អន្តរជាតិ

ស្លាប់ ១៧៤នាក់ និងរបួស ១.៧២៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេល៣ថ្ងៃដំបូង សង្ក្រាន្តនៅថៃ

បរទេស៖ អំឡុងពេល៣ថ្ងៃ នៃការឈប់សម្រាករយៈពេលយូរ ឬថ្ងៃសង្ក្រាន្តនៅប្រទេសថៃ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១.៦៦៥ករណី បណ្តាលឱ្យស្លាប់ ១៧៤នាក់ និងរបួស ១.៧២៨នាក់ ទោះជាយ៉ាងណាក៏ដោយ ចំនួននេះ គឺបានធ្លាក់ចុះបើធៀបកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខរបស់អង្គការសុខភាពពិភពលោក។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ បានឱ្យដឹងថា តួលេខខាងលើនេះ គឺត្រូវបានបង្ហាញដោយខាងមជ្ឈមណ្ឌលសុវត្ថិភាពផ្លូវគោក ដោយបានកត់តា្រចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមេសា។ បើធៀបនឹងឆ្នាំ២០១៨ ចំនួននៃគ្រោះថ្នាក់ចរាចរណ៍ គឺបានធ្លាក់ចុះ ៩.៧១ភាគរយ ។ ចំពោះអ្នកស្លាប់វិញ គឺបានធ្លាក់ចុះ ១៧.១៤ភាគរយ និងអ្នករបួស ធ្លាក់ចុះ ៩.៤៨ភាគរយ។

ចំណែកមូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលសង្ក្រាន្ត៣ថ្ងៃដំបូង នៅក្នុងប្រទេសថៃនេះ ត្រូវបានគេរកឃើញថា បណ្តាលមកពីបើកបរក្នុងស្ថានភាពស្រវឹងច្រើនជាងគេ មាន ៣៨.០៨ភាគរយ បើកបរហួសល្បឿនកំណត់ ២៧.៥១ភាគរយ រួមទាំងកត្តាផ្សេងៗទៀត៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top