នយោបាយ

កម្ពុជា-ថៃ នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងរួមគ្នា លើការដឹកជញ្ជូនផ្លូវដែក នៅថ្ងៃ២២ មេសា

ភ្នំពេញ ៖ ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងពង្រីកទំហំពាណិជ្ជកម្ម រវាងកម្ពុជា-ថៃ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែក នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រសួងសាធារណៈការ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា ពីការត្រៀមរៀបចំកម្មវិធី ការររៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការរក្សាសន្តិសុខសុវត្ថិភាព ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃ២២ មេសា។

កិច្ចប្រជុំ មានការចូលរួមពីថ្នាក់ដឹកនាំ នៃក្រសួងការបទេសខ្មែរ កងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងអង្គរក្ស រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធ។

សូមជម្រាបជូនថា នៅថ្ងៃទី២២ មេសា សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា នឹងធ្វើជាអធិបតីភាព ក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) , ពិធីបើកការដ្ឋានសាងសង់ អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ , ពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ប្រតិបត្តិការរួមគ្នា លើការដឹកជញ្ជូនផ្លូវដែក ឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) អំណោយរបស់រាជរដ្ឋាភិបាលថៃ ជូនរាជរដ្ឋាភិបាលកម្ពុជា និងនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ នឹងជិះរថភ្លើងរួមគ្នា ពីស្ថានីយបានខ្លងលឹក មកស្ថានីយប៉ោយប៉ែតផងដែរ៕ ដោយ៖ បាន ធារ៉ូ

Facebook Comments

To Top