នយោបាយ

យួន ទទួលស្គាល់ខ្មែរក្រោម ថាជាម្ចាស់ស្រុក ក្រោយ៧០ឆ្នាំ ដែលបារាំង បានប្រគល់ដែនដីកម្ពុជាក្រោម ឲ្យស្តេចបាវដាយគ្រប់គ្រង (មានវីដេអូ)


ភ្នំពេញ ៖ ប្រវត្តិសាស្រ្ត និងភូមិសាស្ត្រនយោបាយ បានធ្វើអោយប្រទេសនានា ជាពិសេសនិង និយាយដោយឡែក នៅក្នុងតំបន់យើង បានប្រែប្រួល ជាក់ស្តែងទំនាក់ទំនងនៅក្នុងអតីត តំបន់ឥណ្ឌូចិន (តុងកឹង អាណាម កូសាំងស៊ីន ខ្មែរនិងលាវ ក្រោយមកកម្ពុជា ឡាវ វៀតណាម ) បានប្រែប្រួលគួរអោយកត់សម្គាល់ ។

ជាង៤០ឆ្នាំមុន វៀតណាម ចាត់ទុកសហរដ្ឋអាមេរិក ជាសត្រូវសួរពូជ ស្លាប់រស់ និងចាត់ទុក ប្រទេសចិនថា ចង់ធ្វើអនុត្តរភាពលើប្រទេសខ្លួន ព្រមទាំងដាក់ចេញ នូវយុទ្ធសាស្ត្រប្រឆាំង ចិនថែមទៀតផង ។

នៅពេលវៀតណាម មានឱកាសធ្វើជាបងធំ ក្នុងចំណោមប្រទេសទាំង៣ កម្ពុជា ឡាវ វៀតណាម ហើយមានបំណងប្រែក្លាយទៅជា សហព័ន្ធឥណ្ឌូចិន ដោយយកកម្ពុជា និងឡាវជាចំណុះ ដើម្បីពង្រីកខ្លួនអោយធំ ទប់ទល់និងចិន សហរដ្ឋអាមេរិក ដោយ៤០ឆ្នាំកន្លងទៅ យកអតីត សហភាពសូវៀត ធ្វើជាខ្នងបង្អែក ឥឡូវបានប្រែប្រួលអស់ហើយ ដោយចាត់ទុកសហរដ្ឋអាមេរិក ជាមហាមិត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បន្ថែមទៅសម្ព័ន្ធមិត្តចាស់ អតីតសហភាពសូវៀត បច្ចុប្បន្នសហព័ន្ធរុស្សី ទប់ទល់ទៅនឹងប្រទេសចិន ក្នុងពេលប្រទេសទាំងពីរ កំពុងមាន ជម្លោះ យ៉ាងតានតឹងបំផុត ជុំវិញ អធិបតេយ្យ ទាក់ទងទៅនឹងសមុទ្រចិនខាងត្បូង ដែលភាគីអះអាង រៀងៗខ្លួននូវសិទ្ធិគ្រប់គ្រង ក្នុងតំបន់ជម្លោះនេះ ។ ហេតុដូច្នេះហើយ បានយើង កត់សម្គាល់ឃើញថា វៀតណាម មិនត្រឹមតែមានទំនាក់ទំនង លើផ្នែកសេដ្ឋកិច្ចតែប៉ុណ្ណោះទេ ប៉ុន្តែវៀតណាម បានបើកច្រក អោយយោធាសហរដ្ឋអាមេរិក មានមូលដ្ឋានយោធា នៅក្នុង ប្រទេសរបស់ខ្លួន ជាពិសេសការចូលចត នាវាយោធាអចិន្រ្តៃយ៍ របស់សហរដ្ឋអាមេរិក ដើម្បីទប់ទល់ ទៅនឹងកងទ័ពជើងទឹកចិន នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូងថែមទៀតផង(ឥណ្ឌូប៉ាស៊ីហ្វិ =សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន អូស្ត្រាលី បានប្រកាសបង្កើតនៅថ្ងៃទី១១វិច្ឆិកា ២០១៧ នៅដាក់ណាង ភាគកណ្តាលប្រទេសវៀតណាម ) ។

