នយោបាយ

Update: រដ្ឋមន្ត្រីក្រសួងព័ត៌មាន: ប្រហែលមានតែនៅស្រុកខ្មែរទេ ដែលស្ថានទូតមួយ បញ្ចេញដំណឹងក្លែងបន្លំ វាយប្រហារប្រទេសម្ចាស់ផ្ទះ

ភ្នំពេញ :លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានលើកឡើងថា ប្រហែលមានតែនៅស្រុកខ្មែរទេ ដែលស្ថានទូតមួយបញ្ចេញ ដំណឹងក្លែងបន្លំ (fake news) វាយប្រហារប្រទេសម្ចាស់ផ្ទះផង វាយប្រហារប្រទេសមួយទៀត ដែលខ្លួនមានទំនាក់ទំនង ស្ថានទូតជាមួយផង ។

លោក ខៀវ កាញារីទ្ធ បានលើកឡើងបែបនេះ បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានធ្វើការវាយប្រហារ មកលើប្រទេសកម្ពុជា និងចិន ទាក់ទងនឹងបញ្ហាឱនភាពពាណិជ្ជកម្ម។

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ តាម រយៈ បណ្ដាញ សង្គម ហ្វេសប៊ុក នៅថ្ងៃទី២០មេសានេះថា” ប្រហែលមានតែនៅ ស្រុកខ្មែរទេ ដែលស្ថានទូតមួយ បញ្ចេញដំណឹងក្លែងបន្លំ (fake news) វាយប្រហារប្រទេសម្ចាស់ផ្ទះផង វាយប្រហារប្រទេស មួយទៀត ដែលខ្លួនមានទំនាក់ទំនង ស្ថានទូតជាមួយផង ។ អ្នក«វិភាគ» នៅទីនេះ ខំបង្ហាញថា គឺពាណិជ្ជកម្មជាមួយ សហរដ្ឋអាមេរិកទេ ដែលបានបង្កើតការងារនៅស្រុកខ្មែរ តែគេ«ភ្លេច» បង្ហាញរឿងមួយដ៏សំខាន់ នៅក្នុងសេដ្ឋកិច្ចផងដែរ នោះគឺទំហំវិនិយោគ ចូលមកក្នុងប្រទេសកម្ពុជាវិញ តើមានប៉ុន្មាន ? យើងមានតែចង់កសាងទំនាក់ទំនងល្អ ជាមួយ គ្រប់ ប្រទេស ពិសេសជាមួយសហរដ្ឋអាមេរិក តែមនុស្សខ្លះប្រឹងដុតកម្លោចទំនាក់ទំនងនេះ ព្រោះតែអគតិរបស់ខ្លួនទៅវិញ “។

ពាក់ព័ន្ធករណីនេះ ប្រទេសមហាអំណាចចិន ប្រាប់មិត្តដែកថែបកម្ពុជា ឲ្យប្រុងប្រយ័ត្នចំពោះសហរដ្ឋអាមេរិក ដែលដែលលើកយកបញ្ហា ឱនភាពពាណិជ្ជកម្ម មកបំបែកបំបាក់មិត្តភាព ចិន-កម្ពុជា។

មហាអំណាចចិន បានប្រាប់មិត្តកម្ពុជាបែបនេះ បន្ទាប់ពីគេហទំព័រស្ថានទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើង តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៩ ខែមេសាថា “ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេ របស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំង ទៅខាងប្រទេសចិន។ ប្រហែល ៨៧% នៃទំនិញដោះដូរគ្នា គឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើឲ្យមានការងារ ឬជួយដល់ឧស្សាហកម្ម ដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។ នេះគ្រាន់តែជាផ្លូវមួយទៀត ដែលប្រទេសកម្ពុជា បានងាកចេញ ពីយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានតុល្យភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានការពឹងផ្អែកច្រើន ទៅលើប្រទេសចិន”។

ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២០ មេសានេះ បានបញ្ចេញប្រតិកម្មតប ចំពោះការលើកឡើង របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជាវិញថា “មិត្តកម្ពុជាទាំងអស់ចូរប្រុងប្រយ័ត្ន! សហរដ្ឋអាមេរិក កំពុងតែបង្កបញ្ហាម្តងទៀត ជាមួយនឹងអ្វីដែលគេ ហៅថា បញ្ហាឱនភាពពាណិជ្ជកម្ម (https://m.facebook.com/story.php?story_fbid=10156316819443224&substory_index=0&id=79770243223។ វាគឺជារឿងធម្មតាទេ ព្រោះនៅក្នុងពិភពនៃសកលភាវូបនីយកម្ម សកម្មភាព ពាណិជ្ជកម្មតែងតែធ្វើដំណើរ ហួសពីកម្រិតទ្វេភាគី។ នៅក្នុងករណីកម្ពុជាវិញ ប្រទេសកម្ពុជាបាននាំចូលនូវ វត្ថុធាតុដើម វាយនភ័ណ្ឌ និងគ្រឿងម៉ាស៊ីន វាយនភ័ណ្ឌយ៉ាងច្រើនពីប្រទេសចិន សម្រាប់បម្រើវិស័យកាត់ដេរ ខណៈដែលខ្លួនបាននាំ ចេញ ផលិតផលសម្រេច ទៅកាន់គ្រប់ទីកន្លែងទូទាំងសកលលោក ក្នុងនោះរួមមាន ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ផងដែរ។

នៅក្នុងករណីនេះ វាគឺជាភាពសកម្មបំផុតរបស់កម្មករខ្មែរ ដែលបម្រើក្នុងវិស័យឧស្សាហកម្ម។ ក្រៅពី នេះ ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ គឺមិនមែនត្រឹមតែ ដើម្បីពាណិជ្ជកម្មនោះឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺប្រទេសចិនបានកសាងផ្លូវ ចំនួន៣១ខ្សែ និងស្ពានចំនួន ៨ សម្រាប់ប្រទេសកម្ពុជា ដែល មាន ប្រវែងសរុបជាង ៣,០០០គីឡូម៉ែត្រ។ចុះតើសហរដ្ឋអាមេរិកវិញ ធ្លាប់បានជួយធ្វើអ្វីខ្លះដល់កម្ពុជា សម្រាប់វិស័យមួយនេះ? ចិនបានជួយកសាង ស្ថានីយវារីអគ្គិសនីទាំងអស់នៅកម្ពុជា (ស្មើនឹង ៨០%នៃសមត្ថភាព ផលិតថាមពលអគ្គិសនី ដែលមានដំណើរការនៅកម្ពុជា)”។ បន្ថែមលើនេះ ចិនបានចោទសួរទៅ កាន់អាមេរិកថា” ចុះតើសហរដ្ឋអាមេរិក បានធ្វើអ្វីខ្លះដែរ”៕

Facebook Comments

To Top