ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី១ នៅភាគខាងត្បូងរាជធានី

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេច សាងសង់ស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ទី១ ស្ថិតនៅភាគខាងត្បូង រាជធានីភ្នំពេញ ដោយបានកំណត់យកតំបន់ជើងឯក ដែលឧបត្ថម្ភថវិកា ដោយរដ្ឋាភិបាលជប៉ុន ។ នេះបើយោងតាមហ្វេសប៊ុក របស់រដ្ឋបាលរាជធានីភ្នំពេញ។

លោកលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៩អំពីបញ្ហាដីសម្រាប់ការតបណ្ដាញខ្សែ លូរបស់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់សម្រាប់ ” គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ” ដើម្បីដោះស្រាយនូវបញ្ហាទឹកកខ្វក់នៅក្នុងរាជធានីភ្នំពេញ ។

លោកបន្តថា “បានសម្រេចសាងសង់ស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ទី១ ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ដោយបានកំណត់យកតំបន់ ជើងឯកសម្រាប់សាងសង់ ស្ថានីយ៍ក្រោមជំនួយ ឥតសំណងរបស់រដ្ឋាភិបាលប្រទេសជប៉ុនតាម រយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA” ៕ ដោយ៖ នឿត សម្ផស្ស

Facebook Comments

To Top