សន្តិសុខ និង សង្គម

បញ្ជូនជនជាតិវៀតណាម ១២នាក់ ទៅតុលាការករណី ឆ្លងដែនចូលទឹកដី ខេត្តរតនគិរី ខុសច្បាប់

ភ្នំពេញ៖ កម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាល ខេត្តរតនគិរី នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះបានបញ្ជូន បុរសវៀតណាម១២នាក់ ទៅសាលាដំបូងខេត្តដើម្បី ចាត់ការបន្តតាមនីតិវិធីពាក់ព័ន្ធ បទល្មើសលួចឆ្លងដែនចូល ប្រទេសកម្ពុជាដោយខុសច្បាប់។ នេះបើយោងតាមប្រធានមន្ទីរព័ត៌មាន ខេត្តរតនគិរីរាយការណ៍ ជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ។

សូមរំលឹកថា កម្លាំងគណៈបញ្ជាការឯកភាពខេត្តរតនគិរី បានឃាត់ខ្លួនជនជាតិវៀតណាមទាំង១២នាក់ និងដកហូតគ្រឿងចក្រចំនួន ០៦គ្រឿង កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ នៅចំណុចក្នុងបរិវេណក្រុមហ៊ុន នុភាពសុភី តំបន់អូរតាយ៉ាក ឧទ្យានជាតិវីរជ័យ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ខណៈពួកគេកំពុងធ្វើសកម្មភាព ឈូសឆាយព្រៃក្នុងឧទ្យានជាតិវរជ័យ។

យោងតាមឯកសារដែល សមត្ថកិច្ចរកឃើញបានបញ្ជាក់ថា ជនជាតិវៀតណាមទាំង១២នាក់ បានឆ្លងដែនចូលប្រទេស កម្ពុជាតាមរយៈឈ្មោះ សេក វិរៈ ជាតំណាងក្រុមហ៊ុន នុភាព សុភី និងឈ្មោះ VO NGU YEVSA ជាជនជាតិវៀតណាម។

ក្រុមជនសង្ស័យបាន ឆ្លងចូលទឹកដីកម្ពុជា ដោយខុសច្បាប់ តាមច្រកក្នុងព្រៃចំណុច បង្គោលការពារព្រំដែន លេខ១៤ ក្នុងភូមិសាស្ត្រប៉ុស្តិ៍នគរបាល ការពារព្រំដែន គោកលេខ៥០៥ (ប៉ុស្តិ៍ភូមិចង) ខេត្តរតនគិរី ជាប់ព្រំប្រទល់ ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន លេខ៧១១ ស្រុកម៉រៃ ខេត្តកន្ទូម ប្រទេសវៀតណាម៕

Facebook Comments

To Top