នយោបាយ

បណ្ឌិតឡៅ ម៉ុងហៃថា លោក អ៊ូ ច័ន្ទរ័ត្ន និងថ្នាក់ដឹកនាំ៤រូបទៀត ជាហង្សថ្មី

ភ្នំពេញ ៖ លោកបណ្ឌិត ឡៅ ម៉ុងហៃ ជាអ្នកវិភាគនយោបាយ និងធ្លាប់ជាអតីតទីប្រឹក្សា លោក កឹម សុខា បានលើកឡើងថា លោក អ៊ូ ច័ន្ទរ័ត្ន និងថ្នាក់ដឹកនាំ របស់អតីតគណបក្សសង្រ្គោះជាតិ ៤រូបផ្សេងទៀត ជាហង្សថ្មី ដែលកើតហើរចេញពីអាធិធាតុហង្សចាស់។

ការលើកសរសើរពីសំណាក លោក ឡៅ ម៉ុងហៃ ខណៈលោក ច័ន្ទរ័ត្ន និង៤នាក់ផ្សេងទៀត ជាអ្នកគាំទ្រលោក កឹម សុខា យ៉ាងស្មោះស្ម័គ្រ ។ ដើម្បីចង់ឲ្យមានការបង្រួបបង្រួមផ្ទៃក្នុង អតីតគណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន និងគូកនមួយចំនួនទៀត បានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក្រោយវិសោធនកម្ម បើកផ្លូវឲ្យអតីតមន្រ្តី គណបក្សប្រឆាំង១១៨រូប សុំសិទ្ធិធ្វើនយោបាយឡើងវិញ ដាក់ប្រើប្រាស់ជាផ្លូវការ។

លោកបណ្ឌិតឡៅ ម៉ុងហៃ បានលើកឡើង ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ថា “ឯកឧត្តម អ៊ូ ច័ន្ទរ័ត្ន និងថ្នាក់ដឹកនាំ៤រូបទៀត នៃសង្គ្រោះជាតិ ជាហង្សថ្មី ដែលកើតហើរចេញពីអាធិធាតុហង្សចាស់ ដែលត្រូវបានដុតរំលាយទាំងរស់ក្នុងភ្លើង ដែលកំពុងឆេះទ្រលោម ដូចក្នុងរឿងសត្វហង្ស កើតហើរចេញពីអាធិធាតុសត្វហង្សចាស់ ពីដើមមួយ” ។

លោកបណ្ឌិតបានលើកពីវីរភាព របស់លោក អ៊ូ ច័ន្ទរ័ត្នបន្តថា យុវហង្ស អ៊ូ ច័ន្ទរ័ត្ន នឹងបន្តព្រលឹង និងពូជពង្សវង្សត្រកូលហង្សចាស់ ដែលតំណាងស្មារតីផ្លាស់ប្តូរ របស់ប្រជាពលរដ្ឋខ្មែរ ប្រកបដោយកម្លាំងប្រាជ្ញា និងកម្លាំងកាយខ្លាំងថ្មី នៅក្រោមមេឃនយោបាយថ្មី ដែលក្តៅរយៈក្បាលដូចធាតុអាកាស ក្នុងប្រទេសសព្វថ្ងៃ ។

អ្នកវិភាគស្ថានភាពនយោបាយ ចាស់វស្សារូបនេះ បានលើកពីរឿងព្រេងថា សត្វហង្ស ជារឿងព្រេងទេវកថារបស់ជនជាតិ ហ្ក្រិក (Greek mythology) ដែលតំណាលជាអាទ៍ថា៖ នៅពេលចាស់អស់អាយុសត្វហង្ស វាស្លាប់ក្នុងភ្លើង ដែលឆាបឆេះឡើងទ្រលោម ។ នៅពេលដែលឆេះនោះ សត្វហង្សមួយថ្មី ក៏កើតហើរចេញពីអាធិធាតុសត្វហង្សចាស់ ជាកូនបន្តពូជពង្សហង្សតទៅទៀត ។

រឿងសត្វហង្ស កើតហើរចេញពីអាធិធាតុ (Phoenix rising from the ashes) គេលើកមកនិយាយ ដើម្បីសំដៅទៅដល់ការកើតឡើង ការកសាងឡើងជាថ្មី ដែលប្រល្អប្រសើជាងមុន ។ ដូចជា ក្នុងករណីខ្មែរក្រោយសង្គ្រោម គេអាចនិយាយថា ហង្ស (ខ្មែរ) កើតហើរចេញពីភ្នក់ភ្លើង(សង្គ្រាម) ។

សូមបញ្ជាក់ថា ក្នុងបាតុកម្មភ្លើងទៀនជាលើកទី២ ដែលផ្តួចផ្តើមឡើងដោយអ្នកគាំទ្រលោក សម រង្ស៊ី នៅលើទឹកដីកូរ៉េខាងត្បូង ក៏លេចឡើងជាវត្តមានលោក អ៊ូ ច័ន្ទរ័ត្នផងដែរ ។ វត្តមាននេះ ត្រូវបានមនុស្សជំនិតរបស់លោក សម រង្ស៊ី អះអាងថា នឹងមានជំនួបកើតឡើង រវាងលោក អ៊ូ ច័ន្ទរ័ត្ន និងលោក សម រង្ស៊ីផងដែរ តែមិនដឹងថា ពិភាក្សាលើកិច្ចការអ្វីនោះទេ ៕

ដោយ អេង ប៊ូឆេង

Facebook Comments

To Top