នយោបាយ

ព្រឹទ្ធសភាប្រកាស ទទួលស្គាល់សមាជិកថ្មី១រូប ជំនួសសមាជិក ទទួលមរណៈភាព

ភ្នំពេញ៖ ព្រឹទ្ធសភាបានប្រកាស ទទួលស្គាល់សមាជិកថ្មី១រូប ជំនួសសមាជិកព្រឹទ្ធសភា ដែលទទួលមរណៈភាព និងបោះឆ្នោតជ្រើសបំពេញ សមាជិកគណៈកម្មជំនាញ១រូប ដោយសំឡេងគាំទ្រ៥៤លើ៥៤ ។

ការប្រកាស និងបោះឆ្នោតជ្រើសរើសបំពេញនេះ បានធ្វើឡើងក្នុងសម័យប្រជុំព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពសម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកចូលរួមសរុប៥៤រូប។

លោក ម៉ម ប៊ុននាង អ្នកនាំពាក្យ និងជាសមាជិកព្រឹទ្ធសភា បានឲ្យដឹងក្រោយសម័យប្រជុំនាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ថា ក្រៅពីប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី ក៏បានបោះឆ្នោតជ្រើសរើសបំពេញ លោកស្រី កង សៅរ៍ធន ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ ជនបទ និងបរិស្ថាន ព្រឹទ្ធសភានីតិកាលទី៤ ដែរ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យព្រឹទ្ធសភា ក៏បានឲ្យដឹងថា ក្នុងរយៈពេល៣ខែនេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន៧ករណី , គណៈកម្មការនានាបានប្រជុំផ្ទៃក្នុងចំនួន៥៨លើក , ចុះបេសកកម្មក្នុងប្រទេសចំនួន៩លើក , ចូលរួមសិក្ខាសាលា វេទិកា និងកិច្ចប្រជុំនានាចំនួន១៨៧លើក , ទំនាក់ទំនងជាមួយនឹងស្ថាប័នជាតិ និងអន្តរជាតិចំនួន១៧លើក , ចូលរួមពិធីផ្លូវការផ្សេងៗចំនួន ២២៦លើក និងសមាជិកគណៈកម្មការចុះមូលដ្ឋានចំនួន ២៨៩លើក ៕ ដោយ ស សំណាង

Facebook Comments

To Top