នយោបាយ

សម្តេ​ចតេជោ រំលឹកខួបទី៤៤ឆ្នាំ​ ជាថ្ងៃឈឺចាប់ ត្រូវពិការភាពភ្នែកខាងឆ្វេង ១៦ មេសា ១៩៧៥-២០១៩

ភ្នំពេញ៖ ថ្ងៃទី១៦ មេសា​ ឆ្នាំ២០១៩នេះ ជាថ្ងៃខួបទី៤៤ឆ្នាំ (១៦ មេសា ១៩៧៥-២០១៩) នៃការបាត់បង់កែវភ្នែកខាងឆ្វេង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តេចបានរំលឹក នូវការឈឺចាប់ ក្នុងអំឡុងពេលត្រូវរបួស ត្រូវគ្រូពេទ្យវះយកកែវភ្នែកចេញ ដែលនេះហើយជាយុវជន ក្នុងសម័យសង្គ្រាម ខ្លះពលីជីវិត ខ្លះដាច់ដៃដាច់ជើង និងខ្លះពិការភ្នែក ។

យោងតាមសារ លើបណ្តាញសង្គមហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា “ថ្ងៃ ១៦ មេសា នេះ ជាខួបលើកទី៤៤ឆ្នាំ នៃការធ្លាក់ខ្លួនពិការរបស់ខ្ញុំ (១៦ មេសា ១៩៧៥-១៦ មេសា២០១៩)។ តាំងពីពេលនោះមក ខ្ញុំមិនដែលនិយាយនឹងមិនមានសិទ្ធិនិយាយពាក្យ (រក្សាការពារដូចការពារប្រស្រីភ្នែក) ទៀតទេ ព្រោះខ្ញុំខ្លួនឯងបានបាត់បង់ ប្រស្រីភ្នែកឆ្វេងរួចទៅហើយ” ។

សម្តេចបានបន្តថា “ពិតជាឈឺខ្លាំងណាស់ នៅពេលដែលខ្ញុំត្រូវរបួស នឹងគ្រូពេទ្យបានវះយកកែវភ្នែកខ្ញុំចេញ។ នេះហើយជារសជាតិ នៃយុវជនក្នុងសម័យសង្គ្រាម ខ្លះពលីជីវិត ខ្លះដាច់ដៃដាច់ជើង និង ខ្លះពិការភ្នែក។ល។” ។

ក្នុងសាររំលឹកនូវការឈឺចាប់នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យជនរួមជាតិ ជួយការពារសន្តិភាព ដែលបានមកដោយលំបាក នឹងកុំអោយសង្រ្គាមកើតឡើងវិញ លើទឹកដីដ៏កំសត់មួយនេះ​ ជាថ្មីម្តងទៀតផងដែរ ។

ក្នុងនោះសម្តេចតេជោ បានសរសេរបន្ថែមថា “(លាហើយសង្គ្រាម ស្វាគមន៍ការអភិវឌ្ឍ)”៕

Facebook Comments

To Top