ព័ត៌មានជាតិ

ភ្ញៀវទេសចរ ជាង៤លាននាក់ ធ្វើដំណើរកម្សាន្ត នៅតាមរណីយដ្ឋាននានា នៅថ្ងៃចូលឆ្នាំ

ភ្នំពេញ៖ ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ប្រជាពរដ្ឋ និងទេសចរអន្តរជាតិ ចូលរួមកំសាន្តក្នុងព្រឹត្តិការណ៍ សង្ក្រាននិងតាម រមណីយដ្ឋានទេសចរណ៍ ប្រមាណ ជាង ៤លាននាក់ (មិនទាន់គិតដល់ពលរដ្ឋ នាំគ្នាកំសាន្តតាមវត្តអារាម សាលារៀន តាមភូមិ ប្រមាណ ជាង ៣លាននាក់ ផង ទៀត)។ នេះបើតាមការចេញផ្សាយ របស់ក្រសួងទេសចរ។

របាយការណ៍បឋម របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត តាមការវាយតម្លៃជំហានដំបូង ភ្ញៀវទេសចរ និងពលរដ្ឋដែលបានដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងតាមទីកន្លែង ប្រារព្វព្រឹត្តិការណ៍សង្ក្រាន្តសំខាន់ៗ នាឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ១៤-១៦ ខែមេសា ឆ្នាំ២០១៩ មានចំនួនសរុបប្រមាណ ៤.៧២៦.៦០២ នាក់ កើនឡើង ៦៧.០២% ក្នុងនោះ៖
– ភ្ញៀវជាតិមានចំនួន ៤.៦៣៩.៣៤១ នាក់ កើនឡើង ៦៦.៤០%
– ភ្ញៀវអន្តរជាតិមានចំនួន ៨៣.១២៣ នាក់ កើនឡើង ៩៨.២៧%

ក្នុងនោះ
– ថ្ងៃទី១ នៃពិធីបុណ្យត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវសរុបចំនួនប្រមាណ ៨១៦.៤៩៦ នាក់ កើនឡើង ៩.៤០% ក្នុងនោះភ្ញៀវជាតិ មានប្រមាណ ៧៨៣ ៦៣២ នាក់ និងភ្ញៀវអន្តរជាតិ មានប្រមាណ ៣២.៦៦៤ នាក់។
– ថ្ងៃទី២ នៃពិធីបុណ្យត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវសរុបចំនួនប្រមាណ ១.៦០៩.៧២១ នាក់កើនឡើង ២៨.៣៣% ក្នុងនោះ ក្នុងនោះភ្ញៀវជាតិ មានប្រមាណ ១.៥៨២.១២៩ នាក់ និងភ្ញៀវអន្តរជាតិ មានប្រមាណ ២៧.៤៧៤ នាក់
– ថ្ងៃទី៣ នៃពិធីបុណ្យត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវសរុបចំនួនប្រមាណ ២.២៧៥.១៨៥ នាក់ កើនឡើងប្រមាណ ១៥៩.៨៥% ក្នុងនោះភ្ញៀវជាតិ មានប្រមាណ ២.២៧៣.១៨០ នាក់ និងភ្ញៀវអន្តរជាតិ មានប្រមាណ ២២.៩៨៥ នាក់។

ជាការគួរឲ្យកត់សម្គាល់ តួលេខខាងលើគឺគ្រាន់តែ ជាការប៉ាន់ស្មានជំហានដំបូង សម្រាប់គោលដៅទេសចរណ៍សំខាន់ៗ និងតាមទីកន្លែង ប្រារព្វព្រឹត្តិការណ៍សង្ក្រាន្តសំខាន់ៗ ដោយមិនទាន់គិតពីចំនួន បងប្អូនប្រជាពលរដ្ឋ នៅតាមគោលដៅបន្ទាប់បន្សំនានា ដូចជាវត្តអារាម សាលារៀន ភូមិ ឃុំ ស្រុក និងទីប្រជុំជននានា ដែលមានចំនួនមិនតិចជាង ៣ លាននាក់ទេ សម្រាប់រយៈពេល ៣ថ្ងៃនេះ បន្ថែមពីលើចំនួនខាងើ។

លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការចូលរួមកំសាន្តដ៏ច្រើនកុះករ របស់ពលរដ្ឋ បង្ហាញឲ្យឃើញការពេញចិត្ត នឹងសភាពការណ៍ ប្រទេសជាតិបច្ចុប្បន្ន ពេញចិត្ត នឹងគាំទ្រដាច់ខាតចំពោះការដឹកនាំ ដ៏ត្រឹមត្រូវនិងឈ្លាសវៃ របស់រាជរដ្ឋាភិបាល ។

លោកថា នៅតាមវត្តអារាម តាមភូមិដ្ឋាន កំលាំងប្រជាកាពារបានបំពេញ តួនាទី ភរកិច្ចរបស់ខ្លួន បានត្រឹមត្រូវល្អណាស់៕

Facebook Comments

To Top