នយោបាយ

ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ៖ ការចាប់ខ្លួនលោកស្រី សុខរ័ត្ន សុវណ្ណបច្ចៈសីលា ជារឿងបុគ្គល

ភ្នំពេញ ៖ ក្រោយពីលោកស្រី សុខរ័ត្ន រ័ត្នសុវណ្ណបច្ចៈសីលា អតីតគណបក្ស សាធារណរដ្ឋប្រជាធិបតេយ្យនៅខេត្តព្រះវិហារ ត្រូវសមត្ថកិច្ចខេត្តព្រះវិហារចាប់ខ្លួន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងថា ទង្វើជាប់ពិរុទ្ធភាព របស់លោកស្រីនេះ គឺជាការប្រព្រឹត្តរបស់បុគ្គល មិនជាប់ពាក់ព័ន្ធទៅនឹងការបំពេញភារកិច្ច ក្នុងនាមជាសមាជិក ឧត្តមក្រុមប្រឹក្សានោះទេ ។

គណបក្សសាធារណរដ្ឋ ប្រជាធិបតេយ្យបានធ្វើ “សមាជ” កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ដោយផ្លាស់ប្ដូរឈ្មោះ មកជាគណបក្សនគរប្រជាធិបតេយ្យ និងបានបោះឆ្នោតជ្រើសតាំង ក្បាលម៉ាស៊ីនដឹកនាំថ្មី ដែលក្នុងនោះលោកស្រី សុខរ័ត្ន សុវណ្ណបច្ចៈសីលា និងលោក ច័ន្ទ ភាព លែងជាប្រធាន និងអនុប្រធានគណបក្សនេះ ក្នុងអាណត្តិថ្មីតទៅ។ ទាំងសមាជគណបក្ស ទាំងការផ្លាស់ប្ដូរថ្មីនេះ ត្រូវបានក្រសួងមហាផ្ទៃ ទទួលស្គាល់ជាផ្លូវការ ផ្អែកលើច្បាប់ស្ដីពីគណបក្សនយោបាយ។

លោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា និងសហការីម្នាក់ទៀត កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារចាប់ខ្លួន ដោយសង្ស័យថា ជាអ្នកនៅពីក្រោយ នៃការដែលពលរដ្ឋរាប់សិបនាក់ នាំគ្នាទៅតវ៉ាប៉ុនប៉ងរំដោះអ្នកជាប់ឃុំខ្លួន។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅថ្ងៃទី១៩ មេសា នេះបានឲ្យដឹងថា “ទង្វើជាប់ពិរុទ្ធភាព របស់អតីតប្រធាន (លោកស្រី សុខរ័ត្ន សុវណ្ណបច្ចៈសីលា) និងអតីតអនុប្រធាន (លោក ច័ន្ទ ភាព) នៃគណបក្ស សាធារណរដ្ឋប្រជាធិបតេយ្យ នៅខេត្តព្រះវិហារ គឺជាការប្រព្រឹត្ត របស់បុគ្គលសុទ្ធសាធ ដោយពុំមានជាប់ពាក់ព័ន្ធ នឹងការបំពេញភារកិច្ច ក្នុងនាមជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់សោះឡើយ ព្រោះអ្នកទាំងពីរបានបាត់បង់ នូវសិទ្ធិចុះបំពេញបេសកម្ម ក្នុងនាមជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ តាំងពីខែធ្នូ ឆ្នាំ២០១៨ ផ្អែកលើលិខិតរបស់ប្រធានថ្មី នៃគណបក្សសាមី ក្នុងកម្មវត្ថុស្នើសុំបញ្ចប់មុខតំណែង និងផ្អាកសកម្មភាព នៃសមាសភាពចាស់ ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់” ។

ប្រភពដដែលបន្ដថា ដោយគោរពឆន្ទៈស្វ័យសម្រេច និងអធិតេយ្យភាពរបស់គណបក្សសាមី លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សា បានឈប់ចេញលិខិតបេសកកម្ម ឲ្យសមាសភាពចាស់ នៃគណបក្សនេះ ចាប់ពីតាំងពីពេលនោះមកម្ល៉េះ។

ជាក់ស្ដែង សមាសភាពចាស់ ក៏បានបោះបង់ការចូលរួមប្រជុំ ឧត្តមក្រុមប្រឹក្សាដោយខ្លួនឯងផងដែរ។ ដោយឡែក ប្រធាន និងអនុប្រធានទើបជាប់ឆ្នោតថ្មី របស់គណបក្សនេះ បានមកចូលរួម ក្នុងនាមជាអ្នកសង្កេតការណ៍ ទម្រាំមានការតែងតាំង ជាសមាជិកពេញសិទ្ធិជាផ្លូការ ៕
ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top