ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត មោទកភាព ចំពោះវឌ្ឍភាព នៅខេត្តព្រះសីហនុ

ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងមោទកភាពចំពោះវឌ្ឍភាព នៅខេត្តព្រះសីហនុ ជាមួយសមិទ្ធផល ក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

ថ្លែងក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់មហាកុដិ ផ្លូវបេតុង និងសមិទ្ធផលនានា ក្នុងវត្តពោធិ៍អណ្តែត នៅឃុំព្រៃនប់ ស្រុកព្រៃនប់ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា យើងមានមោទកភាព ចំពោះសមិទ្ធផលដែលយើងកសាង សម្រាប់ទាំងអស់គ្នា។ សូមអបអរសាទរ ចំពោះសមិទ្ធផលថ្ងៃនេះ ដូចដែលបានឃេីញជាក់ស្តែង។ សម័យសន្តិភាពនេះ បើគ្មានការបំផ្លាញ ដូចសម័យខ្មែរក្រហមនោះទេ យើងនៅតែមានឱកាសរួមគ្នា កសាងទាំងអាណាចក្រ និងពុទ្ធចក្រ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ”។

លោកបន្តថា ខេត្តព្រះសីហនុ ដែលធ្លាប់ជាខេត្តដាច់ស្រយាល ប៉ុន្តែនៅពេលនេះ ខេត្តមួយនេះមានការអភិវឌ្ឍ សមិទ្ធផលច្រើន មានគ្រឹះស្ថានសិក្សាគ្រប់កម្រិតធ្វើឲ្យក្មួយៗ មានឱកាសរៀនសូត្រនៅទីនេះ មានរោងចក្រ សហគ្រាសជាច្រើន ដែលផ្ដល់ឱកាសឲ្យកូនចៅ ប្រជាពលរដ្ឋមានការងារធ្វើ ប្រជាពលរដ្ឋ។

គោលនយោបាយ របស់រាជរដ្ឋាភិបាល គឺមិនដែលឱ្យកងកម្លាំង ធ្វើបាបប្រជាពលរដ្ឋនោះទេ គឺមានតែឲ្យ កងកម្លាំងប្រដាប់ អាវុធការពារប្រជាពលរដ្ឋ។ នៅឆ្នាំនេះពិធីចូលឆ្នាំខ្មែរមានសន្តិសុខ ស្ថិរភាពល្អប្រសើរ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានឱកាសកំសាន្តសប្បាយរីករាយ នឹងធ្វើសង្ក្រានគ្រប់ទីកន្លែង។ ហើយក៏សូមថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ដែលបានជួយប្រជាពលរដ្ឋ ឱ្យសប្បាយរីករាយ។

បុត្រាច្បងរបស់សម្តេចតេជោ អះអាងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យមានសុខដុមរមណីកម្មសាសនា ដោយមិនប្រកាន់ថាសាសនាឥស្លាម ឬសាសនាព្រះពុទ្ធ ឬសាសនាដទៃ ឡើយ គឺយើងមានជំនឿ និងការប្រតិបត្តិផ្សេងៗគ្នា ប៉ុន្តែយើងធ្វើការ និងរស់នៅជាមួយគ្នាដោយសុខសាន្ត។ សាសនានេះ ហើយ បានធ្វើឲ្យមនុស្ស គោរពស្រឡាញ់គ្នា មានការអប់រំសីលធម៌ និងគុណធម៌ក្នុងការរស់នៅ។ គោលនយោបាយ របស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន គឺធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ និងមានតែខិតខំ កសាងសមិទ្ធផល ឲ្យកូនចៅប្រជាពលរដ្ឋរៀនសូត្រ ខិតខំរកកការងារ ជូនកូនចៅប្រជាពលរដ្ឋ កសាងវត្តអារាមនៅទូទាំង ប្រទេស ចែកដីធ្លីកម្មសិទ្ធជូនប្រជាពលរដ្ឋ ខិតខំការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពនយោបាយជូន ប្រជាពលរដ្ឋ។

លោកបន្ថែមថា ក្រៅពីខិតខំអភិវឌ្ឍវិស័យអាណាចក្រ រាជរដ្ឋាភិបាលកម្ពុជា ក៏បានខិតខំអភិវឌ្ឍវិស័យសាសនា ឲ្យមានការរីកចម្រើនជាងមុន ក្នុងនោះយើងឃើញមានព្រះវិហារ សាលាឆាន់ មហាកុដិ ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវត្ត លេចត្រដែតឡើងជាបន្តបន្ទាប់។ តួយ៉ាងដូចនៅវត្តពោធិ៍អណ្ដែតនេះជាដើម ដែលត្រូវបានសម្ពោធនូវសមិទ្ធផលក្នុងថ្ងៃនេះ។ ការកសាងសមិទ្ធផលទាំងអស់នេះគឺបានមកពីការចូលរួម និងវប្បធម៌ចែករំលែក ពីសំណាក់ប្រជាពលរដ្ឋ និងសប្បុរសជន។

លោក ក៏បាចាប់អារម្មណ៍ផងដែរថា ខណៈដែលពេលថ្មីៗនេះ ស្រុកព្រៃនប់កើតមានការតវ៉ារឿងដីធ្លីនោះ សូមឲ្យប្រជាពលរដ្ឋរួមគ្នា ដោះស្រាយតាមនីតិវិធី កុំប្រើហឹង្សា ព្រោះសមត្ថកិច្ចក៏ជាកូនចៅប្រជាពលរដ្ឋ ហើយយើងមិនចង់ ឲ្យមានការវាយប្រហារកាប់ចាក់គ្នា ព្រោះគ្មានអី្វចំណេញនោះទេ។ សូមគោរពច្បាប់ទាំងអស់គ្នា ហើយយើងបានសេចក្តីសុខទាំងអស់គ្នា។

សូមអំពាវនាវដល់ប្រជាពលរដ្ឋ កុំទៅចូលរួមធ្វើបាតុកម្មជាមួយគេ យើងខិតខំគិតតែធ្វើការ ខិតខំរៀនសូត្រ ពិសេសត្រូវបន្តចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិ ឱ្យមានការជឿនលឿនទៅមុខ ពីព្រោះ ការធ្វើបាតុកម្មនេះ វាមិនចំណេញឡើយ សម្រាប់ប្រទេសជាតិ។

លោកបានសំណូមពរ កងកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋាន សូមបន្តខិតខំការពារ និងបម្រើប្រជាពលរដ្ឋឱ្យបានល្អ ត្រូវស្មោះត្រង់ចំពោះប្រជាពលរដ្ឋ ប្រទេសជាតិ រាជរដ្ឋាភិបាល។ ត្រូវចាត់ទុកផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ធំជាងប្រយោជន៍របស់ខ្លួន។ នេះជាគោលការណ៍ របស់រាជរដ្ឋាភិបាល ដែលខិតខំកែសម្រួលនូវអ្វី ដែលមិនទាន់បានល្អដើម្បីរួមគ្នា បម្រើប្រជាពលរដ្ឋ៕

Facebook Comments

To Top