ព័ត៌មានជាតិ

កោះត្រល់៖ ក្តីស្រមៃក្នុងសុបិន

កោះត្រល់ ជាឈ្មោះកោះដ៏ធំមួយ ដែលមានចំងាយប្រមាណ ជា១៥គីឡូម៉ែត្រ ពីទឹកដីខេត្តកំពត បានក្លាយជា កោះឋានសួគ៌ថ្មីមួយ របស់វៀតណាម ដែលកំពុងទាក់ទាញ ភ្ញៀវទេសចរចម្រុះពណ៌ នៅពេលដែលពលរដ្ឋខ្មែរមួយចំនួន នៅតែទន្ទិញរត់មាត់ថា ជាអតីតកោះរបស់កម្ពុជា ហើយពេលខ្លះ ក៏នាំគ្នាគិតថា កោះត្រល់ នៅតែជាកោះត្រល់របស់ខ្មែរ បើទោះបីជាឈ្មោះផ្លូវការ នៅលើផែនទីវៀតណាមថា ជាកោះហ្វូគួក (Phu Quoc) រាប់សិបឆ្នាំ រួចទៅហើយក្តី ។

ដើម្បីទៅដល់កោះ Phu Quoc ពលរដ្ឋខ្មែរមានជម្រើសពីរ៖ ធ្វើដំណើរតាមយន្តហោះពីភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ រួចបន្តហោះទៅកាន់ កោះហ្វូកគួក តែម្តង ឬក៏ធ្វើដំណើរ ដោយរថយន្តចេញពីភ្នំពេញ ទៅកាន់ព្រំដែនព្រែកចាក ក្នុងទឹកដីខេត្តកំពត រួចបន្តដំណើរទៅកាន់ កំពង់ផែខេត្តហាទៀង របស់វៀតណាម (អតីតខេត្តពាម) ដែលចំណាយពេល សរុបចន្លោះពី៥ ទៅ៦ម៉ោង រួចធ្វើដំណើរបន្តដោយជិះកប៉ាល់ ឬហៅថាទូកលឿន ដែលត្រូវចំណាយពេល ១ម៉ោង១០នាទីថែមទៀត ក្នុងចំងាយផ្លូវទឹក ៤៥គីឡូម៉ែត្រ ។

ហេតុអ្វីបានជាគេ ចង់ទៅកោះត្រល់?
ពលរដ្ឋខ្មែរ មានមតិពីរខ្វែងគ្នា មតិមួយថា គាត់គួរទៅលេងកោះត្រល់ ដើម្បីឲ្យដឹងថា គេអភិវឌ្ឍកោះនោះ ដល់កម្រិតណាហើយ ឯមតិមួយទៀតថា ដាច់ខាត គាត់មិនទៅជាន់ទឹកដីកោះត្រល់ឡើយ ក្នុងមួយជីវិត ដោយគាត់គិតថា មិនគួរបញ្ចូលលុយ ក្នុងហោប៉ៅវៀតណាម បន្ថែមទៀតឡើយ។ យ៉ាងណាក៏ដោយ អ្នកដែលទៅកោះត្រល់ភាគច្រើន ចង់ស្វែងយល់រឿងរ៉ាវ ពាក់ព័ន្ធប្រវត្តិសាស្រ្តកោះនេះ ច្រើនជាងទៅកំសាន្ត ជាទេសចរមួយមុខ។ សម្រាប់វៀតណាម កោះត្រល់ ជាកោះដែលធំជាងគេបង្អស់ នៅក្នុងប្រទេស ហើយក៏ជាកោះ ដែលខ្លួនគិតថា មានឆ្នេរសមុទ្រសស្អាត រហូតដាក់រហ័សនាមថា “កោះគុជ” ហើយតាមរយៈគម្រោងអភិវឌ្ឍ និងសន្ទុះកសាង នៅពេលបច្ចុប្បន្ន កោះត្រល់ អាចនឹងវ៉ាដាច់ កោះនៅកម្ពុជាទាំងអស់ ហើយវៀតណាម អាចនឹងបង្វែរកិច្ចប្រជុំធំៗ មួយចំនួន ទៅទីនោះ នៅប៉ុន្មានឆ្នាំខាងមុខ ។ ប៉ុន្តែសម្រាប់ខ្មែរវិញ កោះត្រល់ នៅតែមិនអាចស៊ីដាច់ឆ្នេរ នៅតាមកោះជាច្រើនទៀត នៅក្នុងទឹកដីប្រ ទេសកម្ពុជាឡើយ។

