អន្តរជាតិ

ថៃ៖ ក្រពើ ៣៦ក្បាល រួចពីកសិដ្ឋាន អំឡុងពេលភ្លៀងធ្លាក់ខ្លាំង

បរទេស៖ សត្វក្រពើចំនួន ៣៦ក្បាល បានរួចចេញពីកសិដ្ឋានមួយកន្លែង ស្ថិតនៅស្រុក ផានំ ខេត្ត ស៊ូរ៉ាត់ ថានី ភាគខាងត្បូង ប្រទេសថៃ នៅយប់ថ្ងៃសៅរ៍ ចំពេលដែលមានភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែសំណាងល្អ សត្វក្រពើទាំងនោះ ត្រូវចាប់បានវិញទាំងអស់។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក វិឆាវុទ្ធ ជិនតូ អភិបាលខេត្ត ស៊ូរ៉ាត់ ថានី ថា មានសត្វក្រពើចំនួន ១០៨ក្បាល សុទ្ធតែក្រពើដែលមានអាយុជាង ១ឆ្នាំ ប្រវែងប្រហែល១ម៉ែត្រ។ ក្រពើទាំងនោះ បានហែលចេញពីកសិដ្ឋានចិញ្ចឹមក្រពើ ដែលដាក់ក្នុងស្រះចំនួន៣ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ Chaiyapruek Ketkaew អាយុ ៤៣ឆ្នាំ កាលពី២ខែមុន។

ក្រពើទាំងនោះ ត្រូវបានគេជឿជាក់ថា បានចេញពីស្រះទាំងនោះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលជាហេតុនាំឱ្យ កម្រិតទឹកឡើងខ្ពស់។

បន្ទាប់ពីដឹងថា មានសត្វក្រពើរួចពីស្រះហើយ ក្រុមបុគ្គលិក និងអ្នកស្ម័គ្រចិត្ត មកពីក្រុមសង្គ្រោះបន្ទាន់ ត្រូវបានដាក់ពង្រាយភ្លាមៗ ដើម្បីតាមចាប់ក្រពើទាំង៣៦ក្បាលនោះ។ នៅយប់ថ្ងៃភ្លៀងធ្លាក់ខ្លាំងដដែលនោះ ក្រុមការងារ បានចាប់បានក្រពើមកវិញ ៣៥ក្បាល ហើយមួយក្បាលទៀត ចាប់បាននៅព្រឹកថ្ងៃអាទិត្យ៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top