នយោបាយ

មហាអំណាចចិន ប្រាប់មិត្តកម្ពុជា ឲ្យប្រុងប្រយ័ត្ន ចំពោះសហរដ្ឋអាមេរិក ដែលលើកយកបញ្ហា ឱនភាពពាណិជ្ជកម្ម មកបំបែកបំបាក់ មិត្តភាព ចិន-កម្ពុជា

ភ្នំពេញ ៖ ប្រទេសមហាអំណាចចិន ប្រាប់មិត្តដែកថែបកម្ពុជា ឲ្យប្រុងប្រយ័ត្ន ចំពោះសហរដ្ឋអាមេរិក ដែលលើកយកបញ្ហា ឱនភាពពាណិជ្ជកម្ម មកបំបែកបំបាក់ មិត្តភាពចិន-កម្ពុជា ។

មហាអំណាចចិន បានប្រាប់មិត្តកម្ពុជាបែបនេះ បន្ទាប់ពីគេហទំព័រ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានលើកឡើង តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៩ ខែមេសាថា “ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេ របស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះ ចំណេញខ្លាំងទៅខាងប្រទេសចិន ។ ប្រហែល ៨៧% នៃទំនិញដោះដូរ គ្នា គឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើអោយមានការងារ ឬជួយដល់ឧស្សាហកម្ម ដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ ។ នេះគ្រាន់តែជាផ្លូវមួយទៀត ដែលប្រទេសកម្ពុជា បានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានតុល្យភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានការពឹងផ្អែកច្រើន ទៅលើប្រទេសចិន” ។

ស្ថានទូតចិន ប្រចាំកម្ពុជា នៅថ្ងៃទី២០មេសានេះ បានបញ្ចេញប្រតិកម្មតប ចំពោះការលើកឡើងរបស់ស្ថាន ទូតអាមេរិកប្រចាំកម្ពុជាវិញថា “មិត្តកម្ពុជាទាំងអស់ ចូរប្រុងប្រយ័ត្ន! សហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហាម្តងទៀត ជាមួយនឹងអ្វីដែលគេហៅថា បញ្ហាឱនភាពពាណិជ្ជកម្ម (https://m.facebook.com/story.php?story_fbid=10156316819443224&substory_index=0&id=79770243223 ។ វាគឺជារឿងធម្មតាទេ ព្រោះនៅក្នុងពិភព នៃសកលភាវូបនីយកម្ម សកម្មភាព ពាណិជ្ជកម្មតែងតែធ្វើដំណើរ ហួសពីកម្រិតទ្វេភាគី ។ នៅក្នុងករណីកម្ពុជាវិញ ប្រទេសកម្ពុជាបាននាំចូលនូវ វត្ថុធាតុដើមវាយនភ័ណ្ឌ និងគ្រឿងម៉ាស៊ីនវាយនភ័ណ្ឌ យ៉ាងច្រើន ពីប្រទេសចិន សម្រាប់បម្រើវិស័យកាត់ដេរ ខណៈដែលខ្លួនបាននាំចេញ ផលិតផលសម្រេច ទៅកាន់គ្រប់ទីកន្លែងទូទាំងសកលលោក ក្នុងនោះរួមមាន ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ ។

នៅក្នុងករណីនេះ វាគឺជាភាពសកម្មបំផុត របស់កម្មករខ្មែរ ដែលបម្រើក្នុងវិស័យឧស្សាហកម្ម។ ក្រៅពី នេះ ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ គឺមិនមែនត្រឹមតែដើម្បីពាណិជ្ជកម្មនោះឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺប្រទេសចិនបានកសាងផ្លូវ ចំនួន៣១ខ្សែ និងស្ពានចំនួន ៨ សម្រាប់ប្រទេសកម្ពុជា ដែល មាន ប្រវែងសរុបជាង ៣,០០០គីឡូម៉ែត្រ ។ ចុះតើសហរដ្ឋអាមេរិកវិញ ធ្លាប់បានជួយធ្វើអ្វីខ្លះដល់កម្ពុជាសម្រាប់វិស័យមួយនេះ? ចិនបានជួយកសាងស្ថានីយវារីអគ្គិសនីទាំងអស់នៅកម្ពុជា (ស្មើនឹង ៨០%នៃសមត្ថភាព ផលិតថាមពលអគ្គិសនី ដែលមានដំណើរការនៅកម្ពុជា)” ។
បន្ថែមលើនេះចិន បានចោទសួរទៅកាន់អាមេរិកថា ” ចុះតើសហរដ្ឋអាមេរិក បានធ្វើអ្វីខ្លះដែរ”៕

Facebook Comments

To Top