មានអ្វីខ្លះនៅលើកោះត្រល់?
រហូតមកដល់ខែមេសា ឆ្នាំ២០១៩ សណ្ឋាគារប្រណិតៗ លំដាប់ផ្កាយប្រាំ មិនតិចជាង៤ទេ បានសង់រួចទៅហើយ។ នៅទីនោះក៏មានកន្លែងកំសាន្ត សម្រាប់ក្មេង និងមនុស្សចាស់ ដែលមានឈ្មោះថា Vinpearl Land មានផ្សាររាត្រី មានទឹកត្រីកោះហ្វូគួក គុជខ្ចង កាហ្វេអោប (សម្រាប់បុរស ដែលចង់ស្គាល់ រស់ជាតិកាហេ្វពិត និងកាហេ្វថែមសាច់)។ ផ្នែកសាសនាវិញ មានវត្តមួយ ដែលគេអះអាងថា ជាវត្តខ្មែរ ត្រូវបានគេដាក់ឈ្មោះថា “ពោធិទីបារាម កោះត្រល់ភូក្វឹក” ហើយមានលោកកម្ពុជាក្រោមបីអង្គ គង់នៅទីនោះ។ យោងតាមការធ្វើជំរឿន នៅឆ្នាំ១៩៨៩ គេរកឃើញពលរដ្ឋខ្មែរ ក្រោមនិងខ្មែរកណ្តាលយើង ប្រមាណជា ៣០០គ្រួសារ ហើយរហូតដល់ឆ្នាំ២០១៤ ចំនួនបានថយ មកត្រឹម២០០គ្រួសារ នៃចំនួនពលរដ្ឋវៀតណាមសរុប ប្រហែល១០ម៉ឺននាក់។

កោះត្រល់មានទំហំប៉ុន្មាន?
រាប់សិបឆ្នាំមកហើយ ពលរដ្ឋខ្មែរតែងធ្វើការប្រៀបធៀប ផ្ទៃដីកោះមួយនេះ ទៅនឹងទំហំផ្ទៃក្រឡាទាំងមូល របស់ប្រទេសសឹង្ហបុរី។ កោះត្រល់ មានទំហំ៥៧៤គីឡូម៉ែត្រការ៉េ
និងមានប្រជាពលរដ្ឋ ជិត២០ម៉ឺននាក់ កំពុងរស់នៅបច្ចុប្បន្ន។ ដោយឡែកប្រទេសសឹង្ហបុរី មានទំហំ៧២១,៥គីឡូម៉ែត្រការ៉េ ហើយមានពលរដ្ឋ ជាង៥លាននាក់។ វៀតណាម បានបង្ហើបពីគម្រោងអភិវឌ្ឍកោះត្រល់ ឲ្យទៅជាសឹង្ហបុរីទី២ ប៉ុន្តែបើតាមការអង្កេត នាពេលបច្ចុប្បន្ននេះ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងលំនៅដ្ឋាន ស្កេសស្កាស ជាប់ដងផ្លូវ អាចធ្វើឱ្យមហិច្ចតា របស់វៀតណាម នៅឆ្ងាយ ឆ្ងាយដាច់កន្ទុយភ្នែក ពីសឹង្ហបុរី ។ មានព័ត៌មានក្រៅផ្លូវការ បានបង្ហើបថា ថ្នាក់ដឹកនាំវៀតណាម បានកោះប្រជុំមួយ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ នៅកន្លែងមួយ មិនឆ្ងាយប៉ុន្មាន ពីកោះត្រល់ ដើម្បីពិនិត្យលទ្ធភាព បង្វែរកោះត្រល់ ទៅជាតំបន់ស្វយ័ត ដែលអនុញ្ញាតិឱ្យបរទេស ចូលមកវិនិយោគ និងអភិវឌ្ឍ ឱ្យបានលឿនជាទីបំផុត។