តើគេអាចចាត់ទុកថា សង្គ្រាមវៀតណាមលើកទីបី កើតឡើងទេ តែពេលនេះមិនមែនសហរដ្ឋអាមេរិក និងវៀតណាម ឈ្លោះគ្នាឡើយ តែសហរដ្ឋអាមេរិក វៀតណាម និង សម្ព័ន្ធមិត្ត ឈ្លោះគ្នាជាមួយប្រទេសចិន ។

ជាបទពិសោធន៍ សង្គ្រាមវៀតណាមពីរលើកកន្លងទៅ ពិតជាជះឥទ្ធិពលយ៉ាងអាក្រក់បំផុតមក លើកម្ពុជា ក៏ដូចជាឡាវ ដូច្នេះវាជាព្រឹត្តិការណ៍សំខាន់ណាស់ ដែលយើងត្រូវតែស្វែងយល់ តាមដានអោយជាប់នូវជម្លោះសមុទ្រចិនខាងត្បូង ព្រោះពិតណាស់ វានឹងជះឥទ្ធិពលមកដល់កម្ពុជា ។

បច្ចុប្បន្ននេះ កម្ពុជា កំពុងតែរងការវាយប្រហារយ៉ាងខ្លាំង និងចោទប្រកាន់ដោយអយុត្តិធម៌ ពីក្រុមអមិត្តរបស់ចិនខាងលើ ដោយចោទកម្ពុជា ថាបានផ្តល់មូលដ្ឋាន យោធាអោយប្រទេសចិន ។ ប៉ុន្តែធាតុពិតកម្ពុជា គ្រាន់តែអភិវឌ្ឃ ប្រទេសជាតិរបស់ខ្លួនតែប៉ុណ្ណោះ ក្រោយពីក្រុម ប្រទេសខាងលើ បានជិះជាន់កម្ពុជា ស្ទើរលិចបាត់សូន្យ រាប់សិបទសវត្សរ៍កន្លងមក ។

ដោយភូមិសាស្ត្រនយោបាយ ដូចបានអធិប្បាយខាងលើ បើទោះបីកម្ពុជា កំពុងរងអយុត្តិធម៌ យ៉ាងក៏ដោយក្តី តែពន្លឺសច្ចះធម៌ប្រវត្តិសាស្ត្រក៏បានផ្តល់មកអោយកម្ពុជាផងដែរ នោះកម្ពុជា បានដើរលើផ្លូវត្រូវ ដោយមានមហាអំណាចចិនរាប់អាន និងចាត់ទុកជាមិត្តយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ និងការផ្តល់យុត្តិធម៌ពីសហគមន៍អន្តរជាតិ មិនត្រឹមតែធ្វើអោយកម្ពុជា ទប់ទល់ ទៅនឹងការព្យាយាមជាន់ពន្លិច បញ្ឆេះជម្លាះពីក្រុមខាងលើទេ តែថែមទាំងរបស់អ្វីមួយ ដែលគេ បានធ្វើទាំងអយុត្តិធម៌ អស់រយះកាល៧០ឆ្នាំកន្លងមកហើយ ក៏ចាប់ផ្តើមឃើញមានពន្លឺយុត្តិ ធម៌ជាបណ្តើរៗទៅហើយដែរ បើទោះបីជាជាតិសាសន៍យើង ត្រូវបានគេបែងចែកជាច្រើន ចំណែក និងគ្រប់គ្រងដោយឡែកពីគ្នាក៏ដោយ ។

