នយោបាយ

លោក សម រង្ស៊ី ទៅកូរ៉េចូលរួម ធ្វើមហាបាតុកម្មភ្លើងទៀន លើកទី២

ភ្នំពេញ៖ លោក សម រង្ស៊ី អតីតប្រធាន គណបក្សសង្គ្រោះជាតិ និងមន្រ្តីជំនិតជាច្រើននាក់ បានទៅដល់ប្រទេសកូរ៉េ ខាងត្បូងហើយ ដើម្បីចូលរួម ធ្វើបាតុកម្មភ្លើងទៀន ជាលើកទី២។ នេះបើតាមការឲ្យដឹងពីមន្ត្រី ដែលស្និតរបស់លោក សម រង្ស៊ី។ ក្រៅពីនេះ អតីតមេបក្សប្រឆាំងនេះ ក៏នឹងជួបអតីតមន្រ្តី ដែលទទួលបានសិទ្ធិ ធ្វើនយោបាយឡើងវិញ ផងដែរ។

លោក ម៉ែន សុថាវរិន្ទ្រ អតីតអ្នកតំណាងរាស្ត្រ និងជាអ្នកគាំទ្រលោក សម រង្ស៊ី បានឲ្យដឹងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩យ៉ាងដូច្នេះថា “លោកប្រធានស្តីទី សម រង្ស៊ី និងសហការីបានអញ្ជើញ ទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ នៅថ្ងៃទី១៩ មេសានេះ ដើម្បីចូលរួមសមាជអ្នក ប្រជាធិបតេយ្យ និងមហាបាតុកម្មភ្លើងទៀន លើកទី២” ។

សូមជម្រាបថា ការចូលរួមធ្វើមហាបាតុនេះ គេក៏សង្កេតឃើញមានវត្តមាន ក្រុមអ្នកទទួលបានសិទ្ធិនយោបាយ ដែលមាននិន្នាការគាំទ្រ គោលនយោបាយ លោក កឹម សុខា រួមមាន៖ លោក អ៊ូ ច័ន្ទរ័ត្ន , លោក ជីវ កត្តា និងសហការរីមួយចំនួនទៀត។ ជាងនេះ ក៏មានវត្តមានលោក ជុន ច័ន្ទបុត្រ ប្រធានព័ត៌មានវិទ្យុអាស៊ីសេរី ទៅតាមផ្តិចយកសកម្មភាព លោកសម រង្ស៊ីដែរ។

យ៉ាងណាក្តី សម្រាប់វត្តមានក្រុម កឹម សុខា និយមដែលទទួលបាន សិទ្ធិធ្វើនយោបាយឡើងវិញនេះ ត្រូវបានក្រុមបាតុករ​ ដែលគាំទ្រលោក សម រង្ស៊ី មិនស្វាគមន៍នោះទេ។ ទោះជាយ៉ាងណាលោក អ៊ូ ច័ន្ទរ័ត្ន និងក្រុមលោក បានទៅដល់កូរ៉េរួចរាល់ហើយ។

បើតាមមន្ត្រីដែលស្និតនឹងលោក សម រង្ស៊ី បានឲ្យដឹងទៀតថា ក្រុមលោក អ៊ូច ច័ន្ទរ័ត្ន នឹងជួបពិភាក្សាការងារ ផ្នែកនយោបាយមួយចំនួន ជាមួយលោក សម រង្ស៊ីនៅកូរ៉េផងដែរ ដោយជំនួបនោះ មានការសម្របសម្រួលពីលោក មាជ សុវណ្ណរ៉ា អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ហើយក៏មាន វត្តមានលោក កឹម សុខ អ្នកវិភាគសង្គមដែលបានរត់ចេញ ទៅក្រៅប្រទេស ក្រោយព្រះមហាក្សត្រ លើកលែងទោស តាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ៕ ដោយ ស សំណាង

Facebook Comments

To Top