វៀតណាម បានកោះត្រល់ ដោយវិធីណា នៅឆ្នាំណា?
ប្រវត្តិរឿងរ៉ាវពិត ជាវែងឆ្ងាយពិបាក នឹងរ៉ាយរ៉ាប់ឲ្យអស់សេចក្តី តែខ្ញុំព្យាយាម សង្ខេបឲ្យខ្លីថា ដោយសារតែបារាំង បានសម្រេចបែងចែក ដែនទឹករដ្ឋបាល គ្រប់គ្រងរវាងកម្ពុជា និងវៀតណាម នៅឆ្នាំ១៩៣៩ នោះហើយ ដែលជាដើមចម នៃការបាត់ទឹកដីកោះត្រល់ ឲ្យទៅវៀតណាម។ ពេលនោះខ្មែរយើង ស្ថិតនៅក្រោមអាណានិគមបារាំង នៅឡើយ។ អ្នកស្នេហាជាតិខ្មែរ ឬវីរៈជនខ្មែរជាច្រើនរូប ដូចជា អាចារ្យ ហែមចៀវ ពោធិ៍កំបោរ លោក ប៊ុណ្ណ ចន្ទម៉ុល ត្រូវបានបារាំង ចាប់និងយកដាក់ពន្ធនាគារ នៅគុកកោះត្រឡាច ដែលស្ថិតនៅប៉ែកខាងត្បូង ឈាងខាងកើត នៃព្រៃនគរ (ហូជីមិញ) ដោយសារតែការបះបោរ ប្រឆាំងនឹងបារាំង នៅជំនាន់នោះ។ កោះត្រឡាច យួន​ហៅថា “កូ​ង​ដាវ ​(Côn Đảo) ឬ កូ​ង​ស៊ើ​ង​ (Côn Sơn)” បារាំង​ហៅថា ពូ​លូ​កុង​ដ័​រ (Poulo Condor)។ អ្នកនយោបាយ និងថ្នាក់ដឹកនាំខ្មែរជាច្រើនរូប បានទាញហេតុផលរៀងៗខ្លួន ដើម្បីពន្យល់ថា មូលហេតុអ្វីបានជា កោះត្រល់ របូតទៅវៀតណាម ។ បញ្ហាទឹកដីនិងព្រំដែន មិនខុសពី ចម្រៀងមួយបទ ដែលតែងមិនចេះចប់នោះទេ វាជារឿងតភាគ វែងជាងរឿង “មួយពាន់មួយយប់” ដែលជជែកមិនចេះអស់ និងមិនចេះហើយ ។

