នយោបាយ

សម្ដេចតេជោថា ចូលឆ្នាំខ្មែរពលរដ្ឋ ធ្វើដំណើរកម្សាន្ត ទាំងក្នុងនិងក្រៅប្រទេស ជាង៩លាននាក់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កន្លងទៅថ្មីៗនេះ មានប្រជាពលរដ្ឋ បានចេញធ្វើដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេសប្រមាណ៩លាននាក់ ក្នុងនោះសម្តេច ក៏បានរំលឹកពីការខិតខំប្រឹងប្រែង របស់សមត្ថកិច្ច ដែលបានការពារសុវត្ថិភាពពលរដ្ឋ។

ក្នុងពិធីប្រគល់សញ្ញា ដល់និស្សិតបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “តាមតួលេខរបស់ក្រសួងទេសចរណ៍ ប្រជាពលរដ្ឋខ្មែរប្រមាណជា ៩លាននាក់ ធ្វើដំណើរកម្សាន្ត ហើយចេញក្រៅប្រទេសឆ្នាំនេះច្រើនណាស់ តាមដែលស៊ើបសួរ អ្នកទេសចរ ទៅជប៉ុនក៏មាន ទៅប្រទេសណាក៏មានដែរ” ។

សម្ដេចតេជោក៏មិនភ្លេចថ្លែងអំណរគុណ ចំពោះការពលិកម្មរបស់កងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទ ក្នុងពេលដែលពលរដ្ឋសប្បាយ រីករាយទទួលទេវតាឆ្នាំថ្មី និងរាំលេងសប្បាយ គឺពួកគាត់មិនបានជួបជុំគ្រួសារទេ ប៉ុន្តែបែរជានៅការពារសុខសុវត្ថិភាព ។ សម្ដេចថា ក្នុងនោះទាំងកងកម្លាំង ដែលកំពុងស្វែងរកសន្តិភាព នៅក្រៅប្រទេស ក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានត្រឹមតែទូរស័ព្ទ ឬផ្ញើសារជាសំឡេងតាមបណ្ដាញសង្គមនានា មកក្រុមគ្រួសារប៉ុណ្ណោះ ។

ក្នុងពិធីចូលឆ្នាំខ្មែរនេះ មានការលេចលឺថា សមត្ថកិច្ចជំរិតទារលុយពលរដ្ឋនោះ សម្ដេចគូសបញ្ជាក់ថា ចំណុចនេះ មិនត្រូវបំផ្លាញកិត្តិយសមន្ត្រីនគរបាល អាវុធហត្ថ និងកងទ័ព នៅទូទាំងប្រទេសនោះទេ ៕

ដោយ៖ ខា ដា

Facebook Comments

To Top