ព័ត៌មានជាតិ

ប្រពន្ធចូលសម្រាលកូន ប្តីឡើងចងកធ្វើអត្តឃាត លើដើមលឿងរាជ មិនដឹងមូលហេតុ

ភ្នំពេញ ៖ បុរសម្នាក់បានដាច់ចិត្តធ្វើអត្តឃាត ចងកលើដើមលឿងរាជ បង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែ មេសា ២០១៩ ស្ថិតនៅក្បែរមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប នៅតាមបណ្តោយផ្លូវស៊ីវត្ថា ត្រង់ចំនុច ភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុងសៀមរាប ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ប្តីប្រពន្ធរូបនោះមកពីប៉ោយប៉ែត ដើម្បីមកសម្រាលកូននៅ មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប គឺបានមកដល់នៅថ្ងៃទី ១៧ ខែ មេសាឆ្នាំ ២០១៩ ។ លុះព្រឹកថ្ងៃទី១៨ ខែមេសា ប្រពន្ធបានចូលបន្ទប់សម្រាលកូន ចំណែកប្តីបែរជាឡើងដើមលឿងរាជចងក សម្លាប់ខ្លួនដោយមិនដឹងមូលហេតុទៅវិញ ។

នគរបាលមូលដ្ឋានបានបន្តថា ជនរងគ្រោះមានឈ្មោះ លី ចាន់ថន អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិតានី ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ប្រពន្ធមានឈ្មោះ ហុក អេង អាយុ៤១ឆ្នាំ ។

តាមការរៀបរាប់របស់ភរិយា បានឲ្យដឹងថា ប្តីរបស់គាត់ សព្វថ្ងៃរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយប្តីរបស់គាត់ ជាមនុស្សញៀនស្រា និងធ្លាប់ប្រើប្រាស់ គ្រឿងញៀនពីមុនមក ហើយការធ្វើអត្តឃាតចងកនេះ គាត់មិនបានដឹងមូលហេតុអ្វីទេ ។

ភរិយាជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ រូបគាត់បានឃើញប្តីគាត់ចេញទៅក្រៅ លុះ១ម៉ោងក្រោយមក ទើបត្រឡប់មកវិញ ហើយគាត់សង្កេតឃើញថា ប្តីរបស់គាត់មានក្លិនស្រា តែមិនបានឈ្លោះគ្នាទេ ហើយគាត់បានប្រាប់ទៅប្តីថា លោកគ្រូពេទ្យបានប្រាប់ថា គាត់ត្រូវវះកាត់ដើម្បីសម្រាលកូន អញ្ចឹងឯងកុំទៅណាចោលខ្ញុំ (ប្រពន្ធ)។ រហូតមកដល់ព្រឹកថ្ងៃកើតហេតុ ប្តីរបស់គាត់បានមកហូបបាយជាមួយគាត់ធម្មតា រួចក៏ចេញទៅក្រៅ ក៏បាត់រហូត មិនដឹងទៅណា បន្ទាប់មកគាត់ក៏ចូលសម្រាលកូនរួចរាល់ ខណះនោះមាន សមត្ថកិច្ចមកប្រាប់គាត់ថា ប្តីរបស់គាត់បាន ធ្វើអត្តឃាត ដោយចងកខ្លួនឯងនៅលើដើមឈើ ក្បែរពេទ្យស្លាប់បាត់ហើយ ប្រពន្ធអង្គុយស្រែកយំអោបកូន។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ដឹកយកទៅរក្សាទុកនៅវត្តគោកចក ក្នុងសង្កាត់គោកចក ទើបប្រពន្ធជនរងគ្រោះចេញពីពេទ្យ មកដល់វត្ត សមត្ថកិច្ចសួរនាំ ប្រពន្ធជនរងគ្រោះបានប្រាប់ ថាគាត់គ្មានសាច់ញាតិទេ នៅសៀមរាប ហើយគាត់គ្មានលុយ សម្រាប់យកសពស្វាមីគាត់ទៅស្រុកកំណើតទេ ទើបប្រពន្ធជនរង គ្រោះបានសម្រេចចិត្តអោយបូជាសពប្តីនៅវត្តគោកចកតែម្តង ៕

Facebook Comments

To Top