ជម្លោះប្រវត្តិសាស្រ្ត៖ ហួសពេលហើយអូន!
ពលរដ្ឋខ្មែរដែលឈានជើង មកដល់កោះត្រល់ តែងជញ្ជក់មាត់ស្តាយក្រោយថា ហេតុអ្វីបានជាកោះខ្មែរយើង ធ្វើឲ្យធ្លាក់ទៅដៃវៀតណាម? ជម្លោះដែនដី និងដែនទឹក មិនមែនជារឿងថ្មីរបស់កម្ពុជា ហើយក៏មិនមែនជារឿងចម្លែក របស់ពិភពលោកដែរ។ រហូតមកទល់ពេលនេះ ប្រទេសជាច្រើន មិនថាជាប្រទេសតូចឬធំ ប្រទេសអ្នកមាន ឬក្រនោះឡើយ នៅតែជំពាក់វាក់វ័ន្ត ទៅនឹងជម្លោះដែនដី និងដែនកោះ ដែលពុំទាន់ដោះស្រាយ ដាច់ស្រេច ហើយប្រទេសខ្លះ ក៏ត្រូវបាត់បង់ដែនដីខ្លះ ឬបង្ខំចិត្តបោះបង់ចោល ដោយគ្មានការតវ៉ា ដោយសារតែហេតុផលថា វាហួសសមត្ថភាព នឹងដោះស្រាយ ឬពុំនោះទេ ត្រូវប្រមូលធនធានទាំងអស់ ដែលមានរួមទាំង ជីវិតពលរដ្ឋខ្លួនឯងផង ដើម្បីធ្វើសង្រ្គាមដណ្តើមយកដី ឬកោះមួយចំណែក ណានោះមកវិញ។ បែរមករឿងកោះត្រល់វិញ ឧបមាថាខ្មែរ នៅតែជាម្ចាស់ តើអាចមានមហាសេដ្ឋីខ្មែរយើងណាម្នាក់ យកមកអភិវឌ្ឍទ្រង់ទ្រាយធំ បានឬទេ? នៅពេលដែលកោះខ្មែរ ជិត៦០ទៀត ហាក់ដូចជាពុំទាន់ រកអ្នកវិនិយោគធំ ពិតប្រាកដ ប្រកបដោយទស្សនវិស័យ យូរអង្វែងនៅឡើយ ។ មហាសេដ្ឋីវៀតណាមមួយរូប ឈ្មោះ Phat Nhat Vuong ជាអ្នកជំនួញមួយរូប ដែលធ្លាប់រកស៊ីឈើ និងជំនួញផ្សេងៗទៀត ជាមួយឡាវ និងកម្ពុជា បានចំណាយទុនជាច្រើន លើការអភិវឌ្ឍ តំបន់ទេសចរច្រើនកន្លែង នៅវៀតណាម ធ្វើឱ្យពិភពលោក ស្គាល់ប្រទេសមួយនេះ កាន់តែច្រើន ដោយមិនត្រឹមតែ ធ្វើសណ្ឋាគារប្រណិតៗ លំដាប់ផ្កាយ៥ទេ តែអភិវឌ្ឍជាចង្កោម រៀបចំហេដ្ឋារចនាសម្ព័ន្ធ គ្រប់វិស័យ បង្កើតជាក្រុងទេសចរថ្មី និងជាកន្លែងដែលអាច ទទួលមេដឹកនាំពិភពលោក សម្រាប់កិច្ចប្រជុំធំៗបាន ដែលជាការជួយលើកមុខមាត់ របស់វៀតណាមទាំងមូល ។

យ៉ាងណាក៏ដោយចុះ ខ្ញុំគិតថាបើខ្មែរ អាចយកករណីកោះត្រល់ ជាចំណុចចាប់ផ្តើម ដើម្បីបង្វែរពីការឈឺចាប់ ឬការសោកស្តាយនេះ ទៅជាឆន្ទៈថ្មីមួយ ដើម្បីប្រែក្លាយកោះខ្មែរ ដែលនៅសេសសល់ ឲ្យទៅជាកោះឋានសួគ៍ កោះនៃក្តីស្រមៃ កោះនៃក្តីសុបិន ជាជាងស្រមៃ របស់ដែលបាត់ ហើយមិនអភិវឌ្ឍ របស់ដែលកំពុងមាន នៅក្នុងដៃ ៕

អត្ថបទនេះមិនឆ្លុះបញ្ចាំង នូវទស្សនៈនយោបាយ ឬប្រវត្តិសាស្រ្ត ដើម្បីបញ្ឆេះកំហឹងជាតិ និយមណាមួយឡើយ តែជាប្រភេទអត្ថបទ សម្រាប់ការស្វែងយល់ ពីដំណើរទស្សនកិច្ចទេសចរមួយ ទៅកាន់តំបន់ ដែលធ្លាប់មានប្រវត្តិពាក់ព័ន្ធ នឹងខ្មែរយើងតែប៉ុណ្ណោះ។ សូមប្រិយមិត្តអ្នកអាន មេត្តាអភ័យទោស បើការសរសេរនេះ មានការខ្វះចន្លោះ ឬលើសលួសហួសពីការពិត។
ដោយ៖ ពុយ គា

Facebook Comments

To Top