អន្តរជាតិ

រដ្ឋមន្រ្តីការបរទេសអាមេរិក ព្រមានគុយបា ចំពោះការបន្តគាំទ្រ ប្រធានាធិបតីម៉ាឌូរ៉ូ

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo កាលពីថ្ងៃព្រហស្បត្តិ៍ បានចាប់ផ្តើមដំណើរទស្សនកិច្ច នៅក្នុងប្រទេស អាមេរិកឡាទីន ជាមួយនឹងការផ្តោតអារម្មណ៍ ភ្ជាប់ស្ថាប័នពហុភាគី ដើម្បីដាក់សម្ពាធ គឺប្រធានាធិបតីប្រទេស វ៉េណេស៊ុយអេឡា គឺលោក នីកូឡាស់ ម៉ាឌូរ៉ូ និងរដ្ឋាភិបាលរបស់គាត់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង​ របស់លោក Pompeo និយាយកាលពីថ្ងៃអាទិត្យនៅទីក្រុង Cucuta ប្រទេស កូឡុំប៊ី ដែលមានព្រំប្រទល់ ជាប់ព្រំដែនប្រទេស វ៉េណេស៊ុយអេឡាថា «សហរដ្ឋអាមេរិកនឹងបន្ត ប្រើប្រាស់គ្រប់ចង្កោមសេដ្ឋកិច្ច និងមធ្យោបាយនយោបាយ តាមដែលអាចប្រើបាន ដើម្បីជួយដល់ប្រជាជន វ៉េណេស៊ុយអេឡា។ ការប្រើទណ្ឌកម្ម ដកហូតទិដ្ឋាការ និងមធ្យោបាយផ្សេងទៀតជាចង្កោម យើងសន្យាធ្វើបន្តទៀត ដើម្បីដាក់សម្ពាធទៅលើរបបនេះ ដែលត្រូវទទួលខុសត្រូវ ចំពោះអំពើពុករលួយរបស់ពួកគេ»។

បើតាមសារព័ត៌មានរ៉យទ័រ បានស្រង់សម្តីលោក Pompeoថា «អ្នកមើលពីការរឹតបន្តឹងនយោបាយ និងការទូត កាន់តែតឹងទៅៗនៅជុំវិញករបស់លោកម៉ាឌូរ៉ូហើយ។ គុយបាក៏ត្រូវតែយល់ផងដែរថា នឹងមានការខាតបង់ ដែលផ្សារភ្ជាប់ជាមួយ នឹងការបន្តគាំទ្រលើលោក ម៉ាឌូរ៉ូ ហើយយើងនឹងនិយាយដូចគ្នា ជាមួយរុស្ស៊ីមួយទៀត »។

សូមជម្រាបថា កាលពីមុននេះ អនុប្រធានាធិបតីអាមេរិកលោក Mike Penceបាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងប្រកាសឆាប់ៗអំពីវិធានការថ្មី ប្រឆាំងនឹងប្រទេស គុយបាយ ដើម្បីជាការឆ្លើយតប ទៅនឹងអ្វីដែលរដ្ឋបាល របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចាត់ទុក “ឥទ្ធិពលដ៏គ្រោះថ្នាក់” ពីសំណាក់រដ្ឋាភិបាលទីក្រុង ឡាហាវ៉ា នៅ វ៉េណេស៊ុយអេឡា។

កាលពីខែមិថុនា ឆ្នាំ ២០១៧ លោក ត្រាំ បានដើរបញ្ច្រាស់ពីគោលនយោបាយ របស់ប្រធានាធិបតីអាមេរិកមុន គឺលោក បារ៉ាក់ អូបាម៉ា ដោយលោក ត្រាំ បានបោះបង់ចោលការព្យាយាម ដើម្បីធ្វើឱ្យទំនាក់ទំនង រវាងអាមេរិក និងគុយបា ជាប្រក្រតី ជាមួយគ្នាឡើងវិញ៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top