នយោបាយ

ក្រុមអ្នកជំនាញ អំពាវនាវ ឲ្យរាជរដ្ឋាភិបាល ដំឡើងពន្ធថ្នាំជក់ ដើម្បីបង្ការកុំឲ្យ ពលរដ្ឋស្លាប់បន្តទៀត

ភ្នំពេញ ៖ អ្នកជំនាញមក ពីសម្ព័ន្ធត្រួតពិនិត្យ ថ្នាំជក់អាស៊ីអគ្នេយ៍ (SEATCA) អង្គការសុខភាពពិភពលោក និងអង្គការចលនាដើម្បីសុខភាពកម្ពុជា បានអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា ដំឡើងពន្ធលើផលិតផលថ្នាំជក់បន្ថែម ដើម្បីកាត់បន្ថយការប្រើប្រាស់ បង្ការកុំឲ្យមានអ្នកស្លាប់បន្ត ជាពិសេសបង្កើនប្រាក់ ចំណូលពន្ធបន្ថែម ដែលត្រូវការជាចាំបាច់ សម្រាប់ពង្រឹងការថែទាំសុខភាពប្រជាពលរដ្ឋ ។

នៅកម្ពុជាមានប្រជាពលរដ្ឋ ប្រមាណ១០០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ បណ្តាលមកពីជំងឺបង្កឡើង ដោយការប្រើប្រាស់ថ្នាំជក់ ខណៈការព្យាបាលជំងឺទាំងនេះ ត្រូវចំណាយយ៉ាងហោចណាស់ ក៏១៦២.៧០លានដុល្លារក្នុង១ឆ្នាំៗ។

ក្នុងកម្មវិធីដំឡើងពន្ធផលិត ផលថ្នាំជក់យុទ្ធសាស្ដ្រឈ្នះ-ឈ្នះ សង្គ្រោះជីវិត និងធ្វើឲ្យប្រសើរដល់សុខភាព ប្រជាពលរដរដ្ឋនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ លោក Ulysses Dorotheo នាយកប្រតិបត្តិសម្ព័ន្ធ SEATCA បានមានប្រសាសន៍ថា “គោលនយោបាយពន្ធលើថ្នាំជក់ ត្រូវបានពង្រឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែគោលនយោបាយ ទាំងនេះ ពុំទាន់ឆ្លើយតបទាំងស្រុងចំពោះការកាត់បន្ថយ ការប្រើប្រាស់ថ្នាំជក់ និងការបង្កើនប្រាក់ចំណូលពន្ធរបស់រាជរដ្ឋាភិបាល សម្រាប់កម្មវិធីអភិវឌ្ឍន៍សង្គមនៅឡើយ។ កម្ពុជាហូតពន្ធតែ២៥%ទៅ៣០%ធៀបនឹងតំលៃ លក់រាយល់ផលិតផលថ្នាំជក់ ហើយកម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានអត្រាពន្ធលើថ្នាំជក់ទាបជាងគេបំផុត” ។

ចំណែក លោក យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោក បានលើកឡើងដែរថា ការដំឡើងពន្ធថ្នាំជក់ឲ្យខ្ពស់គឺជាវិធានការ ដែលមានប្រសិទ្ធភាពខ្ពស់ ប៉ុន្តែមិនចំណាយច្រើនទេ ដែលវិធានការនេះ ត្រូវបានផ្តល់អនុសាសន៍ដោយអង្គការសុខភាពពិភពលោកថា ជាវិធានការឈ្នះឈ្នះ ព្រោះមិនតម្រូវឲ្យរាជរដ្ឋាភិបាលចំណាយអ្វីទាំងអស់ ។ ផ្ទុយទៅវិញ បានផ្តល់ប្រាក់ចំណូលពន្ធសម្រាប់ទ្រទ្រង់ ការថែទាំសុខភាពប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយអ្នកជក់បារី និងបង្ការកុំឲ្យមានជំងឺដែលបង្កឡើង ដោយថ្នាំជក់នោះជាការបង្កា កុំឲ្យមានអ្នកស្លាប់ និងទទួលបានប្រាក់ចំណូលពន្ធបន្ថែម។

សម្រាប់លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានបន្ថែមថា អ្នកជំនាញផ្នែកសុខភាព និងសេដ្ឋកិច្ចបានឯកភាពគ្នាថា កម្ពុជាអាចទទួលបានផលប្រយោជន៍សុខភាពសាធារណៈលុះត្រាតែពន្ធលើផលិតផលថ្នាំជក់ត្រូវបានគេដំឡើងជាទៀងទាត់ឲ្យទាន់កំរិតអតិផរណា និងការកើនឡើងនៃប្រាក់ចំណូលក្នុងគ្រួសារ។

លោកបន្ដថា រាជរដ្ឋាភិបាលគួរតែមានទិសដៅធ្វើយ៉ាងណាឲ្យផលិតផលថ្នាំជក់មានតំលៃថ្លៃ ដើម្បីកាត់បន្ថយនៃការប្រើប្រាស់។

លោកបញ្ជាក់ថា តាមការអង្កេតលើមតិយុវជនធ្វើឡើងដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួង សេដ្ឋកិច្ចឆ្នាំ២០១៨ បានបង្ហាញឲ្យឃើញយុវជនភាគច្រើន នឹងឈប់ទិញបារីជក់ បើតំលៃបារីឡើងដល់១០០០០រៀលក្នុង១កញ្ចប់ ខណៈបារីពេញនិយមជាងគេ មានតំលៃត្រឹមតែ២០០០រៀលប៉ុណ្ណោះ ។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាលើសពី២លាននាក់ ប្រើប្រាស់ផលិតផលថ្នាំជក់ ក្នុងនោះ មានអ្នកជក់បារីជាង១.៥លាននាក់ និងអ្នកចុកថ្នាំជក់ជិត០.៥លាននាក់។ រីឯការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមយុវជនក៏កំពុងកើនឡើងដែរ៕ ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top