៉េខាងជើង ជាមួយទីក្រុងព្រំដែន Khasan របស់រុស្ស៊ី។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានឲ្យដឹងផងដែរថា លោក គីម នឹងទៅដល់ទីក្រុងវ្ល៉ាឌីស្ដុក Vladivostok នៅល្ងាចថ្ងៃពុធ និងស្នាក់នៅទីនោះរហូតដល់ថ្ងៃសុក្រ៕ដោយ ឈូក បូរ៉ា

Facebook Comments

To Top