នយោបាយ

លិខិតមិត្តអ្នកអាន៖ តំលៃនៃសន្តិភាព កាន់តែមានហាងឆេង

ឆ្នាំនេះពលរដ្ឋខ្មែរ ស្គាល់ក្តីសប្បាយរីករាយ ដែលមិនធ្លាប់មានពីមុន! យើងអាចនិយាយបានថា មិនដែលដែលធ្លាប់មានទេ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលប្រជាពលរដ្ឋ បានជួបជុំធ្វើដំណើរកម្សាន្ត និងសប្បាយរីករាយ ពេលបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ដែលទើបតែបញ្ចប់ទៅនេះជាដើម ដូចរូបភាព នៅតាម២៥រាជធានីខេត្ត ដែលមិត្តភក្រ្ត​ រួមការងារជាមួយ​ខ្ញុំ បានផ្ញើមកជាភស្តុតាង ជាក់ស្តែង​ហើយ ដែលខ្ញុំដាក់ភ្ជាប​នឹងអត្ថបទនេះ។

ឆ្នាំនេះពលរដ្ឋគ្រប់ ទិសទីបានសប្បាយរីករាយ លើសពីបណ្តាឆ្នាំណាៗទាំង អស់។ ក្នុងរយៈពេល៣ថ្ងៃនៃពិធី បុណ្យចូលឆ្នាំថ្មី ឆ្នាំកុរនេះគេបានសង្កេតឃើញ យ៉ាងច្បាស់ថា ពលរដ្ឋខ្មែរមានក្តីសប្បាយ រីករាយលើសពីបណ្តាឆ្នាំមុនៗទៅទៀត។ នៅលើបណ្តាញសង្គម គេឃើញតែរូបភាព សប្បាយរីករាយ ជួបជុំគ្រួសារ រាំរែក ហូបចុក និងដើរកម្សាន្ត ដោយក្តីសោមនស្ស និងសុខដុមរមនាយ៉ាងក្រៃលែង។

យោងរបាយការណ៍ វាយតម្លៃជាបឋម មានអ្នកទេសចរជាតិ និងអន្តរជាតិប្រមាណ ជាង៧ លាន នាក់បាននាំគ្នាដើរកម្សាន្ត នៅគ្រប់ទិសទី ពេញផ្ទៃប្រទេស។ តួលេខនេះ មិនទាន់រាប់បញ្ចូល អ្នកដែលជួបជុំ គ្រួសារសប្បាយ រីករាយនៅតាមផ្ទះ ដោយសារអាកាសធាតុក្តៅ ឬម្យ៉ាងដោយសារ តែមិនចង់ប្រជ្រៀត ជាមួយមនុស្សម្នាច្រើន ពេកពេលបុណ្យទាននោះឡើយ។

ម្យ៉ាងវិញទៀត ក៏មានពលរដ្ឋខ្មែរជាច្រើនទៀត បានចាកចេញទៅធ្វើទេសចរណ៍ នៅក្រៅប្រទេស ក្នុងកំឡុងពេលបុណ្យ ចូលឆ្នាំនេះផងដែរ។ បើនិយាយឲ្យចំទៅ ពលរដ្ឋខ្មែរទូទាំងប្រទេស សុទ្ធតែបានសប្បាយរីករាយ ពេលបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ រីឯការ សប្បាយរបស់ពួកគេទៀតសោត ក៍មានសភាពអឺងកង អធិកអធម ប្រកបដោយក្តីសោមស្សលើស ពីបណ្តាឆ្នាំមុនៗទៅទៀត ។

មានមូលហេតុច្រើនយ៉ាង ដែលគេអាចលើកមកពន្យល់ ពីទិដ្ឋភាពនេះបាន៖
មូលហេតុទី១៖ គឺដោយសារតែ ប្រទេសកម្ពុជាមានសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះមិនអាច បដិសេធបានក្នុងការបង្កការ សប្បាយរីករាយ ដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវ
ទេសចរណ៍អន្តរជាតិ។

