នយោបាយ

លោក សុខ ឥសាន៖ ចិនជាប្រទេសមហាអំណាច ចំណែកកម្ពុជា ជាប្រទេសតូច ដូច្នេះ មិនអាចរកតុល្យភាព ពាណិជ្ជកម្មបាន នោះទេ

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្ស ប្រជាជន កម្ពុជា លើកឡើងថា ប្រទេសកម្ពុជា និងប្រទេសចិនមានទំនាក់ទំនង មិត្តភាពតាំងពីយូរលង់ណាស់ មកហើយ ខណៈ បច្ចុប្បន្ននេះ ទំនាក់ទំនងកម្ពុជា-ចិនបានឡើងដល់ដំណាក់កាល ទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយប៉ុន្តែ ដោយសារកម្ពុជាជាប្រទេសតូចនិង មានប្រជាជនតិចត្រឹម ១៥ទៅ១៦លាននាក់ ហើយទំហំពាណិជ្ជកម្មនៅតូចប្រៀបធៀប នឹងប្រទេសចិន ជាមហាប្រទេសដែលមានទំហំធំនិងមានប្រជាជនជាង ១៥០០ លាននាក់នោះ ប្រទេសកម្ពុជាមិនអាចរកតុល្យភាពពាណិជ្ជកម្មជាមួយប្រទេសចិនបានទេ ។

លោក សុខ ឥសាន បានលើកឡើងបែបនេះ បន្ទាប់ពី ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានធ្វើការវាយប្រហារមកលើប្រទេសកម្ពុជា និងចិនទាក់ទងនឹងបញ្ហា ឱនភាពពាណិជ្ជកម្ម។

លោក សុខ ឥសាន បានលើកឡើងតាមរយៈបណ្ដាញ សង្គមតេឡេក្រាម នៅថ្ងៃទី ២០ មេសានេះថា ក្នុងនាមជាមហាប្រទេស និង ជាមហាមិត្តរបស់កម្ពុជា ប្រទេសចិនបានជួយកម្ពុជា ឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ហេដ្ឋាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន អគារសណ្ឋាគារ សំណង់ធំៗ សាលារៀន មន្ទីរពេទ្យ ទំនប់វារីអគិ្គសនីច្រើនកន្លែងមាន ការដាក់ទុនវិនិយោគលើ គ្រប់វិស័យជាពិសេសវិស័យ កាត់ដេរដែលនាំឲ្យយុវជន ខ្មែរមានការងារធ្វើ រាប់លាននាក់ កែប្រែជីវភាពរស់នៅដល់ក្រុមគ្រួសារ រាប់លាននាក់នៅទូទាំងប្រទេស ។ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់៧% ក្នុងមួយឆ្នាំក្នុងរយៈពេល២ទសវត្សរ៍ ចុងក្រោយនេះដែលឈានដល់ជា ប្រទេសមានចំណូលមធ្យមកម្រិត ទាបនិងកំពុងឈានទៅ រកកម្រិតមធ្យមទៀត។

អ្នកនាំពាក្យគណបក្សប្រជាជន កម្ពុជាបានលើកឡើងបន្ថែមថា ដោយឡែកសម្រាប់ប្រទេសដទៃ នៅលើសកលលោក ក៏កម្ពុជាមានគោលនយោបាយ យកជាមិត្តភ័ក្តិទាំងអស់ ដោយគ្មានការរើសអើងអ្វីឡើយ ដោយឈរលើមូលដ្ឋាន គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីផងគ្នា ជាពិសេសមិនលូកដៃជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុងផងគ្នា ស្មើសិទ្ធិ ស្មើភាពគ្នាក្នុងនាម ជាសមាជិកនៃអង្គការ សហប្រជាជាតិគ្នា ។

កម្ពុជាបើកចំហរទទួលការវិនិយោគ ពីគ្រប់ប្រទេស លើមូលដ្ឋាន គោរពច្បាប់កម្ពុជាដូចគ្នា។ ប្រទេសកម្ពុជាស្វាគមន៏ជំនួយគ្រប់ប្រទេសដោយគ្មានរើសអើងឡើយ ដើម្បីកសាងនិងអភិវឌ្ឍន៍ ប្រទេសក្នុងបុព្វហេតុផលប្រយោជន៍ របស់ប្រជាជនកម្ពុជា៕

Facebook Comments

To Top