ព្រឹត្តិការណ៍ដែលមិនធ្លាប់មាន ហើយក៏ស្ទើរតែមិនជឿ ប៉ុន្តែដោយសារខ្មែរ​ រកការឯកភាពជាតិឃើញ ក្រោយការបែកបាក់អង្គរ យុគ្គសម័យដ៏រុងរឿង គេក៏ចាប់ផ្តើមទទួលស្គាល់នូវការពិត ។ ការពិតនោះនៅត្រង់ថា លោក ង្វៀន ភូជុង ប្រធានាធិបតី និងជាអគ្គលេខាបក្សកុម្មុយនីស្ត វៀតណាម ដ៏មានឥទ្ធិពល បានធ្វើដំណើរមកទស្សនកិច្ចនៅភ្នំពេញ ចាប់ពីថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ។

យោងតាមលទ្ធផល នៃដំណើរទស្សនកិច្ច ប្រធានរដ្ឋវៀតណាម ដែលប្រកាសដោយ ក្រសួងការបរទេសខ្មែរ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា “ភាគីវៀតណាម តែងតែដឹងនូវគុណូបការៈ យ៉ាងធំធេងចំពោះព្រះរាជឧបត្ថម្ភ និងការឧបត្ថម្ភគាំទ្រ ដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ថ្នាក់ដឹកនាំកម្ពុជា និងប្រជាជនកម្ពុជា ចំពោះប្រជាជនវៀតណាម ក្នុងបុព្វហេតុតស៊ូ ដើម្បីឯករាជ្យជាតិ ក្នុងអតីតកាល ក៏ដូចជាក្នុងការស្ថាបនា និងអភិវឌ្ឍន៍ប្រទេសជាតិ នាពេលបច្ចុប្បន្ន”។

គួររម្លឹកថា ប្រទេសវៀតណាម ត្រូវបែកជា២ប្រទេស ក្រោមសនិ្ធសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ គឺវៀតណាម ខាងជើង ក្រោមការដឹកនាំរបស់លោកប្រធានហូ (ហូ ជីមិញ រឺ ង្វៀន អាយគួក) និងវៀតណាមខាងត្បូង ។

ប្រជាជនខ្មែរ បានដឹងយ៉ាងច្បាស់ថា ផ្លូវយុទ្ធសាស្ត្រយោធា ដែលបានឆ្លងកាត់ពីព្រំដែនឡាវ មកដល់កម្ពុជា មានប្រវែង ១៦០០គីឡូម៉ែត្រ ដែលវៀតណាម បានដាក់ឈ្មោះថា ផ្លូវលំហូជីមិញ ។ មិនតែ ប៉ុណ្ណោះ លោកប្រធានាធិបតី ង្វៀនភូជុង ក៏បានអរគុណមេដឹកនាំខ្មែរបច្ចុប្បន្ន និងប្រជាជន កម្ពុជាទាំងមូល ក្នុងការរួមចំណែក ជួយបង្រួបបង្រួមវៀតណាម ។ ប្រវត្តិសាស្ត្របានបង្ហាញថា ខ្មែរពិតជាមានគុណធ្ងន់ណាស់ ចំពោះវៀតណាម បើទោះបីវៀតណាម ធ្លាប់ជួយរួមចំណែក រំដោះប្រជាជនកម្ពុជា កាលពី៤០ឆ្នាំកន្លងទៅក៏ដោយក្តី ។