មូលហេតុទី២៖ គឺដោយសារតែ ប្រជាពលរដ្ឋខ្មែរកាន់តែមានជីវភាព កាន់តែកើនឡើង ល្អប្រសើរដែលអនុញ្ញាត ឲ្យពួកគេមានលទ្ធភាព ធ្វើដំណើរកម្សាន្ត សប្បាយតាមដែលពួកគេចង់បាន។ កត្តាជីវភាពកើនឡើង ជាហេតុផលដ៏សំខាន់មួយ ដែលធ្វើឲ្យពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ទទួលបានការសប្បាយ រីករាយភ្លូកទឹកភ្លូកដីមិនធ្លាប់មាន។ យានជំនិះគ្រប់ប្រភេទ បានធ្វើដំណើរទៅគ្រប់ច្រកល្ហកនៅ ទូទាំងប្រទេស។

មូលហេតុទី៣៖ ដោយសារឆ្នាំនេះ ប្រទេសជាតិមានស្ថានភាព នយោបាយល្អប្រសើរ ពោលគឺគ្មានវិបត្តិនយោបាយ អូសបន្លាយរ៉ាំរ៉ៃ គ្មានភាពវឹកវរក្រោយ ការបោះឆ្នោត ដូចកាលពីលើកមុនៗឡើយ។ ការបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ២០១៨ ដែលមានអ្នកចូលរួមបោះឆ្នោត រហូតដល់ជាង ៨៣% គឺជាការបោះឆ្នោត ដែលប្រកបដោយសុខសន្តិភាព បំផុត។ ក្រោយការបោះឆ្នោត អ្វីៗ ដំណើរការទៅជាធម្មតា ដោយគ្មានផលរមាស់អ្វី កើតឡើងទាំងអស់។ ស្ថានភាពនយោបាយល្អ ក្រោយការបោះឆ្នោត គឺជាឱកាសមានសម្រាប់ ប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិក កម្មករ ក៏ដូចជាកសិករ និងពាណិជ្ជករគ្រប់ប្រភេទ ក្នុងការបង្កើនជីវភាព របស់ខ្លួនដោយគ្មានក្តីបារម្ភ គ្មានការរំខានអ្វីទាំងអស់។

មូលហេតុទី៤៖ មន្ត្រីរាជការ ក៏ដូចជាកម្មករកម្មការនី បានទទួលការ ដំឡើងប្រាក់ខែជាបន្តបន្ទាប់ ជាពិសេសអាចបើកប្រាក់ខែ ដល់ទៅពីរដងក្នុងមួយខែ។ នេះគឺដោយសារ គោលនយោបាយ គិតគូរដល់ជីវភាព របស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករ ពីសំណាក់រាជរដ្ឋាភិបាល។ ក្រៅពីបានប្រាក់ខែច្រើនជាងមុន មន្ត្រីរាជការ ក៏បានទទួល ប្រាក់ឧបត្ថម្ភបន្ថែម ៥ ម៉ឺនរៀល សម្រាប់ពិធីបុណ្យ ចូលឆ្នាំគួបផ្សំ នឹងការអាចបើកប្រាក់ខែ ពេញមួយខែ មេសាមុនពិធីបុណ្យ ចូលឆ្នាំថែមទៀត។ ចំណែកឯប្រជាពលរដ្ឋ ក៏ដូចជាកម្មករ មន្ត្រីរាជការដែលខ្វះខាត មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ក៏អាចធ្វើដំណើរ ទៅកាន់ស្រុកកំណើត តាមរយៈរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃ ថែមទៀត ដែលរដ្ធាភិបាល បានគិតគូររៀបចំ។ តើអ្នកណាមិនសប្បាយរីករាយ ក្នុងការទទួលផលប្រយោជន៍ អស់ទាំងនេះ?

មូលហេតុទី៥៖ គឺដោយសារ រដ្ឋាភិបាលទើបតែ បានប្រកាសចេញគោលនយោបាយ កំណែទម្រង់ដ៏មុតស្រួច ជាកញ្ចប់ដែលធានា ដល់អ្នកវិនិយោគទុន ក្នុងស្រុក ទាំងអ្នកវិនិយោគទុន បរទេស ក៏ដូចជាពលរដ្ឋខ្មែរ ទូទៅជាពិសេសបុគ្គលិកកម្មករ ដែលបម្រើការងារ ក្នុងគ្រប់វិស័យ ឲ្យមានភាពកក់ក្តៅ ក្នុងចិត្តយ៉ាងខ្លាំង អំពីអនាគរបស់ខ្លួន។

មូលហេតុទី៦៖ ឆ្នាំនេះ បណ្តាខេត្ត រាជធានីនីមួយៗបានរៀបចំ ឲ្យមានព្រឹត្តិការណ៍ សង្ក្រាន្តឆ្នាំថ្មីរៀងៗខ្លួន ដោយគ្មានការរៀបចំ ពិធីធំតែមួយ ដូចជាការរៀបចំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដូចរាល់ឆ្នាំឡើយ។ ការអនុញ្ញាតឲ្យខេត្ត រាជធានី នីមួយៗរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តឆ្នាំថ្មីរៀងៗខ្លួន ធ្វើឲ្យពលរដ្ឋក៏ដូចជា អាជ្ញាធរដែនដីនីមួយៗ មានឱកាស បង្កការកម្សាន្ត សប្បាយជាមួយគ្នា ដោយមោទនភាព។ ម្យ៉ាងទៀត អាជ្ញាធរដែនដីនិមួយៗ បានចូលរួមយ៉ាងសកម្ម ក្នុងការបង្កការសប្បាយរីករាយ ដល់ពលរដ្ឋដូចជា ការបញ្ចេញឡានទឹក ដើម្បីបាញ់ទឹកនៅ កន្លែងជួបជុំ ធ្វើឲ្យបរិយកាស មានសភាពត្រជាក់ ចៀសផុតពីកម្តៅថ្ងៃ ដ៏ក្តៅស្អុះស្អាប់ ហើយក៏ជាការបង្កបរិយាកាស ឲ្យពលរដ្ឋសប្បាយរីករាយ យ៉ាងក្រៃលែង។ កិច្ចការពារសន្តិសុខ ក៏បានទទួលជោគជ័យ យ៉ាងល្អប្រសើរផងដែរ។

សរុបទៅ អ្វីៗគ្រប់យ៉ាងដូចបាន រៀបរាប់ខាងលើនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យ សម្រាប់ប្រជាពលរដ្ឋខ្មែរ និងក៏ដូចជាសម្រាប់ ប្រទេសកម្ពុជាទាំងមូល។ សមិទ្ធផលទាំងនេះ បានមកពីកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

សុខសន្តិភាព ស្ថិរភាព នយោបាយនិងការអភិវឌ្ឍន៍ ដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ គឺជាក្តីសង្ឃឹមថ្មី និងកាន់តែរឹមាំជាលំដាប់ សម្រាប់ប្រជាពលរដ្ឋខ្មែរ។ មិនត្រឹមតែពលរដ្ឋខ្មែរ ក្នុងស្រុកទេ សូម្បីពលករ ដែលកំពុងបម្រើការងារ នៅក្រៅប្រទេសដូចជា នៅកូរ៉េ ជប៉ុន ជាដើម ក៏ទទួលបាន ការសប្បាយរីករាយ ដូចគ្នាដែរ។

អ្វីដែលគួរឲ្យកត់សម្គាល់គឺ ភាពស្ងប់ស្ងាត់ខាងនយោបាយ គឺជាមុខមាត់ថ្មី និងក្តីសង្ឃឹមថ្មី សម្រាប់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ។ មជ្ឈដ្ឋានប្រឆាំងជ្រុលនិយម ដែលពឹងផ្អែក លើបរទេស ឲ្យមកបំផ្លាញខ្មែរ បានឈានដល់ទីបញ្ចប់ រីឯសករាជនយោបាយថ្មី ដែលឈរលើកម្លាំងខ្លួនឯង ការពារអធិបតេយ្យភាព ជាតិយ៉ាងរឹងមាំ កំពុងបើកទំព័រថ្មី នៅលើទឹកដី ព្រះរាជាណាចក្រអច្ឆរិយៈ។ ក្តីសប្បាយរីករាយទាំងនេះ សុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍន៍ ដែលកំពុងមានពេលនេះ ត្រូវបានធានាយ៉ាងរឹងមាំ ដោយឆន្ទៈយ៉ាងមុតស្រួច របស់លោកហ៊ុនសែន។ ដូច្នេះ យើងទាំងអស់គ្នា សូមចូលរួមការពារក្តីសប្បាយរីករាយ ដែលពុំធ្លាប់មាននេះ ឲ្យស្ថិតស្ថេរគង់វង្ស ជារៀងរហូត ដោយមិនអនុញ្ញាត ឲ្យមានមជ្ឈដ្ឋាន អគតិណាមួយ មកបំផ្លាញបាននូវតំលៃ នៃសន្តិភាព ដែលកាន់តែមានហាងឆេងនេះ អោយបានជាដាច់ខាត៕
ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

Facebook Comments

To Top