ម្យ៉ាងវិញទៀត ដោយសារកត្តាភូមិសាស្ត្រនយោបាយ បានប្រែប្រួលនេះហើយ បានធ្វើអោយ នាយកដ្ឋមន្រ្តីវៀតណាម ង្វៀន ស៊ុនហ្វួក សរសេរលិខិតលើកដំបូង ជូនពរប្រជាជនកម្ពុជា ក្រោម ក្នុងឱកសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីថ្ងៃទី១៤-១៥-១៦ មេសា ឆ្នាំ២០១៩កន្លង ទៅថ្មីៗនេះ ។ នេះជាលើកទី១ និងចំពេលបងប្អូនកម្ពុជាក្រោម ប្រារព្ធខួបឆ្នាំទី៧០ ដែលប្រទេសបារាំង បានប្រគល់ដែនដីកម្ពុជាក្រោម ដែលបារាំងចាត់ទុកថា ជាដែនដី នាយសមុទ្ររបស់ខ្លួន ដែលបារាំងហៅថា កូសាំងស៊ីន អោយទៅស្តេចបាវដាយគ្រប់គ្រង ទាំងមហាអយុត្តិធម៌និងឈឺចុកចាប់ជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ។ មិនត្រឹមតែ ប៉ុណ្ណោះ លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ុនហ្វួក ថែមទាំងចុះទៅថ្វាយបង្គំដោយផ្ទាល់ នៅចំពោះ ព្រះភក្រ្ត ព្រះសង្ឃខ្មែរកម្ពុជាក្រោមថែមទៀតផង ។ បន្ថែមពីនេះទៀត របបកុម្មុយ និស្តវៀតណាម អនុញ្ញាត អោយពលរដ្ឋកម្ពុជាក្រោមរបស់យើងសប្បាយរីករាយ នៅចំកណ្តាល បេះដូងទីក្រុងព្រៃនគរ ដោយមានប្រជាពលរដ្ឋខ្មែរដ៏ច្រើនណែនណាន់តាន់តាប់ ជួបជុំសប្បាយអឺងកង ដូចប្រជាជនខ្មែរ នៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងនិងនៅឯនាយសមុទ្រ អីចឹងដែរ ។

សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោមបានស្នើសុំសហគមន៍អន្តរជាតិ ឲ្យដាក់គំនាបប្រទេសវៀតណាម ឲ្យទទួលស្គាល់ខ្មែរ កម្ពុជាក្រោមដែលជាជនជាតិដើម និងមានសិទ្ធិស្វ័យសម្រេចចិត្តកំណត់វាសនាដោយខ្លួនឯង ។

ការស្នើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស រយៈពេល២ថ្ងៃ កាលពីថ្ងៃ១១-១២មីនា ឆ្នាំ២០១៩កន្លងមកនេះ ដើម្បីពិនិត្យមើលរបាយការណ៍របស់វៀតណាម ជុំវិញការអនុវត្តកិច្ចព្រមព្រៀងសិទ្ធិស៊ីវិល និងនយោបាយឲ្យពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលជាជនជាតិដើមដោយគ្មានការទទួលរងការរើសអើង ។

ប្រតិភូខ្មែរក្រោមក៏ទាមទារអនុញ្ញាត ឲ្យខ្មែរក្រោមមានសិទ្ធិគោរពប្រតិបត្តិសាសនា ដោយគ្មានការចាត់ចែង ពីអាជ្ញាធរវៀតណាម ហើយផ្តល់សិទ្ធិបង្កើតស្ថានីយទូរទស្សន៍ និងវិទ្យុដោយខ្លួនឯង និងគ្មានការគ្រប់គ្រងពីវៀតណាម។

ក្នុងកិច្ចប្រជុំនោះដែរ តំណាងប្រទេសកុមុយនីស្តវៀតណាម និងជាអនុរដ្ឋមន្រ្តីនៃក្រសួងយុត្តិធម៌វៀតណាម បានអះអាងប្រាប់មន្រ្តី អង្គការសហប្រជាជាតិ ពីកំណែទម្រង់ក្នុងវិស័យច្បាប់ និងយុត្តិធម៌ដែលលោកអះអាងថា ដើម្បីការពារសិទ្ធិជាមូលដ្ឋាន និងសេរីភាពរបស់ពលរដ្ឋតែប៉ុណ្ណោះ។ នេះបើតាមការផ្សព្វផ្សាយពីវិទ្យុអាស៊ីសេរី។

យើងពិតជាមិនអាចបំភ្លេចបានឡើយ នូវប្រវត្តិសាស្ត្រកម្ពុជា គឺបើគ្មានថ្ងៃ២ធ្នូ ១៩៧៨ និង ២ធ្នូ ឆ្នាំ១៩៩៨ ព្រះរាជាណាចក្រកម្ពុជា មិនអាចមានថ្ងៃនេះ បានឡើយ បូកផ្សំជាមួយ និងភូមិសាស្ត្រនយោបាយប្រែប្រួល បានធ្វើអោយប្រទេសកម្ពុជា ស្គាល់នូវភាពរុងរឿង ដែលអាចនិយាយបានថា សម័យអាណាចក្រអង្គរ កំពុងតែចាប់ផ្តើមឡើងវិញ ។ សង្ឃឹមថា ប្រជាជនខ្មែរទាំងអស់ និងបានយល់ នឹងផ្តល់យុត្តិធម៌ទៅដល់អ្នកដឹកនាំជាតិបច្ចុប្បន្ន បើទោះបីជាមានខ្មែរមួយក្រុមតូច នៅលង់លក់ និងទទួលយកនូវសុបិន្តមនោគមន៍វិជ្ជា បរទេស ដែលចាំតែបំផ្លាញសេចក្តីសុខខ្មែរគ្រប់ពេលក៏ដោយ ។

យោងតាមសៀវភៅ របស់លោកត្រាំងឆាតបុត្រ ក្រោមចំណងជើងថា យៀកណាម រឺស្រុកយូន ទំព័រទី១៨១ បានសរសេរថា «នៅឆ្នាំ១៩៥៦ នៅថ្ងៃទី១៩សីហា ង៉ោ ឌិនយីម បានចេញច្បាប់ មួយសម្រាប់ថា ជនជាតិយួន កំណើតខ្មែរ ហើយនៅថ្ងៃទី២០តុលា ក្រឹត្យលេខ៥៧ រឺក្រឹត្យ កែទម្រង់ដីធ្លី រឹបអូសយកដីធ្លី អ្នកមានទៅចែកអោយអ្នកក្រ បានន័យថា យកដីខ្មែរទៅចែកអោយយួន ….» ។

សួមបញ្ជាក់ថា ង៉ោ ឌិនយីម បានរៀបចំប្រជាមតិក្លែងបន្លំមួយ នៅថ្ងៃទី២៣តុលា ឆ្នាំ១៩៦៣ ដោយសំឡេង ៩៨ភាគរយ ទម្លាក់ស្តេច បាវដាយ ចេញពីតំណែង ហើយ ង៉ោ ឌិនយីម ខ្លួនឯង ប្រកាសកំណើតសាធារណរដ្ឋវៀតណាម (វៀតណាមខាងត្បូង)របបប្រធានាធិបតី ដូចនៅសហរដ្ឋអាមេរិក និង ប្រកាសខ្លួនឯងថា ជាប្រមុខរដ្ឋ ។

ង៉ោ ឌិនយីម ត្រូវបានសហរដ្ឋអាមេរិក តាមរយៈស៊ីអាយអេ ធ្វើរដ្ឋប្រហារទម្លាក់ នៅឆ្នាំ១៩៦៥ ដោយលើកបណ្តុប ង្វៀងយុំាងធីវ ជាប្រធានាធិ​បតី និងលោកគី ជាអនុប្រធានាធិបតី តាមរយះការ បោះឆ្នោត សប្បនិមិត្ត នៅថ្ងៃទី៣កញ្ញា ឆ្នាំ១៩៦៧ ។ នេះបើយោង តាមសៀវភៅ របស់លោក ត្រាំង ឆាតបុត្រ ទំព័រ ១៨០ -១៩៦ និង១៩៧ ៕

ដោយ ៖ សយ សុភាព

Facebook Comments

To Top